ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កំហឹង​ភ្លើងចំបើង ? បណ្តឹង​របស់​បងប្រុស​នាយករដ្ឋមន្ត្រី​ស្នើ​ចាត់ការ​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស ម៉ក់ ជី​តូ រឿងកាងជនល្មើស ហាក់ដូចជា​ស្ងាត់ឈឹង 

​​លិខិតផ្លូវការ​របស់​លោក ហ៊ុន សាន បម្រើ​ការងារ​នៅ​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ «​កាំសាប​» នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ត្រូវជា​បងប្រុស​បង្កើត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧ ស្នើ​ឲ្យ​មានការ​ថ្កោលទោស និង​ចាត់វិធានការ​ម៉ឺងម៉ាត់​ទៅលើ​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ម៉ក់ ជី​តូ ប្រើ​អំណាច​គាបសង្កត់​ជិះជាន់​អ្នក​ស្លូតត្រង់​ដើម្បី​ផលប្រយោជន៍​ខ្លួន និង​បក្ខពួក​ខិលខូច​មួយ​ក្តាប់​តូច ដែល​តែង​រំខាន​ដល់​ការរស់នៅ​សុខសាន្ត​របស់​ក្រុមគ្រួសារ​បងប្រុស​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ពលរដ្ឋ​ទូទៅ​នោះ ហាក់ដូចជា «​ស្ងាត់ឈឹង​» អស់​រយៈពេល​ជាង​០១​ខែ​ហើយ បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង ធ្វើ​ចំណារ​ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៧​ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មុខការ​រួចមក ។​

​លិខិតផ្លូវការ​ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​របស់លោក ហ៊ុន សាន ដែល​បាន​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ឲ្យ​ដឹងថា កន្លងមក​ថ្មីៗ​ក្រុមគ្រួសារ និង​សហការី​របស់លោក​ដែល​បាន​ចុះទៅ​រៀបចំ​អភិវឌ្ឍន៍​លើ​ដីធ្លី​របស់លោក​ទំហំ​១១៩​ហិកតា នៅ​ចំណុច​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ធ្វើការ​គំរាមកំហែង ដ្បិត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ  តែងតែ​ការពារ​ជនល្មើស​ដែល​រំលោភបំពាន​យក​ដីធ្លី​លោក និង​កូន​របស់លោក ធ្វើ​ឲ្យ​បាត់បង់​ភាពកក់ក្តៅ ធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព បាត់បង់​សាមគ្គីភាព​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុមគ្រួសារ​ថ្នាក់ដឹកនាំ​ប្រទេស ។ 

​ក្រោយពី​ទទួលបាន​លិខិតផ្លូវការ​របៀប​ជា «​ពាក្យបណ្តឹង​» របស់លោក ហ៊ុន សាន រួចមក​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ចំណារ​ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៧​មាន​ខ្លឹមសារ​ថា «​ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​មុខការ​» ។ ប៉ុន្តែ ចាប់តាំងពី​ពេលនោះ​មក គឺ​ជាង​០១​ខែ​ហើយ គេ​មិនទាន់​ឃើញ​លទ្ធផល​នៃ​ចំណាត់ការ​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ត្រូវជា​ក្មួយ​ប្រសា​របស់​នាយករដ្ឋមន្ត្រី ក៏ដូចជា​ក្មួយ​ប្រសា​របស់លោក ហ៊ុន សាន ផងដែរ​ទៅលើ​លោក​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស ម៉ក់ ជី​តូ គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ ។​

​លោក ហ៊ុន សាន ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស ជា​តូប​ការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៤/៩១៣ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ ក្រៅពី​ត្រូវជា​បងប្រុស​បង្កើត​រប​ស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ក៏មាន​កូនប្រុស​ធ្វើ​ប៉ូលិស​ពាក់​ផ្កាយ​២​ម្នាក់​ដែរ​នៅ​ក្រសួងមហាផ្ទៃ បម្រើ​ការងារ​ជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​យុត្តិធម៌ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ជា នាយ​នគរបាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៥៥៥៥៥ ។​

​ដោយឡែក លោក ម៉ក់ ជី​តូ ជា​នាយ​នគរបាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​០៧៧១ ដ៏​មាន​ឥទ្ធិពល និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ម្នាក់ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០២/០៥៧ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០២ ។ លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ធ្លាប់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៤​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​អតីត​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ​) ពុំ​ទទួល​ប្រាក់បៀវត្សរ៍ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១២/៤៨៥ ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១២ ពោលគឺ​មាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​» ។​

​ក្រោយមក លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧១៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ និង​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ក៏​ទទួលបាន​គ្រឿង​ឥស្សរិយយស ឯករាជ្យ​ជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៤៩៤ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ។ តម​កទៀត លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ក៏​ទទួលបាន​ការតែងតាំង​ជា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៦៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ ។ សព្វថ្ងៃ លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក  ម៉ក់ ជី​តូ  ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន​ផង និង​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផង ព្រមទាំង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ផង ។​

​ជាមួយនឹង​បុណ្យ​ស័ក្តិធំ និង​ទ្រព្យសម្បត្តិ​មហាសាល​ក៏ពិតមែន ក៏​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៉ូលិស ម៉ក់ ជី​តូ ធ្លាប់​ទទួលរង​ការ​ប្តឹងផ្តល់​ជាច្រើន​ករណី​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​មនុស្ស​ដ៏​សាហាវព្រៃផ្សៃ ប៉ុន្តែ​ស្ថាប័ន​តុលាការ​មិនទាន់​លើកយក​សំណុំរឿង​ណាមួយ​មក​ចាត់ការ​នៅឡើយ​ទេ ពីព្រោះ​ទំនង «​ហក់​មិន​រួច​» ទៅនឹង​ឥទ្ធិពល​អំណាច និង​ទឹក​លុយ​របស់លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​រូបនេះ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកឃ្លាំមើល​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ប្រសិនបើ​ភ្លើងកំហឹង​របស់លោក ហ៊ុន សាន ត្រូវជា​បងប្រុស​នាយក​រដ្ឋមន្ត្រី របៀប​ជា «​កំហឹង​ភ្លើងចំបើង​» នោះ គឺ​ករណី​រឿងអាស្រូវ​របស់លោក​ឧក​ញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៉ូលិស ម៉ក់ ជី​តូ នឹង​ឈានទៅ​ស្ងប់ស្ងៀម​ជា​រៀងរហូត​ហើយ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ដែល​តម្កល់​លុយ និង​អំណាច​ជាធំ​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.