ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

​មាន​លុយ​ឡើង​ធំ ! មន្ត្រី​មានរឿង​អាស្រូវ​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ដឹកឈើ​ខុសច្បាប់ ត្រូវបានតែងតាំង​ជា​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​បាត់ដំបង 

​អតីត​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​បាត់ដំបង គឺ​លោក អោ វុត្ថា ដែល​ធ្លាប់​បង្ករឿង​អាស្រូវ​បណ្តែតបណ្តោយ​ឲ្យ​កើតមាន​ករណី​រថយន្ត​មួយគ្រឿង​ម៉ាក Toyota Land Cruiser ពាក់​ស្លាក​លេខ​រដ្ឋ 16.2-0238 ប្រើប្រាស់​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង ក្លាយជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ពី​ខេត្ត​ប៉ៃលិន​មក​ខេត្តបាត់ដំបង ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ចាប់បាន​នា​រាត្រី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅនោះ ឥឡូវនេះ​ត្រូវ​ទទួលបាន​ការតែងតាំង​ជា​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​បាត់ដំបង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា យ៉ាង​ហ៊ឺហា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៤៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ។ 

​ការណ៍​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ សម្រេច​តែងតាំង​លោក អោ វុត្ថា អតីត​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​បាត់ដំបង ជា​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​បាត់ដំបង​នេះ គឺ​បន្ទាប់ពី​លោក អោ វុត្ថា ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម ពី​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ថ្នាក់​លេខ​១ មក​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​៤​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ។​

​ប្រភពព័ត៌មាន​ពី​បុគ្គលិក​សិក្សា​មួយចំនួន​នៃ​សាកលវិទ្យាល័យ​បាត់ដំបង​បាន​ឲ្យ​ដឹងថា បុគ្គលិក​សិក្សា​ភាគច្រើន​សឹងតែ​រក​របស់របរ និង​មធ្យោបាយ​ប្រើប្រាស់​ផ្សេងៗ​មិនបាន​ផង ប៉ុន្តែ​សម្រាប់​លោក អោ វុត្ថា ដោយបាន​កាន់តំណែង​ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​បាត់ដំបង គឺមាន​លទ្ធភាព​ផ្លាស់ប្តូរ​រថយន្ត​ថ្មី​ទំនើប​ពី​ម៉ាក Lexus មក​ម៉ាក Ford ដ៏​ថ្មីស្រឡាង​ពាក់​ស្លាក​លេខ 2AN-0107 យ៉ាង​ហំ​ហាន ព្រមទាំង​មានឱកាស​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​របស់​សាកលវិទ្យាល័យ​បាត់ដំបង​សឹង​គ្រប់ពេលវេលា ជ្រក​ក្រោមរូបភាព «​បេសកកម្ម​» ទៀតផង ។​

​គួរ​រំលឹក​ជូន​ថា កាលពី​រាត្រី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅ រថយន្ត​មួយគ្រឿង​ម៉ាក Toyota Land Cruiser ពាក់​ស្លាក​លេខ​រដ្ឋ 16.2-0238 ជា​ទ្រព្យសម្បត្តិ​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រើប្រាស់​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​បង្ក្រាប​ចាប់បាន​យកមក​រក្សាទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តបាត់ដំបង ដោយសារ​ប្រព្រឹត្ត​បទល្មើស​ដឹកឈើ​ប្រណីត​ខុសច្បាប់​ពី​ខេត្ត​ប៉ៃលិន​មក​ខេត្តបាត់ដំបង ។ 

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​រថយន្ត​វត្ថុតាង​ក្នុង​បទល្មើស​ព្រៃឈើ​ប្រើប្រាស់​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង​នេះ ត្រូវបាន​លោកស្រី សៀង​ឯម ទទឹម សាកលវិទ្យាធិកា​រិ​នី នៃ​សាកលវិទ្យាល័យ​បាត់ដំបង សមគំនិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រំដោះ​យកមក​ទុក​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​វិញ​យ៉ាង​តក់ក្រហល់ ដោយ​ធ្វើកា​រុំ​តង់​កៅស៊ូ​ពណ៌​ខៀវ​បិទ​ជិត បង្ការ​ខ្លាចក្រែង​ក្រុម​សាស្ត្រាចារ្យ បុគ្គលិក​សិក្សា និង​និស្សិត​បានដឹង​អំពី​រឿងអាស្រូវ​ដ៏​ល្បីល្បាញ​របស់​មន្ត្រី​ខិលខូច ខណៈ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​បាត់ដំបង​មួយចំនួន​បានដាក់​ការសង្ស័យថា រឿង​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​របស់​សាកលវិទ្យាល័យ​ក្លាយជា​ទៅជា​មធ្យោបាយ​ដឹកឈើ​ខុសច្បាប់​នោះ អាចមាន​ការពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​នឹង​លោក អោ វុត្ថា ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​បាត់ដំបង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.