ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

​ប៉ូលិស​ច្រកទ្វារព្រំដែន «​ពាក់​ស័ក្តិ​៥» ម្នាក់​ដែល​ល្បីល្បាញ​ខាង​រង​ការ​រិះគន់ថា ពុករលួយ និង​ត្រូវជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង បាន «​ពាក់​ផ្កាយ​១» ហើយ 

​អតីត​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​បច្ចុប្បន្ន​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ខេត្តបាត់ដំបង (​ប៉ូលិសអន្តោប្រវេសន៍​) ដែល​ពាក់​ស័ក្តិ​៥ (​វរសេនីយ៍ឯក​) និង​ត្រូវជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ម្នាក់​ដែល​ល្បីល្បាញ​ខាង​ទទួលរង​ការ​រិះគន់ថា ប្រព្រឹត្ត​ពុករលួយ​យកលុយ​ពី​ការធ្វើ​ប័ណ្ណឆ្លងដែន (Border Pass) របស់​ពលករ​ខ្មែរ​ចំណាក​ប្រទេស​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ គឺ​លោក​ស័ក្តិ​៥ សៅ ប៊ុន​រិ​ទ្ធ នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​៣៤១០៦ ឥឡូវនេះ​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៤៥១ ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៧ ។ 

​មិន​ខុសពី​កាល​នៅ​កាន់តំណែង​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ប៉ុន្មាន​ឡើយ គឺ​ពេល​មកកាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ខេត្តបាត់ដំបង​នោះ លោក​ស័ក្តិ​៥ សៅ ប៊ុន​រិ​ទ្ធ ដែល​ល្បី​ខាង​មាន​ចរិត​ក្រអឺតក្រទម បានទទួល​រង​នូវ​ការចោទប្រកាន់ថា ប្រព្រឹត្ត​អំពើពុករលួយ​ពី​ការ​យកលុយ​ធ្វើ​ប័ណ្ណឆ្លងដែន (Border Pass) របស់​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ប្រទេស​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខ្ពស់​ហួស​កម្រិត​រហូតដល់​ជាង​ទ្វេដង​បើ​ធៀប​ទៅនឹង​តម្លៃ​កំណត់ដោយ​រាជរដ្ឋាភិបាល​ចំនួន​២​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ។ ក្រៅពី​ថ្លៃ​សេវា​រូបថត​ចំនួន​៥៥​បាត (​លុយ​ថៃ​) និង​ថ្លៃ​បំពេញបែបបទ​លើ​ឯកសារ​ផ្សេងៗ​ចំនួន​២០​បាត​ទៀត គឺ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ដែល​ធ្វើ​ចំណាក​ប្រទេស​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវបាន​ប៉ូលិស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ខេត្តបាត់ដំបង​កំណត់​យកលុយ​ពី​៣៥០​បាត ទៅ​៤៥០​បាត ឬ​គិត​ជា​លុយ​ខ្មែរ​ប្រមាណ​ពី​៥​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ខណៈ​ការបន្ត​សុពលភាព​ប័ណ្ណ​ត្រឹម​០៧​ថ្ងៃ​ត្រូវ​បង់ប្រាក់​ចំនួន​៧០​បាត ។ រីឯ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ផ្សេងៗ​ទៀត ក៏​អាចធ្វើ​ប័ណ្ណឆ្លងដែន​បានដែរ តែ​ត្រូវ​បង់ប្រាក់​ប្រមាណ​ចាប់ពី​១ ០០០​បាត (​ឬ​ស្មើនឹង​ប្រមាណ​ចាប់ពី​១៤​ម៉ឺន​រៀល​) ក្នុង​ម្នាក់ៗ​ឡើងទៅ ។ នេះ​មិនទាន់​និយាយ​ដល់​ផលប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​ទទួលបាន​ពី​ការបិទ​ភ្នែក​បណ្តែតបណ្តោយ​ឲ្យ​មាន​ចរាចរណ៍​ទំនិញគេចពន្ធ​ផង ។​

​លោក សៅ ប៊ុន​រិ​ទ្ធ នាយ​នគរបាល​ជាន់ខ្ពស់​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ អត្តលេខ​៣៤១០៦ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៦៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៣ ។ 

​ក្រោយមក លោក​ស័ក្តិ​៥ សៅ ប៊ុន​រិ​ទ្ធ ក៏​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន (​មិន​យកប្រាក់​បៀវត្សរ៍​) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១៧៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ។ ឱកាស​ទទួលបាន​តួនាទី​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្ថែម​លើ​មុខងារ​ប​ច្ច​ប្បន្ន​ដូចនេះ បានធ្វើ​ឲ្យ​ឥទ្ធិពល​អំណាច​របស់លោក​ស័ក្តិ​៥ សៅ ប៊ុន​រិ​ទ្ធ កាន់តែ​កើនឡើង​ទ្វេដង​ក្នុងការ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាម​គ្រប់​រូបភាព​ដោយ​ឥត​ញញើតញញើម​អ្វី​ឡើយ រហូតដល់​បាន​ឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) តែម្តង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.