ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​បែកធ្លាយ​ល្បិច​សុំ​តំណែង​របស់​មន្ត្រីរាជកា​រ​ក្នុងសម័យ​រាជរដ្ឋាភិបាល «​បុរស​ខ្លាំង​» 

​មិនមែនជា​រឿង​ថ្មី​ទេ ហើយក៏​មិនមែន​មានតែ​ម្នាក់​ដែរ គឺមាន​មន្ត្រីរាជការ​ច្រើន​នាក់​ហើយៗ​ក៏​ក្លាយជា​ទម្លាប់​ចាស់​ដដែលៗ ដែល​មន្ត្រីរាជការ​ក្នុង​របប​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​បានដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ​ដោយ «​លើកតម្កើង​គុណសម្បត្តិ​ខ្លួនឯង​» ដើម្បី​សុំ​មុខតំណែង តួនាទី​នៅ​កន្លែង​ណាមួយ ប៉ុន្តែ​ល្បិច​សុំ​តំណែង​នេះ​ត្រូវបាន​សាមីខ្លួន​ម្នាក់ៗ​ព្យាយាម​បិទបាំង​ណាស់ ទើប​មាន​បែកធ្លាយ​ខ្លះៗ​ដែល​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើក​យកមក​ផ្សព្វផ្សាយ​ឲ្យ​ធ្លាយ​បន្ថែម​គ្រាន់​បាន​ពិចារណា (​ឬក៏​រៀនសូត្រ​តាម​?) ដូចតទៅ ៖

​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧​កន្លងទៅ លោក ឆន រដ្ឋា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​នៃ​នាយកដ្ឋាន​បុគ្គលិក និង​ជា​ជំនួយការ​ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ផង បានដាក់​សំណើ​លាយលក្ខណ៍អក្សរ​មួយច្បាប់​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជំនួស​លោក កូប ស្លេះ ដែល​នឹងត្រូវ​ចូលនិវត្តន៍​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ ។​

​សំណើ​របស់លោក ឆន រដ្ឋា ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើ​ចំណារ​ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧​មាន​ខ្លឹមសារ​ថា «​ជូន​ឯកឧត្តម សក់ សេដ្ឋា ពិនិត្យ​» ។ រហូតមក​ទល់នឹង​ពេលនេះ មិនទាន់​បានដឹងថា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពិនិត្យឃើញ​យ៉ាងណា​នៅឡើយ​ទេ ហើយ​សម្តេច​ក្រឡាហោម ស ខេង ព្រម ឬ​មិន​ព្រម​ឯកភាព​យ៉ាងណា​នោះ​នៅឡើយ​ដែរ ។​

​គួ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ លោក ជិន សារិន ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ អតីត​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ ក៏​ធ្លាប់បាន​ដាក់សំណើ​លាយលក្ខណ៍អក្សរ​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែរ ប៉ុន្តែ​ជា​អកុសល​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ធ្វើ​ចំណារ​ចុះ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥​មាន​ខ្លឹមសារ​ថា «​ជូន​ឯកឧត្តម សក់ សេដ្ឋា ។ (​តាម​ព័ត៌មាន មន្ត្រី​រូបនេះ​មានការ​ទិទៀន និង​ប្រតិកម្ម​មិនល្អ​ច្រើន​) » ។ 

​ក្រោម​ឥទ្ធិពល​នៃ​ចំណារ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោមរូបភាព «​បើកភ្លើង​ក្រហម​» ដូច្នេះ ធ្វើ​ឲ្យ​លោក ជិន សារិន ដែលមាន​ទាំង​អំណាច​ផង ទាំង​លុយកាក់​ផង ខកខាន ឬ​បរាជ័យ​ក្នុងការ​ស្នើសុំ​ចង់បាន​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ទល់​បច្ចុប្បន្ន ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.