ផ្ទៃដីគម្របព្រៃឈើឆ្នាំ២០០២ទំហំ៦៤៤,៤២ហិកតា ឋិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលជាដីសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខសម្រេចធ្វើអនុបយោគចាត់បញ្ចូលជាដីឯកជនរបស់រដ្ឋវិញហើយ តាមស្មារតីអនុក្រឹត្យលេខ៥៤អនក្រ.បក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។
ដីទំហំ៦៤៤,៤២ហិកតា មានទីតាំងឋិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលកាត់ចេញពីផ្ទៃដីគម្របព្រៃឈើឆ្នាំ២០០២ និងត្រូវបានធ្វើអនុបយោគឲ្យក្លាយជាដីឯកជនរបស់រដ្ឋរួចហើយនោះ និងត្រូវធ្វើប្រទានកម្មជាកម្មសិទ្ធិជូនក្រុមហ៊ុន ហ្វ៊ួ ឡាយឈុន (ខេមបូឌា) ត្រេឌីង សម្រាប់សាងសង់រោងចក្រកែច្នៃដំឡូងមី ដោយរាជរដ្ឋាភិបាលកម្ពុជាអះអាងថា «ដើម្បីឲ្យមានលំនឹងទីផ្សារដល់ប្រជាកសិករដាំដំឡូងមីនៅភូមិភាគឦសានទាំងមូល» ៕