ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​បានដៃ Kim Jong-un ហើយ ! ធនធាន​រ៉ែ​កូរ៉េខាងជើង​មានតម្លៃ​ដល់​ទៅ​ប្រមាណ​១០ ០០០​ពាន់​លាន​ដុល្លារ​ច្រើនជាង​កូរ៉េខាងត្បូង​២០​ដង អាចជា​ដើមទុន​កម្មវិធី​នុយក្លេអ៊ែរ 

​គេហទំព័រ Thenationalinterest បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា តាំងពី​ឆ្នាំ​២០១៦​មក ទីក្រុង Pyongyang តាម​បញ្ជា​របស់​មេដឹកនាំ​វ័យក្មេង Kim Jong-un បាន​បាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​គ្រាប់ និង​ច្រើនលើកច្រើនសា គឺមាន​ចំនួន​ច្រើនជាង​កាលសម័យ​គ្រប់គ្រង​អំណាច​របស់លោក Kim Jong-il ដែលជា​ឪពុក​របស់ខ្លួន​រយៈពេល​២៧​ឆ្នាំ​ទៅទៀត ខណៈ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ហាក់​មិនមាន​ប្រសិទ្ធភាព​ទៅលើ​ប្រទេស​កូរ៉េខាងជើង​ទាល់តែសោះ ។​

Dtn7.com Photos's photo.

​គេហទំព័រ Theguardian បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​របាយការណ៍​អ្នកឯកទេស​វិភាគ​កិច្ចការ​អន្តរជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា នៅក្រោម​បាត​ភ្នំ​របស់​ប្រទេស​កូរ៉េខាងជើង​មាន​ប្រភពធនធាន​រ៉ែ​ធម្មជាតិ​យ៉ាងច្រើន ជាអាទិ៍ រ៉ែ​មាស និង​រ៉ែ​ដែក ឋិត​នៅ​លំដាប់​ទី​២​បន្ទាប់ពី​ប្រទេស​ចិន រីឯ​ធនធាន​រ៉ែ​ប្រភេទ Wolframite ឈរ​នៅ​លំដាប់​ទី​៦​លើ​ពិភពលោក ។​

Dtn7.com Photos's photo.

​ប្រទេស​កូរ៉េខាងជើង​មិនបាន​ប្រកាស​ឲ្យ​ដឹង​អំពី​សក្តានុពល​នៃ​ធនធាន​រ៉ែ​ធម្មជាតិ​របស់ខ្លួន​ឡើយ ប៉ុន្តែ​ប្រភពពី Korea Resources បានធ្វើការ​ប៉ាន់​ស្មានថា ធនធាន​រ៉ែ​ធម្មជាតិ​របស់​ប្រទេស​កូរ៉េខាងជើង​អាចមាន​តម្លៃ​ប្រមាណ​៦ ០០០​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​រ៉ែ​ធម្មជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ធនធាន​រ៉ែ​ធម្មជាតិ​របស់​ប្រទេស​កូរ៉េខាងជើង​មានតម្លៃ​ប្រមាណ​១០ ០០០​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​ច្រើនជាង​ប្រទេស​កូរ៉េខាងត្បូង​រហូតដល់​ទៅ​២០​ដង ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជាមួយនឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ដែល​មិនសូវមាន​ប្រសិទ្ធភាព​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​នោះ ប្រទេស​កូរ៉េខាងជើង អាចមាន​លទ្ធភាព​លក់​សព្វាវុធ និង​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​រហូត​មាន​ដំណើការ​សេវាកម្ម​ភោជនីយដ្ឋាន​នៅ​បរទេស​ទៀតផង ។ របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ការពារជាតិ (C4ADS) បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ អាជ្ញាធរ​ប្រទេស​អេ​ហ្ស៊ី​ប​ធ្លាប់​ចាប់បាន​នាវា​ដឹកទំនិញ​របស់​ប្រទេស​កូរ៉េខាងជើង ដោយ​រកឃើញ​សព្វាវុធ​ច្រើន​ដើម និង​គ្រាប់បែក​ប្រឆាំង​រថក្រោះ​ប្រភេទ RPG-7 រហូតដល់​៣​ម៉ឺន​គ្រាប់​ឯណោះ ។​

Dtn7.com Photos's photo.

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍ និង​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​ធនធាន​រ៉ែ​ធម្មជាតិ​មហាសាល​របស់​ប្រទេស​កូរ៉េខាងជើង អាច​ផ្តល់​លទ្ធភាព​យ៉ាង​ធំ​ឲ្យ​ប្រទេសមួយ​នេះ​ពង្រីក​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ធំ​បន្តទៀត ដោយ​មិន​ខ្វល់ ឬ​ញញើត​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​សម្ព័ន្ធមិត្ត​អាមេរិក​ឡើយ ហើយ​ប្រទេស​កូរ៉េខាងជើង​ក៏​អាច​នឹង​បាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កម្រិត​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែមទៀត​នៅពេល​ខាងមុខ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.