ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

​ដល់ពេល CPP ត្រូវ​ព្រួយ ! CNRP ចូលរួម​បោះឆ្នោត​ប្រកួតប្រជែង​ពីរលើក​ទាញ​សន្លឹកឆ្នោត CPP ឲ្យ​ធ្លាក់ចុះ​យ៉ាងគំហុក​

​គិត​មកដល់​ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជា​គណបក្សនយោបាយ​ប្រឆាំង​តែមួយគត់​នៅ​កម្ពុជា ដែល​កើតចេញពី​ការរួម​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី (​អតីត​លោក សម រង្ស៊ី ជា​ប្រធាន​) និង​គណបក្ស​សិទ្ធិមនុស្ស (​អតីត​លោក កឹម សុខា ជា​ប្រធាន​) បាន​ចូលរួម​បោះឆ្នោត​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ជិត​៤០​ឆ្នាំ មានទ្រព្យ​សម្បត្តិ​មហាសាល និង​មាន​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​ពីលើ​ដល់​ក្រោម​នៅ​កម្ពុជា​ចំនួន​ពីរលើក​ហើយ គឺ​លើក​ទី​១​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដោយ​លទ្ធផល​ឆ្នោត​ទទួលបាន គឺ​ទាញ​ទម្លាក់​សន្លឹកឆ្នោត​គាំទ្រ CPP ឲ្យ​ធ្លាក់ចុះ​យ៉ាងគំហុក ដូច​មាន​ព័ស្តុតាង​បង្ហាញ​ខាងក្រោម ៖

I-​ប្រៀបធៀប​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ និង​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ៖

១-​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ៖ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣ ៤៩២ ៣៧៤​សំឡេង និង​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​៩០​អាសនៈ ។ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣ ២៣៥ ៩៦៩​សំឡេង និង​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​៦៨​អាសនៈ ។ មានន័យថា បើ​ប្រៀបធៀប​រវាង​នីតិកាល​ទី​៥ និង​នីតិកាល​ទី​៤ គឺ​បាត់បង់​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២៥៦ ៤០៥​សំឡេង និង​បាត់បង់​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​២២​អាសនៈ ។ 

២-​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ៖ នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ មិនទាន់មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទេ ប៉ុន្តែ​ដោយសារ CNRP កើតចេញពី​គារ​រួម​ច្របាច់​ប​ញ្ជូ​ល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ គឺ​ត្រូវ​លើកយក​លទ្ធផល​ឆ្នោត​សរុប​របស់​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បូ​កប​ញ្ជូ​ល​គ្នា​មក​និយាយ ។ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ លទ្ធផល​ឆ្នោត​បូករួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១ ៧១៤ ៥៣០​សំឡេង និង​ទទួលបាន​អាសនៈ​សរុប​នៅក្នុង​រដ្ឋសភា​ចំនួន​២៩​អាសនៈ ។ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ CNRP ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២ ៩៤៦ ១៧៦​សំឡេង និង​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​៥៥​អាសនៈ ។ មានន័យថា បើ​ប្រៀបធៀប​រវាង​នីតិកាល​ទី​៥ និង​នីតិកាល​ទី​៤ គឺ​កើន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១ ២៣១ ៦៤៦​សំឡេង និង​កើន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​២៦​អាសនៈ ។ 

II- ប្រៀបធៀប​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ និង​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ៖ 

១-​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ៖ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣ ៦៣១ ០៨២​សំឡេង , ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​៨ ២៩២ និង​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​សរុប​ចំនួន​១ ៥៩២ ។ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣ ៥៤០ ០៥៦​សំឡេង , ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​៦ ៥០៣ និង​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​សរុប​ចំនួន​១ ១៥៦ ។ មានន័យថា បើ​ប្រៀបធៀប​រវាង​អាណត្តិ​ទី​៤ និង​អាណត្តិ​ទី​៣ គឺ​បាត់បង់​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៩១ ០២៦​សំឡេង ,​បាត់បង់​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំងប្រទេស​ចំនួន​១ ៧៨៩ និង​បាត់បង់​អាសនៈ​មេឃុំ ចៅសង្កាត់​ទូទាំងប្រទេស​ចំនួន​៤៣៦ ។ 

២-​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ៖ នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ មិនទាន់មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទេ ដូច្នេះ​ត្រូវ​លើកយក​លទ្ធផល​ឆ្នោត​សរុប​របស់​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បូករួម​បញ្ចូល​គ្នា​មក​និយាយ ។ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ លទ្ធផល​រួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​សរុប​ចំនួន​១ ៧៤៧ ៥៣៤​សំឡេង , ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​២ ៩៥៥ និង​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​សរុប​ចំនួន​៤០ ។ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ CNRP ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៣ ០៥៦ ៨២៤​សំឡេង ,​ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​៥ ០០៧ និង​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​សរុប​ចំនួន​៤៨៩ ។ មានន័យថា បើ​ប្រៀបធៀប​រវាង​អាណត្តិ​ទី​៤ និង​អាណត្តិ​ទី​៣ គឺ​កើន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១ ៣០៩ ២៩០​សំឡេង ,​កើន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំងប្រទេស​ចំនួន​២ ០៥២ និង​កើន​អាសនៈ​មេឃុំ ចៅសង្កាត់​ទូទាំងប្រទេស​ចំនួន​៤៤៩ (​កើនឡើង​ជាង​១០​ដង​) ។​

​សរុបសេចក្តី​មក ឆ្លុះបញ្ចាំង​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ថ្វី​ដ្បិត​ទាំង​ចំនួន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំងប្រទេស ទាំង​ចំនួន​អាសនៈ​មេឃុំ ចៅសង្កាត់​ទូទាំងប្រទេស CNRP បាន​ចាញ់​ប្រៀប CPP ក៏ពិតមែន ប៉ុន្តែ​រូបភាព​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា សំឡេងឆ្នោត​គាំទ្រ​របស់ CNRP ទូទាំងប្រទេស​បាន​ឈាន​មកដល់​ខ្ទង់​ចំនួន​ជាង​៣​លាន​សំឡេង កៀក​កិត​នឹង CPP ហើយៗ អាច​នឹងមាន​លទ្ធភាព​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ដណ្តើមយក​អាសនៈ​នៅក្នុង​រដ្ឋសភា​ដែលមាន​ចំនួន​សរុប​១២៥​អាសនៈ​ជាមួយ CPP សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ (​មិន​និយាយ​ដល់​រឿងរ៉ាវ​ឧបសគ្គ​ជាច្រើន​ដែល CNRP បាន​ជួបប្រទះ​បង្កដោយ​ឥទ្ធិពល​អំណាច​របស់ CPP តាម​គ្រប់​រូបភាព​ដើម្បី​កម្ទេច ឬ​បំបែកបំបាក់ CNRP គ្រប់​ជំហាន​ផង​ទេ​) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.