ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​រឿង​ប្លែកៗ ! ធនធាន​រ៉ែ​របស់​ជាតិ បែរជា​នាំគ្នា​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្ម​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​បុរស​ខ្លាំង​

​ជា​រឿង​កាលពី​ជិត​៧​ឆ្នាំមុន ប៉ុន្តែ​វា​ជា​រឿង​ប្លែកៗ​គួរតែ​លើកយក​មក​និយាយ​ក្នុងន័យ​រំលឹក​ឡើងវិញ​ទុកជា​ការហួសចិត្ត​ឥតឧបមា ។ រឿង​ប្លែកៗ​នោះ គឺ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១០​កន្លងទៅ ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ណឹ​ម ម៉េង គ្រុប ខូ​អិ​ល​ធី​ឌី «NIM MENG GROUP Co.,Ltd.» តំណាង​ដោយ​លោកស្រី ឡាយ ស៊ី​នាង ណឹ​ម ម៉េង ជា​អគ្គនាយិកា​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហុង ទុង តំណាង​ដោយ​លោក ធិ​ន តុង​ហ្គ័​រ ជា​នាយក​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្តឡើង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ខេត្តកណ្តាល​) ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អតីត​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្តម សួន សិទ្ធី អតីត​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ជា​សំណួរ​ទាំង​ងឿងឆ្ងល់​ថា គោលបំណង​របស់​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប និង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហុង ទុង គឺ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ហេតុអ្វី​ក្រុមហ៊ុន​ទាំងពីរ​នេះ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផង បែរជា​នាំគ្នា​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទៅវិញ ឬមួយ​ចង់​សំដៅថា ធនធាន​រ៉ែ​ដែល​ត្រូវធ្វើ​អាជីវកម្ម​នោះ ជា​សម្បត្តិ​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទេ​ដឹង ? 

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​មតិយោបល់​ថា ពិធី​ចុះ​កិច្ចព្រមព្រៀង​រុករក ឬ​ធ្វើ​អាជីវកម្ម​រ៉ែ ជា​ធនធានធម្មជាតិរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​រវាង​រដ្ឋ និង​ក្រុមហ៊ុន​ក្តី ឬ​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក្តី​ដែល​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល គួរ​ត្រូវបានធ្វើ​នៅ​ទីតាំង​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​របស់​រដ្ឋ ជាអាទិ៍ ៖ ទីស្តីការគណៈរដ្ឋមន្ត្រី ឬ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល (​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​) ឬមួយ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តែម្តង​ក៏បាន មិនមែន​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី ប្រៀប​ដូច​រ៉ែ​ដែល​ត្រូវ​ជ្វើ​អាជីវកម្ម​ជា​កម្មសិទ្ធិ​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស​នាយករដ្ឋមន្ត្រី​នោះឡើយ ។​

​គួរ​រំលឹក​ជូន​ថា ថ្វី​ដ្បិត​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប «NIM MENG GROUP Co.,Ltd.» មាន​លោកស្រី ឡាយ ស៊ី​នាង ណឹ​ម ម៉េង ជា​ភរិយា​របស់លោក ណឹ​ម ម៉េង ឈរឈ្មោះ​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ក៏ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​លោក ណឹ​ម ម៉េង ជា​ជំហរ​ទាំងស្រុង ខណៈ​លោក ណឹ​ម ម៉េង គឺជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៣២៥០៥ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ម្នាក់ (​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១១/៦៦៩ ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១១) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.