ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

​អំពើ​ទទួលផល​ចោរកម្ម​កើត​«​ក្បែរ​ភ្នែក​» បុរស​ខ្លាំង ! បន​ល្បែង​កាស៊ីណូ Naga World ជាប់​លេខ​ខាង​ទទួល​បញ្ចាំ​របស់​ចោរ​ដ៏​ល្បីល្បាញ​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ភ្នាក់ងារ​សមត្ថកិច្ច​នគ​របាល​រដ្ឋបាល​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មាន​ទោចក្រយានយន្ត​មួយគ្រឿង​ម៉ាក Honda Scoopy ត្រូវបាន​ចោរលួច រួច​ហើយក៏​ក្លាយជា​របស់​បញ្ចាំ​នៅ​បន​ល្បែង​កាស៊ីណូ Naga World (​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​) យ៉ាង​ហ៊ឺហា​ពោរពេញ​ទៅដោយ​ការហួសចិត្ត​ពន់ពេក ។ ប៉ុន្តែ​ដោយមាន​ពាក្យបណ្តឹង​ពី​ម្ចាស់​ទោចក្រយានយន្ត​ជា​ជនរងគ្រោះ ទើប​សមត្ថកិច្ច​បាន​ទៅ​យកចក្រយានយន្ត​ដែល​បាត់​នោះ​ពី​អ្នកគ្រប់គ្រង​សេវា​បញ្ចាំ​នៅ​បន​ល្បែង​កាស៊ីណូ Naga World មកវិញ​ទាំង​ចម្រូងចម្រាស​កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ដ្បិត​កងកម្លាំង​អង្គរក្ស​របស់​បន​ល្បែង​កាស៊ីណូ Naga World មិន​ចង់​ប្រគល់​ឲ្យ​តាម​ការទាមទារ​របស់​សមត្ថកិច្ច ។​

​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ស្ត្រី​ម្នាក់​ឈ្មោះ «​ធា​» អាយុ​៣២​ឆ្នាំ ត្រូវជា​ភរិយា​របស់លោក លឹម សម្បត្តិ ហៅ «​ហេង​» ជា​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ប្តី​តាម​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ព្រោះ​ចាញ់ល្បែង​នៅ​បន​ល្បែង​កាស៊ីណូ Naga World  រហូតដល់​ថ្នាក់​យក​រថយន្ត​ទៅ​ដាក់បញ្ចាំ​នៅ​បន​ល្បែង​កាស៊ីណូ Naga World នោះ បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឲ្យ​ដឹងថា នាង​បាន​ទៅលេង​ល្បែង​នៅ​បន​ល្បែង​កាស៊ីណូ Naga World សង្ឃឹម​ឈ្នះ​ក្រែង​បាន​លុយ ប៉ុន្តែ​អកុសល​កាន់តែ​លេង​បែរជា​កាន់តែ​ចាញ់ រហូតដល់​ជំពាក់​លុយ​គេ ទើប​នាង​សម្រេចចិត្ត​យក​រថយន្ត​មួយគ្រឿង​ម៉ាក Highlander ទៅ​ដាក់បញ្ចាំ​បាន​លុយ​៦ ០០០​ដុល្លារ​អាមេរិក​ក្នុង​បំណង​ស្រង់ដើម បែរជា​ជួប​ស៊យ​ស្រង់ដើម​មិន​រួច​ក៏​ចាញ់​អស់​លុយ​ទៀត ទើបត្រូវ​ប្តី​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​តែម្តងទៅ ។​

