ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

​រឿង​ដ៏​កម្រ ! តើ​ហេតុអ្វី​បានជា​ភរិយា​បុរស​ខ្លាំង​បោះបង់​ឈ្មោះ «​ប៊ុន សាម​ហ៊ាង​» អតីត​ជា​អ្នកជំនួញ​ដែល​ឪពុកម្តាយ​ដាក់​ឲ្យ​មិន​ស្តាយស្រណោះ​មក​ដាក់ឈ្មោះ​ថ្មី​ថា «​ប៊ុន រ៉ានី​» វិញ ?

​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ត្រូវជា​ភរិយា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិត​សភាចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (​ឈ្មោះ​សាមីខ្លួន​គឺ ប៊ុន រ៉ានី​) គឺជា​ឈ្មោះ​ថ្មី​ដែល​បាន​ប្តូរ​ពី​ឈ្មោះ​ចាស់​ថា «​ប៊ុន សាម​ហ៊ាង​- Bun Samheang»  អតីត​ជា​ពាណិជ្ជករ​មួយរូប​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​កម្ពុជា​តេ​លា (Kampuchea Tela Limited) ដោយ​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​០១០០០១០៩៨ ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៨ ។ ការផ្លាស់ប្តូរ ឬ​បោះបង់​ឈ្មោះ​ចាស់​ដែលជា​ឈ្មោះ​ឪពុកម្តាយ​ដាក់​ឲ្យ​មកជា​ឈ្មោះ​ថ្មី​របស់​ភរិយា​បុរស​ខ្លាំង​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​មានការ​ចាប់អារម្មណ៍​បំផុត ពីព្រោះ​វា​អាចជា​រឿង​កម្រ​មួយ និង​បង្កប់​ដោយ​អត្ថន័យ​ពិបាក​ស្មាន ។​

​នា​អំឡុង​ឆ្នាំ​១៩៩៩ លោកស្រី ប៊ុន សាម​ហ៊ាង កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​០១០០០១០៩៨ ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៨ ជា​ភរិយា​របស់​បុរស​ខ្លាំង​បានរួម​ដៃ​ជាមួយ​កូនស្រី​ដ៏​ក្មេងខ្ចី​របស់លោក​ស្រី​បង្កើត គឺ​លោកស្រី ហ៊ុន ម៉ា​ណា ព្រមទាំង​មាន​មនុស្ស​៦​នាក់​ផ្សេងទៀត​បាន​បង្កើត​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ «​ក្រុមហ៊ុន​កម្ពុជា​តេ​លា​- Kampuchea Tela Limited» ដោយមាន​ភាគហ៊ុន​សរុប​ចំនួន​១ ០០០​លាន​រៀល បែង​ចែកជា​១ ០០០​ភាគហ៊ុន ក្នុងនោះ​លោកស្រី ប៊ុន សាម​ហ៊ាង កាន់កាប់​ហ៊ុន​ចំនួន​២២០​ភាគហ៊ុន (​ពី​លេខ​០០០១​ដល់​លេខ​០២២០) ស្មើនឹង​ចំនួន​២២០​លាន​រៀល ដែលជា​ភាគហ៊ុន​ច្រើនជាងគេ ។​

