ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

​ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​បានការ​ឯកភាព​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នោះ ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​ត្រាស់បង្គាប់​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ (​តែងតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​) ជំនួស​លោកជំទាវ ចែម វេ​យ្យ​រិ​ទ្ធ (​ឋិត​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​ចៅក្រម​ថ្នាក់​លេខ​១) ដែល​បាន​លាឈប់​ពីមុខ​តំណែង​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៤៩៥ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ឯកឧត្តម ហ៊ី សោភា អាយុ​៦០​ឆ្នាំ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ឋិត​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១ (​ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​) ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ស្រទាប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ពេល​ឯកឧត្តម​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ពី​អតីតកាល ។ ប៉ុន្តែ ឯកឧត្តម ហ៊ី សោភា ទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត​សឹង​មិន​នឹកស្មាន​ដល់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម (​សម្រាប់​បេក្ខភាព​ព្រះរាជអាជ្ញា​ជាន់ខ្ពស់​) កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ត្រឹម​ចំនួន​០៥​សំឡេង​ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ជាប់ឆ្នោត​ដែល​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១៥​សំឡេង ។​

​អនុលោម​តាមច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ គឺប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​ប្រធានរដ្ឋសភា និង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.