ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​រូប​ត្រូវតែ​ឈ្មោះ​ខុស ! កូនប្រុស​ផ្កាយ​៤ ទៀ បាញ់ ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​ទាហាន​ពាក់​ផ្កាយ​២​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប ដោយ​ប្រើ​ឈ្មោះ​ថ្មី 

​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ពាក់​ផ្កាយ​២ ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប គឺ​ឯកឧត្តម ទៀ ទី​ហា ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។ 

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា អ្នក​ដែល​ត្រូវបានតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ពិតជា​រូប​ឯកឧត្តម ទៀ ទី​ហា ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ប្រាកដ​មែន ប៉ុន្តែ​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ បែរជា​សរសេរ​ដាក់ឈ្មោះ​ថា «​ទៀ សីហា​» ទៅវិញ ។ 

​លោក ទៀ ទី​ហា ដែលជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ នោះ មាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១១/៣៧៣ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤២៦ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤ ។ 

​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀ ទី​ហា ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវជា​ឪពុក​បង្កើត​របស់ខ្លួន មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/២៨៦ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ពោលគឺ​ទទួលបាន​ឋានៈ​ជា «​ឯកឧត្តម​» ។​

​ក្រោយមកទៀត សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឯកឧត្តម ទៀ ទី​ហា ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១៩៨៦៤ មក​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ រួច​ហើយក៏​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​តែម្តង ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា តើ​កូនប្រុស​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មានឈ្មោះ​អ្វី​ពិតប្រាកដ​ដែល​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​នោះ (​ទៀ ទី​ហា ឬ ទៀ សីហា ? ) ឬមួយ​ក៏​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧​សរសេរ​ឈ្មោះ​ឯកឧត្តម ទៀ ទី​ហា ខុសឆ្គង​ទៅជា «​ទៀ សីហា​» ឬមួយ​អាច​ប្រើប្រាស់​ឈ្មោះ​មួយណា​ក៏បាន​ស្រេច​តែ​នឹង​ចិត្ត​? ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.