ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​រឿង «​កម្ម ប្រែ​ថា អំពើ​» ! មន្ត្រីប៉ូលិស​ជំនាញ​បាញ់បោះ​ពីរ​នាក់​ទទួល​ទណ្ឌកម្ម​វិន័យ​ដូចគ្នា តែមាន​កម្រិត​ខុសគ្នា​

​នៅ​ទីបំផុត លោក​វរសេនីយ៍ទោ លឹម ចំណាន នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​បាន​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​បាញ់បោះ​គំរាម​ទៅលើ​ជនរងគ្រោះ​ថែមទៀត​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នោះ ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ដាក់ទណ្ឌកម្ម​វិន័យ​ហើយ​បន្ទាប់ពី​លោក​វរសេនីយ៍ទោ លឹម ចំណាន ចេញមុខ​សារភាព​កំហុស​របស់ខ្លួន​រួចមក ។​

​ក្រសួងមហាផ្ទៃ​បានសម្រេច​អនុវត្ត​វិន័យ​ទៅលើ​លោក​វរសេនីយ៍ទោ លឹម ចំណាន ចំនួន​៣​រូបភាព គឺ ៖ ១-​ព្រមាន​ជា​ផ្លូវការ និង​ហាម​ដាច់ខាត​ការប្រព្រឹត្ត​ខុសឆ្គង​សារជាថ្មី​ទៀត , ២-​បន្ថយ​ឋានន្តរស័ក្តិ​ពី​វរសេនីយ៍ទោ មក​ត្រឹម​វរសេនីយ៍ត្រី​វិញ និង ៣-​ដកហូត​មុខតំណែង​ពី​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មកជា​មន្ត្រីនគរបាល​ធម្មតា​វិញ ។​

​អំពើ​ប្រព្រឹត្ត​បាញ់បោះ​សេរី​ខុសច្បាប់​របស់លោក​វរសេនីយ៍ទោ លឹម ចំណាន គឺ​បាន​កើតឡើង​ប្រមាណ​០២​ខែ បន្ទាប់ពី​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នាយកដ្ឋាន​ច្រកទ្វារ​ទី​១​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ប្រព្រឹត្ត​អំពើ​បាញ់បោះ​ខុសច្បាប់​បណ្តាល​ឲ្យ​មន្ត្រីនគរបាល​ដូចគ្នា បម្រើ​ការងារ​ជាមួយគ្នា គឺ​លោក​វរសេនីយ៍ត្រី សេម មករា នាយផ្នែក​រដ្ឋបាល​សរុប​នៃ​ប៉ុស្តិ៍នគរបាល​ច្រ​ល​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​រងរបួស​ស្រាល និង​ដាច់​ស័ក្តិ​ជ្រុះ​ចេញពី​ស្មា កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧​។​

​រយៈពេល​០១​ថ្ងៃ​ក្រោយមក លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​នគរបាលជាតិ អត្តលេខ​៥៤៥៤៥ ក៏​ត្រូវបាន​ក្រសួងមហាផ្ទៃ​អនុវត្ត​វិន័យ​យ៉ាងធ្ងន់ធ្ងរ គឺ​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ផុតពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់ ដោយ​ប្រកា​សលេខ​៩៧៦​ប្រក ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ ។​

​មិនតែប៉ុណ្ណោះ អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ក៏បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជនសង្ស័យ​ឈ្មោះ ឈាន ពិសិដ្ឋ ចូលមក​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដើម្បី​ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ តាម​បណ្តឹង​របស់​ជនរងគ្រោះ កំណត់​ឲ្យ​បាន​មុន​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៧ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ជនសង្ស័យ​ឈ្មោះ ឈាន ពិសិដ្ឋ រឹងរូស​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​តាម​ការបញ្ជា​របស់​ស្ថាប័ន​តុលាការ​រហូតទល់​សព្វ​ថ្ងៃនេះ ខណៈ​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​ក៏​ហាក់ដូចជា​នៅ​ស្ងាត់ស្ងៀម​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.