ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​លោក ឌួង ឆាយ កូនប្រុស​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ឌួង ងៀប រង​ការចោទប្រកាន់ថា បានចេញ​មុខ​អន្តរាគមន៍​ជួយ​ជនបរទេស​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អតិថិជន​ក្រុមហ៊ុន​ជាង​៣​លាន​ដុល្លារ​

​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ឈ្មោះ Eng Wei Khiong អាយុ​៣៤​ឆ្នាំ ជា​អ្នកចាត់ចែង​ក្នុង​ក្រុមហ៊ុន Securecom Media Co.,Ltd. ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ស៊ីដាច់​ប្រាក់​អតិថិជន​ក្រុមហ៊ុន​ជាង​៣​លាន​ដុល្លារ​អាមេរិក ហើយ​បម្រុង​ឡើង​យន្តហោះ​រត់គេចខ្លួន ខណៈ​លោក ឌួង ឆាយ ត្រូវជា​កូនប្រុស​របស់លោក​ឧក​ញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ឌួង ងៀប ត្រូវ​ទទួលរង​ការ​ចោទ​ការចោទប្រកាន់ថា បានចេញ​មុខ​ជួយ​អន្តរាគមន៍​ដល់​បុរស​ឈ្មោះ Eng Wei Khiong និង​បុរស​ជនបរទេស​ជា​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ Yeo Boon Yong យ៉ាងសកម្ម ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ទោះបី​មានការ​ចេញមុខ​ជួយ​អន្តរាគមន៍​ពី​សំណាក់​លោក ឌួង ឆាយ យ៉ាងណាក៏ដោយ ក៏​បុរស​ឈ្មោះ Eng Wei Khiong ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ដែល​កំពុង​គេចខ្លួន​បន្តទៀត បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​បាន​បញ្ជូន​សំណុំរឿង​មកកាន់​តុលាការ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ ។ 

​យោងតាម​ពាក្យបណ្តឹង​របស់​មេធាវី​តំណាង​ក្រុមហ៊ុន Securecom Media Co.,Ltd. ដែល​ប្តឹង​ប្រឆាំង​ឈ្មោះ Yeo Boon Yong ជា​នាយក​ក្រុមហ៊ុន និង​ឈ្មោះ Eng Wei Khiong ជា​អ្នកចាត់ចែង​ក្នុង​ក្រុមហ៊ុន​ពីបទ​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​អតិថិជន​ក្រុមហ៊ុន​ចំនួន​១២​នាក់​ស្មើនឹង​ទឹកប្រាក់​ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦​ក្រុមហ៊ុន Securecom Media Co.,Ltd. បានប្រកាស​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លក់​ភាគហ៊ុន​ដែលមាន​ទីតាំង​ឋិត​នៅក្នុង​ក្រុមហ៊ុន FUGI រហូត​ទទួលបាន​ជោគជ័យ ដោយ​អតិថិជន​មួយចំនួន​បាន​បើក​គណនី និង​ដាក់​ប្រាក់​ក្នុង​ក្រុមហ៊ុន​ជាច្រើន​លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​អាជីវកម្ម​វិនិយោគ​តាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ។ ក្រោយ​ដំណើរការបាន​ប្រមាណ​០៣​ខែ គឺ​ក្រុមហ៊ុន​ក៏បាន​ផ្លាស់ប្តូរ​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​ដក​លោក ឯក សារឿន ជា​នាយក​ក្រុមហ៊ុន​ចេញ និង​ដាក់បញ្ចូល​ឈ្មោះ Yeo Boon Yong ជំនួស​វិញ ។ 

​ពាក្យបណ្តឹង​របស់​មេធា​វី​តំណាង​ក្រុមហ៊ុន Securecom Media Co.,Ltd. បានបញ្ជាក់​ទៀតថា ការផ្លាស់ប្តូរ​លក្ខន្តិកៈ​ក្រុមហ៊ុន​ជា​ញឹកញាប់​បន្តបន្ទាប់​មក​នោះ គឺ​ផ្ទុយទៅនឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​ទាំងស្រុង ព្រមទាំង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ក៏​លែងមាន​ឃើញ​ដែរ ។ លើសពីនេះ ឈ្មោះ Yeo Boon Yong និង​ឈ្មោះ Eng Wei Khiong បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​បង្វែរ​ប្រាក់​របស់​ក្រុមហ៊ុន​ទៅជា​ប្រាក់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅឯ​បរទេស ហើយ​មានបំណង​គេចវេះ​មិន​ទទួលខុសត្រូវ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អតិថិជន​ក្រុមហ៊ុន​យ៉ាងធ្ងន់ធ្ងរ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​នគ​របាល​បើក​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ពាក្យបណ្តឹង​របស់​មេធាវី​តំណាង​ក្រុមហ៊ុន Securecom Media Co.,Ltd. នោះ គឺ​ឃាត់ខ្លួន​បាន​ឈ្មោះ Yeo Boon Yong និង​ឈ្មោះ Eng Wei Khiong ខណៈ​ស្របពេល​លេចមុខ​លោក ឌួង ឆាយ មក​អន្តរាគមន៍​ជួយ​ដោះស្រាយ​មិន​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ឈ្មោះ Yeo Boon Yong ដោយ​គ្រាន់តែ​ដក​លិខិតឆ្លងដែន​ទុក​បាន​ហើយៗ​សន្យាថា នឹង​ឲ្យ​ឈ្មោះ Yeo Boon Yong ចូលខ្លួន​មក​បំភ្លឺ​សមត្ថកិច្ច ឬ​ស្ថាប័ន​តុលាការ​នៅពេល​ក្រោយ ។ ប៉ុន្តែ​លោក ឌួង ឆាយ មិនបាន​គោរព​តាម​ការសន្យា​របស់ខ្លួន​ទេ បែរជា​ព្យាយាម​លាក់​បំពួន​ជនសង្ស័យ​ឈ្មោះ Yeo Boon Yong ទៅវិញ​ជាហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ការអនុវត្ត​នីតិវិធីរ​បស់​សមត្ថកិច្ច ។ 

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក ឌួង ឆាយ បាន​នៅឡើយ​ទេ​ជុំវិញ​ការចោទប្រកាន់​ខាងលើ គិត​ត្រឹម​ថ្ងៃទី​២៦ ខែម​ថុ​នា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.