ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​រឿង​សរសេរ​លុបៗ ! បុរស​ខ្លាំង​ប្តូរ​ចិត្ត​សម្រេច​លុបចោល​ការដាក់​បម្រាម​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ហើយ 

​យោងតាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លុបចោល​នូវ​លិខិត​លេខ​១៥១​របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីអំពី​ការដាក់​បម្រាម​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ប្រទេស​កម្ពុជា​នោះ​វិញ​ហើយ តាម​ស្មារតី​លិខិត​លេខ​៤៦៩​សជណ ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​​​​​​​​​​​​​​​​​​​​​​​​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

 ដោយ​យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​សន្តិសុខ​អាកាសយានដ្ឋាន​អន្តរជាតិ​នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦ និង​ចំណារ​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ចាត់វិធានការ​បង្ការ​ទុក​មុន​ក្នុងការ​ទប់ស្កាត់​លោក សម រង្ស៊ី កុំ​ឲ្យ​វិល​មក​កម្ពុជា​វិញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បានដឹង​ជាមុន​នោះ អង្គប្រជុំ​បាន​លើក​វិធានការ​មួយចំនួន​តាម​ស្មារតី​លិខិត​លេខ​១៥១​របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដូចតទៅ ៖ ១-​គ្រប់​ក្រុមហ៊ុន​អាកាសចរ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​ក​ម្ពុ​ជា​មិនត្រូវ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុងករណី​លោក សម រង្ស៊ី ទិញ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​មក​កម្ពុជា ។  ២- ក្នុងករណី​លោក សម រង្ស៊ី ធ្វើដំណើរ​មកកាន់​កម្ពុ​ជាតា​មរយៈ​យន្តហោះ​ណាមួយ គឺ​យន្តហោះ​នោះ​នឹងត្រូវ​បង្វែរ​ឲ្យ​វិលត្រឡប់​ទៅកាន់​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ចុះចត​នៅ​កម្ពុជា​ឡើយ ។ ៣-​ក្នុងករណី​យន្តហោះ​ដឹក​លោក សម រង្ស៊ី ចុះចត​ដល់​អាកាសយានដ្ឋាន​ណាមួយ​នៅ​កម្ពុជា​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញពី​យន្តហោះ​ឡើយ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ ។ ៤-​ក្នុងករណី​ដែល​លោក សម រង្ស៊ី បាន​ចាកចេញ​ផុតពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​លោក សម រង្ស៊ី ចូលក្នុង​កម្ពុជា​បាន និង​ចាត់វិធានការ​ផ្សេងទៀត​តាម​ការចាំបាច់ ។​

​ដំណើរការ​ផ្លាស់ប្តូរ​ចិត្ត​របស់​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នាពេលនេះ គឺ​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ពី​បរទេស​ដែលជា​ទីតាំង​រូបលោក​និរទេស​ខ្លួន​នោះ​ថា លោក​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។​

​បន្ទាប់ពី​ស្ថាប័ន​តុលាការ​កម្ពុជា​ប្រកាសថា លោក សម រង្ស៊ី អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ជាប់​ឈ្មោះ​ជា​ទណ្ឌិត​តាម​អំណាច​សាលដីការ​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣​របស់​សាលាឧទ្ធរណ៍​រួចមក លោក សម រង្ស៊ី ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅកាន់​បរទេស​បាត់ទៅហើយ ។ 

​ក្រោយមក​ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដើម្បី​ចូលរួម​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​សេចក្តីសម្រេច​លេខ​៩៨៦៨​សសរ ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ លើសពីនេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់​បម្រាម​លោក សម រង្ស៊ី មិន​ឲ្យ​មានលទ្ធភាព​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​តែម្តង តាម​ស្មារតី​លិខិត​លេខ​១៥១​របក ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​តែម្តង ខណៈ​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ឈ្វេងយល់​ឃើញថា បុរស​ខ្លាំង​ទំនងជា​មិន​ហ៊ាន​ចាប់ខ្លួន​លោក សម រង្ស៊ី ឬក៏​បុរស​ខ្លាំង​ទំនង​ដឹង​ជាមុន​ថា លោក សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​ប្រទេស​កម្ពុជា​នៅពេល​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ​ស្ថាប័ន​តុលាការ​នៅមាន​សុពលភាព​អនុវត្ត ទើប​ប្រើ​វិធីសាស្ត្រ «​ក្របី​ដើរចេញ បង​ដេញ​ឲ្យ​ស្រី​មើល​» ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ប្រសិនបើ​បុរស​ខ្លាំង​នៅ​ចងគំនុំ​ជាមួយ​លោក សម រង្ស៊ី តទៅទៀត ហើយ​លោក សម រង្ស៊ី ហ៊ាន​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​ទាំង​មិនទាន់​ទទួលបាន​ការលើកលែង​ទោស ឬ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចេញ​ដោយ​ស្ថាប័ន​តុលាការ​នៅមាន​អានុភាព​អនុវត្ត​នោះ គឺ​លោក សម រង្ស៊ី អាច​ប្រឈម​នឹង​ការចាប់ខ្លួន​ជាក់​ជាមិនខាន ដោយ​បុរស​ខ្លាំង​នឹង​អះអាងថា «​ជាការ​អនុវត្ត​ច្បាប់​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.