ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​ក្មួយប្រុស​បុរស​ខ្លាំង​ម្នាក់ទៀត​ដែល​ធ្លាប់មាន​រឿងអាស្រូវ​បង្ក​ហិង្សា​លើ​ភ្ញៀវទេសចរ​ជប៉ុន​ឲ្យ​របួសធ្ងន់ បាន​ពាក់​ផ្កាយ​២​ប៉ូលិស​ព្រហ្មទណ្ឌ 

​ក្មួយប្រុស​ម្នាក់ទៀត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្លាប់មាន​រឿងអាស្រូវ​បង្ក​ហិង្សា​ចាក់ទៅលើ​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ដោយ​អម្បែង​ដប​ទឹកម្ទេស និង​ដបទឹកស៊ីអ៊ីវ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នោះ គឺ​លោក នឹម ច័ន្ទ​តា​ណា ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកជំទាវ ហ៊ុន ស៊ី​ណាត ជា​បងប្អូន​បង្កើត​រប​ស់​បុរស​ខ្លាំង ត្រូវបាន​ពាក់​ផ្កាយ​២​ប៉ូលិស​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​យ៉ាង​ហ៊ឺហា ។​

​លោក នឹម ច័ន្ទ​តា​ណា ជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម នឹម ច័ន្ទ​តារា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត និង​ជា​លេខាធិការ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ និង​លោកជំទាវ ហ៊ុន ស៊ី​ណាត ជា​បងប្អូន​បង្កើត​រប​ស់​បុរស​ខ្លាំង គឺជា​នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៧៦៦៦៦ (​អតីត​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក តែ​ក្រោយមក​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ចូល​ប៉ូលិស​វិញ​) ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៧/៣៩២ ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស នឹម ច័ន្ទ​តា​ណា ទទួលបាន​ការបំពាក់​ឋានន្តរស័ក្តិ​ផ្កាយ​២​នៅលើ​ស្មា​យ៉ាង​ហ៊ឺហា​រួចហើយ​កាលពី​អំឡុង​ខែ​មុន ។ 

លោក នឹម ច័ន្ទតាណា​ អតីតជានាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០២១១៦៦ ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ជាស្នងការរង នៃស្នងការដ្ឋានបុគ្គលិក បណ្តុះបណ្តាលបញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋាន និងត្រូវបានផ្ទេរក្របខ័ណ្ឌចូលមកបម្រើការងារក្នុងក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃវិញ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩៥៦អនក្រ.តត ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ។ 

​ក្រោយ​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ចូលក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​មក លោក​វរសេនីយ៍ឯក នឹម ច័ន្ទ​តា​ណា នាយ​នគរបាល​ជាន់ខ្ពស់ អត្តលេខ​៧៦៦៦៦ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៥៥ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ ។ មានន័យថា ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ លោក​ឧ​ត្ត​ម​សេនីយ៍ នឹម ច័ន្ទ​តា​ណា បាន​ឡើង​លំដាប់​ផ្កាយ​ចំនួន​១​ថ្នាក់ គឺ​លឿន​គួរសម ។ បច្ចុប្បន្ន លោក​ឧ​ត្ត​ម​សេនីយ៍ នឹម ច័ន្ទ​តា​ណា កាន់កាប់​មុខតំណែង​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។​

​មិន​ខុសពី​លោក​ស័ក្តិ​៥​ប៉ូលិស នឹម ពិសី ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ក្នុង​អំពើ​បាញ់បោះ​សេរី​យ៉ាង​ទំនើង និង​ត្រូវជា​បងប្រុស​បង្កើត​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស នឹម ច័ន្ទ​តា​ណា នោះទេ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ នឹម ច័ន្ទ​តា​ណា ក៏​ធ្លាប់​បង្ករឿង​អាស្រូវ​មួយចំនួន​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​ជា​កូន​-​ក្មួយ​អ្នកមានអំណាច​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ក្រោម​ការដឹកនាំ​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.