ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​រឿង​ដែល​មហាអំណាច​មិន​ស្តាប់​គ្នា ! អាមេរិក​លក់​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ រីឯ​ចិន​បន្ត​សាងសង់​មូលដ្ឋាន​យោធា​នៅ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​ទោះបី​មហាអំណាច​ចិន​បានស្នើ​ទាមទារ​មិន​ឲ្យ​សហរដ្ឋអាមេរិក​លក់ស​ព្វា​វុ​ធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​យ៉ាងណាក៏ដោយ ក៏​មហាអំណាច​អាមេរិក​មិន​ខ្វល់​ឡើយ ហើយ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​គេហទំព័រ​សារព័ត៌មាន CNN កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​មាន​គម្រោង​លក់​សព្វាវុធ​ដែល​ក្នុងនោះ​មាន​អាវុធ​មី​ស៊ី​ល​វាយលុក និង​មី​ស៊ី​ល​សម្រាប់​បំពាក់​ឲ្យ​នាវាមុជទឹក​ផង​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​១,៤​ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ការលក់​សព្វាវុធ​លើកដំបូង​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ចាប់តាំងពី​លោក Donald Trump ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បានបញ្ជាក់​ឲ្យ​ដឹងថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​លើ​ការលក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ គឺជា​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន ក៏ដូចជា​ការ​កាត់ផ្តាច់​សេចក្តីទុកចិត្ត​ដែល​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក និង​ចិន​តាមរយៈ​ជំនួប​រវាង​លោក Donald Trump និង​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​រដ្ឋ Florida កាលពី​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ។​

​ដោយឡែក សម្រាប់​មហាអំណាច​ចិន​ឯណោះ​វិញ ទោះបី​មានការ​ហាមប្រាម​ផង និង​គំរាមកំហែង​ផង​ពី​សំណាក់​មហាអំណាច​អាមេរិក​យ៉ាងណាក៏ដោយ ក៏​មហាអំណាច​ចិន​មិន​រវល់​យកចិត្តទុកដាក់​ដែរ​លើ​ការសាងសង់​មូលដ្ឋាន​យោធា​ដ៏​រឹងមាំ​នៅលើ​កោះ​ឋិត​ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ។​

​របាយការណ៍​របស់​ស្ថាប័ន​តម្លាភាព​ដែនសមុទ្រ​អាស៊ី ( Asia Maritime Transparency Initiative ) ជា​ផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​ប្រមូល​ទិន្នន័យ​រូបភាព​តាមរយៈ​ផ្កាយរណប​បាន​ឲ្យ​ដឹងថា ចិន​នៅតែ​បន្ត​សាងសង់​មូលដ្ឋាន​យោធា​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross , Mischief និង Subi នៃ​ប្រជុំ​កោះ Spratly ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​កំពុងមាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន រួមមាន ប្រ៊ុយណេ ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​ផងដែរ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ទីតាំង​ដាក់​ដំឡើង​មី​ស៊ី​ល​របស់​ចិន​ចំនួន​៤​ថ្មី​ទៀត បន្ថែម​ពីលើ​ទីតាំង​មី​ស៊ី​ល​ចំនួន​៨​ដែលមាន​ស្រាប់​នៅលើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក ត្រូវបាន​ចិន​កំពុង​សាងសង់​យ៉ាង​មមាញឹក បើតាម​រូបភាព​បង្ហាញ​ដោយ​ផ្កាយរណប​ពីលើ​អាកាស ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.