ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

​ថា​មិនបាន ស្មាន​មិនត្រូវ ! កូរ៉េខាងជើង​អាច​នឹង​ក្លាយជា​ម្ចាស់​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) នៅ​ឧបទ្វីប​កូរ៉េ​

​ទណ្ឌកម្ម​របស់​មហាអំណាច​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មកលើ​ប្រទេស​កូរ៉េខាងជើង មិនមែន​ទើប​កើត​ឡើងជា​លើក​ទី​១ ឬ​ថ្មីៗ​នេះ​ទេ គឺ​បាន​កើតមានឡើង​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រទេស​កូរ៉េខាងជើង​នៅតែ «​មិន​ញ៉ម​» និង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) របស់ខ្លួន​ជា​លំដាប់ រហូត​ទទួលបាន​ជោគជ័យ​ជា​ជំហានៗ​នៅក្រោម​ជំហរ​មិន​ច្បាស់លាស់​របស់​មហាអំណាច​ចិន និង​មហាអំណាច​រុស្ស៊ី​ដែលថា «​មិន​គាំទ្រ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​» ។​

Dtn7.com Photos's photo.

​មិន​ត្រឹមតែ​ទណ្ឌកម្ម​ទេ សូម្បី​ការគំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​មហាអំណាច​អាមេរិក ជាអាទិ៍ ៖ ការបញ្ជូន​យន្តហោះ​ចម្បាំង យន្តហោះ​ស៊ើប​ការ យន្តហោះ​ទម្លាក់​គ្រាប់បែក នាវាចម្បាំង នាវាមុជទឹក​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​…​ចូលមក​ឧបទ្វីប​កូរ៉េ​ក៏ដោយ ក៏​ប្រទេស​កូរ៉េខាងជើង​ហាក់ «​មិន​ញញើត​» ឡើយ ហើយ​បែរជា​គំរាម​បក​ទៅលើ​សហរដ្ឋអាមេរិក​វិញ​ថែមទៀត ។ 

Dtn7.com Photos's photo.

​ទាំង​ការ​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ ទាំង​ការ​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) គឺ​កូរ៉េខាងជើង​បាន​ប្រព្រឹត្ត​ជា​បន្តបន្ទាប់​ច្រើនលើកច្រើនសា ។ ជាក់ស្តែង​ការបាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ធុន Hwasong-14 ឬ​ហៅថា «KN-08» ប្រទេស​កូរ៉េខាងជើង​បាន​ដំណើរការ​អស់​ចំនួន​៣​លើក​រហូតដល់​លើក​ទី​៣​នា​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​ទទួលបាន​លទ្ធផល​ជោគជ័យ (​លើក​ទី​១​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦​បរាជ័យ និង​លើក​ទី​២​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​បរាជ័យ​) ។ 

Dtn7.com Photos's photo.

​ភាពជោគជ័យ​នៃ​ការ​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន Hwasong-14 ឬ​ហៅថា «KN-08» ដែល​បាន​បាញ់​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Panghyon កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​មី​ស៊ី​លអាច​ហោះ​បាន​ក្នុង​រយៈកម្ពស់​ជិត​៣ ០០០​គីឡូម៉ែត្រ និង​រយៈ​ចម្ងាយ​ជិត​១ ០០០​គីឡូម៉ែត្រ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ជប៉ុន​នោះ អាច​ចាត់ទុកថា មិនមែនជា​លើកចុងក្រោយ​ទេ គឺអាច​មានការ​អភិវឌ្ឍ​នៅ​អាវុធ​មី​ស៊ី​ល​ប្រភេទ​នេះ​បន្ថែមទៀត ពីព្រោះ​មី​ស៊ី​ល​ធុន Hwasong-14 ជា​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) ដែលមាន​កម្រិត​ប្រតិបត្តិការ​ពីរ​ប្រភេទ (​ពី​១ ៥០០​គីឡូម៉ែត្រ ទៅ​៦ ០០០​គីឡូម៉ែត្រ និង​ពី​៣ ០០០​គីឡូម៉ែត្រ ទៅ​១២ ០០០​គីឡូម៉ែត្រ​) ។ 

Dtn7.com Photos's photo.

​មន្ត្រី​អ្នកឯកទេស​សព្វាវុធ និង​យុទ្ធសាស្ត្រ​យោធា​សហរដ្ឋអាមេរិក​បានបញ្ជាក់​អះអាង​ឲ្យ​ដឹងថា នៅ​ថ្ងៃ​អនាគត​ខាងមុខ​ឆាប់ៗ ប្រសិនបើ​ប្រទេស​កូរ៉េខាងជើង​មិន​បោះបង់​កម្មវិធី​ទំនើបកម្ម​អាវុធ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​ចោល​ទេនោះ គឺ​មី​ស៊ី​ល​ធុន Hwasong-14 របស់​កូរ៉េខាងជើង​មិន​ត្រឹម​អាច​បាញ់​ដល់​មូលដ្ឋានទ័ព​អាមេរិក Guam នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បាញ់​ដល់​មូលដ្ឋានទ័ព​អាមេរិក​នៅ Alaska និង Hawaii ទៀតផង ។​

Dtn7.com Photos's photo.

​ដូច្នេះ ថា​មិនបាន ស្មាន​មិនត្រូវ គឺ​ប្រទេស​កូរ៉េខាងជើង​របស់​មេដឹកនាំ​វ័យក្មេង Kim Jong-un នឹង​អាច​ក្លាយជា​ម្ចាស់​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) នៅ​ឧបទ្វីប​កូរ៉េ​ជាក់​ជាមិនខាន ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.