បន្ទាប់ពីជាប់ឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំក្នុងសំណុំរឿង «ឆ្លើយដាក់» របស់ «ស្ត្រីចិត្តមិនទៀង» ម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលល្បីបែកធ្លាយថា ជាស្រីកំណាន់របស់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនោះ គឺឯកឧត្តម នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប-NEC) និងមន្ត្រីអង្គការសិទ្ធិមនុស្ស ADHOC ចំនួន៤នាក់ទៀត រួមមាន ៖ លោក នី សុខា ,លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ហៅស្រីទូច ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យដោះលែងនៅក្រៅឃុំបណ្តោះអាសន្នហើយ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ។
គួររំលឹកជូនថា ក្រោមទម្ងន់នៃការកសាងសំណុំរឿងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធាន ពាក់ព័ន្ធនឹងការ «ឆ្លើយដាក់» របស់ «ស្ត្រីចិត្តមិនទៀង» ម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ គឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ឯកឧត្តម នី ចរិយា អគ្គលេខាធិការរង NEC និងមន្ត្រីអង្គការសិទ្ធិមនុស្ស ADHOC ចំនួន៤នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី (ចំពោះឯកឧត្តម នី ចរិយា) និងពីបទសូកប៉ាន់សាក្សី (ចំពោះមន្ត្រី ADHOC ទាំង៤) ។
គេមិនអាចប៉ាន់ស្មានបានថា ការដោះលែងឯកឧត្តម នី ចរិយា និងមន្ត្រី ADHOC ទាំង៤នាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះមានការពាក់ព័ន្ធទៅនឹងថ្នូរដោះដូរគ្នាខាងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរឬយ៉ាងណានោះទេ ៕