ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

​វគ្គ​ស្វែងរក​យុត្តិធម៌ ! «​មន្ទីរពេទ្យ​ជប៉ុន​» ទទួលរង​ការប្តឹង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ក្នុង​រឿង​ស្ត្រី​សម្រាលកូន​ស្លាប់​ទាំង​កូន​ទាំង​ម្តាយ 

​មិន​ត្រឹម​មិនអាច​សង្គ្រោះ​អាយុជីវិត​ទារក​ក្នុង​ផ្ទៃ​បានទេ សូម្បី​អាយុជីវិត​ម្តាយ​ក៏​មិនអាច​មានលទ្ធភាព​សង្គ្រោះ​បានដែរ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ឈា សារិន អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កម្មការិនី មក​សម្រាលកូន​ទី​៣ នៅ​មន្ទីរពេទ្យ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ហៅ «​មន្ទីរពេទ្យ​ជប៉ុន​» ឋិត​នៅ​ផ្លូវ​លេខ​៤៧ (​ផ្លូវ​ប្រទេស​បារាំង​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ខាងជើង​វត្តភ្នំ​) ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ទាំង​កូន ទាំង​ម្តាយ ដ៏​គួរ​ឲ្យ​សោកស្តាយ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ បន្សល់ទុក​នូវ​កូនតូចៗ​ចំនួន​២​នាក់ ម្នាក់​អាយុ​៩​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​៦​ឆ្នាំ កំព្រាម្តាយ​ទាំង​វ័យក្មេង​មិនទាន់​យល់​សេចក្តី ។​

​ក្រោយពី​រៀបចំ​បុណ្យសព​ប្រពន្ធ​រួចរាល់​ហើយ លោក ជូ ភា​រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​សហជីព ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈា សារិន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល បានដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ដោយ​ប្តឹង​គណៈ​អភិបាល​គ្រប់គ្រង «​មន្ទីរពេទ្យ​ជប៉ុន​» ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ទាំងមូល ។​

​ពាក្យបណ្តឹង​របស់លោក ជូ ភា​រ៉ា ដែលជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​សំណូមពរ​ឲ្យ​មានការ​ផ្តន្ទាទោស​ទៅលើ​រូបវន្តបុគ្គល និង​នីតិបុគ្គល​ដែល​បាន​ប្រព្រឹត្តល្មើស​តាម​នីតិវិធី​នៃ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០០​លាន​រៀល ទុក​សម្រាប់​ចិញ្ចឹម​បីបាច់​ថែរក្សា និង​ការសិក្សា​រៀនសូត្រ​របស់​កូនតូចៗ ចំនួន​២​នាក់ ដែល​កំព្រាម្តាយ​ទាំង​អយុត្តិធម៌ ។​

​លោក ជូ ភា​រ៉ា បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន​ថា ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ រូបលោក និង​ក្រុមគ្រួសារ​បាន​បញ្ជូន​ប្រពន្ធ​របស់លោក​ឈ្មោះ ឈា សារិន មក​សម្រាលកូន​ទី​៣​នៅ​មន្ទីរពេទ្យ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ហៅ «​មន្ទីរពេទ្យ​ជប៉ុន​» ។ ក្រោយពេល​បំពេញ​ឯកសារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) រួចហើយ គ្រូពេទ្យ​នៅ​ទីនោះ​ក៏បាន​បញ្ជូន​ប្រពន្ធ​របស់លោក​ទៅ​សម្រាក​នៅ​បន្ទប់​លេខ​២០៤ គ្រែ​លេខ​៥ ជាន់​ទី​២ រួច​ក៏​ចាត់ចែង​ពិនិត្យ​ឆ្លុះ​អេកូ​សាស្ត្រ ដោយ​គ្រូពេទ្យ​ពិនិត្យ​បាន​ប្រាប់​ឲ្យ​ដឹងថា «​ម្តាយ​មាន​សុខភាព​ល្អ ទាំង​កូន​ក្នុង​ផ្ទៃ​ក៏មាន​សុខភាព​ល្អ​» ។ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល គ្រូពេទ្យ​ក៏បាន​មក​ពិនិត្យ​ផ្ទៃពោះ និង​ចាក់​ថ្នាំ​ឲ្យ​ប្រពន្ធ​របស់លោក​នៅ​បន្ទប់​លេខ​២០៤ ជាធម្មតា ។ 