​ព័ស្តុតាង​មួយទៀត កាលពី​រាត្រី​ថ្ងៃទី​០៦ ខែ វិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ សមត្ថកិច្ច​ស្ទាក់​ចាប់បាន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​ជា​ចៅហ្វាយ​របស់ខ្លួន បន្ទាប់ពី​បាន​យក​រថយន្ត​របស់​ចៅហ្វាយ​មួយគ្រឿង​ទៅ​ដាក់បញ្ចាំ​នៅ​បន​ល្បែង​កាស៊ីណូ Naga World បាន​លុយ​ចំនួន​៨ ៥០០​ដុល្លារ​អាមេរិក រួច​ចាញ់ល្បែង​នៅ​ទីនោះ​អស់រលីង ហើយ​បម្រុង​យក​រថយន្ត​របស់​ចៅហ្វាយ​មួយគ្រឿង​ទៀត​ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ដាក់បញ្ចាំ​នៅ​បន​ល្បែង​កាស៊ីណូ Naga World ដើម្បី​បន្ត​លេងល្បែង​ស៊ីសង​រួចមក ។​

​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ល្បែងស៊ីសង​នៅក្នុង​កាស៊ីណូ​ទេ ហើយ​រាជរដ្ឋាភិបាល​ក៏​ធ្លាប់បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ទៀតផង ទើប​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នោះ​ដំណើរការ​អាជីវ​កម្មបាន ។ ប៉ុន្តែ​ផ្ទុយទៅវិញ ព័ស្តុតាង​ជាក់ស្តែង​ដូច​ករណី​ស្ត្រី​ជា​ប្រពន្ធ​លោក​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង និង​បុរស​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​មន្ត្រី​គយ​អាច​ចូលទៅ​លេងល្បែង​នៅ​បន​ល្បែង​កាស៊ីណូ Naga World កណ្តាល​រាជធានី​ភ្នំពេញ​យ៉ាង​ហ៊ឺហា​រហូតដល់​ចាញ់ល្បែង​អស់​លុយ យក​ទាំង​ឡាន​ដាក់បញ្ចាំ​ទៀត ខណៈ​មិនឃើញ​មាន​សមត្ថកិច្ច​បង្ក្រាប​ប​ន​ល្បែង​កាស៊ីណូ Naga World ល្មើស​នោះឡើយ (Sic!) ។​

​លើសពីនេះ បន​ល្បែង​កាស៊ីណូ Naga World បែរជា​ថ្លើមធំ​ហ៊ាន​ទទួល​ដាក់​របស់​បញ្ចាំ​ដែល​មិនមែនជា​របស់​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ (​ជា​របស់​ចោរ​) របៀប​ប្រព្រឹត្ត​អំពើ​ទទួលផល​ចោរកម្ម​ទៀតផង ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច និង​តំណាង​អយ្យការ​នៃ​ស្ថាប័ន​តុលាការ​ណា​ម្នាក់​ចេញមុខ​ប្តឹង​អ្នកគ្រប់គ្រង​បន​ល្បែង​កាស៊ីណូ Naga World ឲ្យ​ទទួល​ទោសទណ្ឌ​តាមច្បាប់​ជា​ធរមាន​អ្វី​ទេ (Resic!) ។​

​ថៅកែ​បន​ល្បែង​កាស៊ីណូ Naga World គឺ​លោក ចេ​ន លី​ប​គង់ (Chen Lip Keong) ដែល​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៣/១០២៣ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ពោល​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​» យ៉ាង​ហ៊ឺហា​នៅ​កម្ពុជា ដែល​ហៅ​សាមញ្ញ​ថា «​ឯកឧត្តម​ថៅកែ​បន​ល្បែង​កាស៊ីណូ Naga World» ។​

​សរុបសេចក្តី​មក ករណី​បន​ល្បែង​កាស៊ីណូ Naga World មាន​ឯកឧត្តម Chen Lip Keong ជា​ថៅកែ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ស៊ីសង​ដោយ​សេរី និង​ទទួល​ដាក់បញ្ចាំ​របស់​ចោរ​ក្រោមរូបភាព​ទទួលផល​ចោរកម្ម​ធ្វើ​កម្ពុជា​ក្លាយជា «​ស្រុក​សម្បុក​ចោរ​» គឺ​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ទំនងជា​មើលមិនឃើញ​ទេ ពីព្រោះ​ឋិត​នៅ «​ក្បែរ​ភ្នែក​» ពេក ៕

  

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.