​ក្រោយមក ខណៈ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​កម្ពុជា​តេ​លា​រីកចម្រើន​ខ្លាំង​រហូតទល់​សព្វថ្ងៃ​នោះ លោកស្រី ប៊ុន សាម​ហ៊ាង ក៏បាន​ដកខ្លួន​ថយ​ពី​សមាជិក​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផ្ទាល់ ហើយ​ក៏បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន​ថ្មី​មកជា «​ប៊ុន រ៉ានី​» វិញ ដោយ​បូក​បញ្ចូល​បន្ថែម​ទាំង​ឈ្មោះ​របស់​បុរស​ខ្លាំង​ជា​ស្វាមី​តាមបែប​បរទេស​ក្លាយជា​ឈ្មោះ «​ប៊ុន រ៉ានី ហ៊ុនសែន​» ។ មិន​ត្រឹមតែ​បាន​ប្តូរ​ឈ្មោះ​ថ្មី​ប៉ុណ្ណោះ​ទេ សូម្បី​ហត្ថលេខា​របស់លោក​ស្រី ប៊ុន សាម​ហ៊ាង ក៏បាន​ផ្លាស់ប្តូរ​ថ្មី​ដែរ​ពេល​មកកាន់​តំណែង​ក្នុង​ស្ថាប័ន​មនុស្សធម៌ (​កាកបាទក្រហមកម្ពុជា​) ។ លើកលែងតែ​ថ្ងៃ ខែ ឆ្នាំ​កំណើត របស់លោក​ស្រី ប៊ុន សាម​ហ៊ាង រហូត​មានឈ្មោះ​ថ្មី​ជា ប៊ុន រ៉ានី គឺ​មិនបាន​ផ្លាស់ប្តូរ​ទេ (​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៥៤) ។ 

​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ធ្វើ​បច្ចុប្បន្នភាព​ដល់​ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ គឺ​ភរិយា​របស់​បុរស​ខ្លាំង​បាន​ប្រើប្រាស់​ឈ្មោះ «​ប៊ុន រ៉ានី ហ៊ុនសែន​» ។ 

​លោកជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/៣១៩ ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១១ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី និង​ជា​ស្វាមី ព្រមទាំង​ឮថា បន្ត​ទទួលបាន​គោរមងារ​ជា «​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​» តាមរបៀប «​សេះ​ហោះ​» ឬ «​មិន​ផ្លូវការ​» ទៀតផង ពីព្រោះ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ប្រទាន​គោរមងារ​នេះ គឺ​មិនត្រូវ​បានធ្វើការ​បោះពុម្ព​ផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​ទេ ។​

​មិនទាន់​បានដឹង​ច្បាស់លាស់​ថា តើ​ការបោះបង់ ឬ​ផ្លាស់ប្តូរ​ឈ្មោះ​របស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពី​ឈ្មោះ​ដើម​ថា «​ប៊ុន សាម​ហ៊ាង​» នោះ​ប្រព្រឹត្តទៅ​តាមរបៀប​ណា​នៅឡើយ ។ 

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ការសម្រេច​បោះបង់ ឬ​ផ្លាស់ប្តូរ​ឈ្មោះ​កំណើត​ដែល​ឪពុកម្តាយ​ដាក់​ឲ្យ​មក​យកឈ្មោះ​ថ្មី​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ក្របខ័ណ្ឌ​សញ្ជាតិ​ដើម​ដដែល ឬ​តែមួយ គឺ​កម្រ​មាន​ណាស់ ។ ដូច្នេះ ករណី​លោកស្រី ប៊ុន សាម​ហ៊ាង សម្រេចចិត្ត​ប្តូរ​យកឈ្មោះ​ថ្មី​ថា «​ប៊ុន រ៉ានី​» ឬ «​ប៊ុន រ៉ានី ហ៊ុនសែន​» ដោយ​បោះបង់ចោល​ឈ្មោះ​កំណើត​ចាស់​ដែល​ឪពុកម្តាយ​ដាក់​ឲ្យ​ទាំង​មិន​ស្តាយស្រណោះ​នោះ ក្រៅពី​មាន​ហេតុផល «​ប្តូរ​យកឈ្មោះ​មាន​ហុងស៊ុយ​ខ្ពស់​» គឺអាច​ទំនង​បង្កប់​ជាមួយ​នូវ​ហេតុផល​ដើម្បី «​រលាស់​ខ្លួន​» ពី​ការ​ប្រឡាក់ប្រឡូស​ឈ្មោះ​ក្នុង​មុខរបរ​ជំនួញ​ដោយផ្ទាល់​ពី​អតីតកាល ដោយ​ត្រឹម​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ចាត់ចែង​ជំនួស​ជាការ​ស្រេច ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.