ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​និស្សិត និង​អតីត​និស្សិត​ច្បាប់​ប្រតិកម្ម​រិះគន់​នឹង​ការតែងតាំង​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ នៃ​សាលា RULE 

​ក្រុមនិស្សិត និង​អតីត​និស្សិត​ច្បាប់​ដែល​ធ្លាប់​សិក្សា​រៀនសូត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ឬ​ហៅ​កាត់​ថា «​សាលា​ច្បាប់​» បាននាំគ្នា​ភ្ញាក់ផ្អើល និង​សម្តែង​នូវ​ប្រតិកម្ម​រិះគន់​ទៅនឹង​ការតែងតាំង​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​គ្រូបង្រៀន​នៅ​សាលា​ច្បាប់ ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាលា​ច្បាប់ នា​ដើមខែ​មិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ។​

​លោក មួង អរុណ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​១៣៤ និង​ជា​អតីត​និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ម្នាក់​ផង បាន Post នៅក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​ដោយ​ប្រើប្រាស់ Account ឈ្មោះ «Akrun Muong» សម្តែង​នូវ​កា​រិះគន់​ចំពោះ​ការតែងតាំង​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​សាលា​ច្បាប់ ដ្បិត​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ធ្លាប់មាន​រឿងអាស្រូវ​ផ្លូវភេទ​លើ​អតីត​និស្សិត​ស្រី​ម្នាក់​ល្បី​ខ្ទរខ្ទារ​ដល់​និស្សិត​ជំនា​ន់ទី​៤​សាលា​ច្បាប់ ព្រមទាំង​ឯកឧត្តម យក់ ង៉ុ​យ អតីត​សាកលវិទ្យាធិការ RULE បានដឹង​យ៉ាងច្បាស់ ។ តែ​សំណាងល្អ និស្សិត​ស្រី​រូបនោះ​នៅ​ស្ងៀម​មិន​ប្រតិកម្ម និង​ក៏បាន​សម្រេចចិត្ត​រៀបការ​ជាមួយ​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ។ លើសពីនេះ លោក មួង អរុណ ក៏បាន​ស្នើ​តាមរយៈ Page Facebook សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មានការ​ពិចារណា​ឡើងវិញ​រឿង​តែងតាំង​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​សាលា​ច្បាប់​នោះ​ទៀតផង ។​

​ដោយឡែក ក្រុមនិស្សិត​ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​សាលា​ច្បាប់​បានលើកឡើង​អំពី​គុណវិបត្តិ​របស់​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ តែ​បែរជា​ត្រូវបានតែងតាំង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​សាលា​ច្បាប់​ទៅវិញ ជាអាទិ៍ ៖ ជ្រើសរើស​គ្រូបង្រៀន​លំអៀង​ក្រោមរូបភាព​បក្ខពួកនិយម​រហូត​ជ្រើសរើស​បាន​នូវ​គ្រូបង្រៀន​មួយចំនួន​គ្មាន​គុណភាព​ថែមទៀត និង​អនុវត្ត​ទៅលើ​និស្សិត​លើស​កម្រិត​ពី​បទបញ្ជាផ្ទៃក្នុង​របស់​សាលា (​ពាក់​ក្រវាត់ក និង​ចេញ​សំពះ​-​ចូល​សំពះ​…) ។​ល​។

 

​គ្រូបង្រៀន​សាលា​ច្បាប់​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ធ្លាប់​ត្រូវបាន​ក្រុមនិស្សិត​ច្បាប់​ជំនា​ន់ទី​១៧ ប្តឹង​ស្នើសុំ​មិន​ឲ្យ​បង្រៀន​ដល់​ក្រុមនិស្សិត​រួច​ម្តងមកហើយ ប៉ុន្តែ​រឿងនេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ត្រឹម​ការសម្របសម្រួល​គ្នា ។​

​លោក រុន ព​ណ្ណា​រិ​ទ្ធ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីកា​រណៈ​រដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៩០ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ពោល​ទទួលបាន​ឋានៈ​និង​ងារ​ជា «​ឯកឧត្តម​» ។ ក្រោយមក ឯកឧត្តម​រូបនេះ ក៏​ទទួលបាន​ការតែងតាំង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦០៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.