​ពាក្យបណ្តឹង​បាន​រៀបរាប់​បន្តទៀតថា ៖ លុះ​ឈានដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ «​ក្រោយពេល​សម្រាក​បាន​មួយ​យប់​» នៅវេលា​ម៉ោង​ប្រមាណ​១៦​ល្ងាច ខណៈ​ប្រពន្ធ​របស់លោក​កំពុង​ឈឺពោះ គ្រូពេទ្យ​ក៏បាន​មក​ពិនិត្យ​ផ្ទៃពោះ​ហើយ​បាន​ប្រាប់​ឲ្យ​ដឹងថា ម៉ោង​ប្រហែល​១៨​ល្ងាច​ទើប​ប្រពន្ធ​របស់លោក​អាច​សម្រាលកូន​រួច ដោយមាន​សុខភាព​ល្អ​ទេ ។ បន្ទាប់មក គ្រូពេទ្យ​ក៏បាន​បញ្ជូន​ប្រពន្ធ​របស់លោក​ទៅ​បន្ទប់​សម្រាល​នៅ​ចំពោះមុខ​វត្តមាន​គ្រូពេទ្យ​ក្មេងៗ​ប្រមាណ​ពី​៤​នាក់​ទៅ​៥​នាក់ (​សង្ស័យ​គ្រូពេទ្យ​កម្មសិក្សា​) និង​ខណៈនោះ មាន​គ្រូពេទ្យ​ម្នាក់​វ័យ​ចំណាស់​ជាងគេ​បាន​ពាក់​ស្រោមដៃ​លូក​ទ្វារមាស​ប្រពន្ធ​របស់លោក​បណ្តាល​ឲ្យ​បែក​ទឹកភ្លោះ និង​ធ្លាក់ឈាម​យ៉ាងច្រើន ដោយ​ប្រពន្ធ​របស់លោក​បាន​ប្រាប់ត​បម​កលោក​ថា «​ងងឹតមុខ​ណាស់​» ហើយ​គ្រូពេទ្យ​នោះ​ក៏​ចេញ​បាត់ទៅ ។ ស្រប​ពេលដែល​ប្រពន្ធ​របស់លោក​មាន​ស្ថានភាព​ធ្លាក់ឈាម​ច្រើន​បែបនេះ គ្រូពេទ្យ​ក៏បាន​បញ្ជូន​ប្រពន្ធ​របស់លោក​ចូលទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់​បញ្ចូល​អុកស៊ីហ្សែន តែ​ពេលនោះ ខ្សែ​អុកស៊ីហ្សែន​ក៏​ដាច់​មួយ​ចំហៀង​ទៀត​រក​មិនឃើញ និង​គ្រូពេទ្យ​ក្មេងៗ​យក​ថ្នាំ​មកចាក់​ក៏​ច្រឡំ​ថ្នាំ​ទៀត ជាមួយនឹង​ការបន្ទោស​គ្នា​ទៅវិញទៅមក​ក្នុង​រង្វង់​សមាសភាព​គ្រូពេទ្យ ។ រយៈពេល​ប្រមាណ​៣០​នាទី​ក្រោយ ទើប​ឃើញ​គ្រូពេទ្យ​ពាក់​ឯកសណ្ឋាន​ផ្សេង (​ទំនងជា​គ្រូពេទ្យ​មាន​ឋានៈ​ធំ​) មកដល់ និង​បញ្ជាក់​ប្រាប់ថា ប្រពន្ធ​របស់លោក​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយៗ​ឲ្យ​រូបលោក​បំពេញបែបបទ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ចុះ ។ ខណៈនោះ​ដែរ ឪពុកក្មេក​របស់លោក​ក៏បាន​សាកសួរ​ទៅកាន់​គ្រូពេទ្យ​ទាំង​អារម្មណ៍​រន្ធត់​តក់ស្លុត​បំផុត​ថា «​តើ​កូន​របស់ខ្ញុំ រួមទាំង​ចៅ​ស្លាប់​ក្នុង​ពោះ​ម្តាយ​មកពី​មូលហេតុ​អ្វី ? » បែរជា​គ្រូពេទ្យ​ឆ្លើយតប​វិញ​ថា «​មាន​មេរោគ​នៅក្នុង​ទឹកភ្លោះ ទោះ​នៅ​អាមេរិក​ក៏​មើល​មិនជា​ដែរ​» ។ 

​លោក ជូ ភា​រ៉ា ក៏បាន​បញ្ជាក់​នៅក្នុង​ពាក្យបណ្តឹង​របស់លោក​ផងដែរ​ថា មុនពេល​រូបលោក និង​ក្រុមគ្រួសារ​សម្រេច​បញ្ជូន​ប្រពន្ធ​របស់លោក​មក​សម្រាក​កូន​ទី​៣​នៅ «​មន្ទីរពេទ្យ​ជប៉ុន​» នេះ គឺ​បាន​ពិនិត្យ​ផ្ទៃពោះ​ជា​ទៀត​ទាត់ និង​បាន​ឆ្លុះ​ពិនិត្យ​អេកូ​សាស្ត្រ​ចំនួន​២​លើក ដោយ​លទ្ធផល​បញ្ជាក់ថា ទាំង​ម្តាយ ទាំង​កូន​មាន​សុខភាព​ល្អជា​ធម្មតា​ទាំងអស់ (​លើក​ទី​១​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ និង​លើក​ទី​២​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៧) ។ លោក យល់ឃើញថា អំពើ​របស់​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​កុមារ និង​ទារក ហៅ «​មន្ទីរពេទ្យ​ជប៉ុន​» ដែល​បានធ្វើ​មកលើ​ប្រពន្ធ​របស់លោក​បែបនេះ គឺជា​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា កើតចេញពី​ការមិន​ប្រុងប្រយ័ត្ន ធ្វេសប្រហែស ឬ​ការ​ខ្ជីខ្ជា​សុទ្ធសាធ ។​

​ជាការ​រៀបរាប់​ចុងក្រោយ​ប្រាប់​សារព័ត៌មាន​ដើមត្នោត លោក ជូ ភា​រ៉ា បាន​សំណូមពរ​ចំពោះ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ប្រកបដោយ​គតិ​បណ្ឌិត ឈានទៅ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់ និង​ផ្តន្ទាទោស​ជន​ប្រព្រឹត្តល្មើស​តាម​នីតិវិធី​នៃ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​របស់លោក​ទាំង​មូល​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.