ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​ខ្លាំង​លើ​ខ្លាំង ! កូនទាហាន​ដែល​ដុត​រូបថត​មេទាហាន​ផ្កាយ​៥​ផុត​លេខ និង​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​មិនមាន​រឿងរ៉ាវ​អពមង្គល​ដល់​ខ្លួន​

​ជា​រឿង​ចាស់ តែ​វា​ជា​រឿង​គួរ​ឲ្យ​លើក​យកមក​ពិចារណា​សា​ឡើងវិញ​ទុក​ជាការ​រំលឹក​ក្រែងលោ​ភ្លេច ។ ប្រិយមិត្ត​អ្នកអាន​មួយចំនួន​ទំនងជា​អាច​នៅ​ចងចាំ​បាន​ថា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣​កន្លងទៅ (​ក្រោយ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​ដ៏​ចម្រូងចម្រាស​) មាន​យុវជន​ម្នាក់ និង​មាន​ក្របខ័ណ្ឌ​ជា​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៧៨៩៩០​ផង ធ្លាប់បាន​ដុត​រូបថត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ (​អតីត​ឧ​ត្ត​ម​សេនីយ៍​ឯក​) អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ Post តាម Page Facebook ប្រើ Account ដាក់ឈ្មោះ​របស់ខ្លួន​ផ្ទាល់​ដើម្បី​បញ្ចេញ​កំហឹង​ក្រោយ​កើតមាន​សកម្មភាព​រប​ស់​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​យ៉ាង​សាហាវ​ទៅលើ​ក្បួន​បាតុកម្ម​របស់​កម្មករ កម្មការិនី​រោងចក្រ SL នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។ លើសពីនេះ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ យុវជន​ដដែល​ក៏បាន​ដុត​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា Post បង្ហោះ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ទៀតផង ។​

​យុវជន អតីត​ជា​អ្នកលេង Facebook ដ៏​ល្បី និង​ជា​កូនទាហាន​ម្នាក់​អត្តលេខ​០៧៨៩៩០ ដែល​ដុត​រូបថត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ជួន សុវណ្ណ និង​ដុត​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង Post ក្នុង Facebook នោះ មានឈ្មោះ ផែ សុវណ្ណារិទ្ធ «Phe Sovannarith» ។ 

​ទោះបី​យុវជន ផែ សុវណ្ណារិទ្ធ និង​ជា​កូនទាហាន​អត្តលេខ​០៧៨៩៩០​ម្នាក់​ផង បញ្ចេញ​សកម្មភាព​ថ្លើមធំ​ហ៊ាន​ដុត​រូបថត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស ជួន សុវណ្ណ និង​បុរស​ខ្លាំង ជា​មេទាហាន​ផ្កាយ​៥​ផុត​លេខ និង​ជា​នាយករដ្ឋមន្ត្រី Post បង្ហោះ​ពេញ Facebook ជា​សាធារណៈ​ក៏ដោយ ក៏​យុវជន​រូបនេះ មិនត្រូវ​បាន​បុរស​ខ្លាំង ឬ​មេ​ប៉ូលិស ឬ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច «​ចាត់ការ​តាមផ្លូវ​ច្បាប់​» អ្វី​ឡើយ ពោលគឺ​មិនមាន​រឿងរ៉ាវ​អពមង្គល​ដល់​ខ្លួន​នោះទេ ខណៈ​នា​រយៈពេល​ក្រោយៗ​មក​មាន​អ្នកលេង Facebook ជាច្រើន​នាក់ ត្រូវ​ទទួលរង​ការ​ប្តឹងផ្តល់ និង​ចាប់​ដាក់គុក​ព្រោះតែ​ការ​ប្រមាថកាតទាន​ទៅ​រូប​បុរស​ខ្លាំង ជាអាទិ៍​៖ ប្រើពាក្យ​សម្លាប់​តាម Facebook (​មិនមាន​មធ្យោបាយ​ត្រៀម​សម្លាប់​ទេ​) និង​ប្រមាថ​ដាក់​ទំនាយ​ថា «​ស្លាប់​» តាម Facebook…​។​ល​។ 

​មិន​ត្រឹម​ដុត​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ប៉ុណ្ណោះ​ទេ យុវជន ផែ សុវណ្ណារិទ្ធ បាន Post នៅក្នុង Page របស់ខ្លួន នា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​បញ្ចេញ​ទស្សនៈ​ផងដែរ​ថា «​ខ្មែរ និង​ខ្មែរ​ឈ្លោះ​គ្នា នឹង​កើត ហ៊ុន សែន រាប់រយ​នាក់​» ។ 

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា គឺ​បុរស​ឈ្មោះ ផែ សុវណ្ណារិទ្ធ មិនបាន​ដាច់ចិត្ត​ចាក​ចេញទៅ​ទីណា​ឆ្ងាយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ធី សុវណ្ណ​ថា នោះទេ រួមទាំង​សកម្មភាព​នៅ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង​ផង ខណៈ​បច្ចុប្បន្ន ស្ត្រី​ឈ្មោះ ធី សុវណ្ណ​ថា បានប្រកាស​ចាក​ចេញពី​តំណែង​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​មក​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចំហ​ហើយ ដែលមាន​បុរស​ខ្លាំង​ជា​ត្រូវជា «​តា​» របស់​នាង ធ្វើជា​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​ដ៏​មានអំណាច​គ្មាន​គូ​ប្រៀប​របៀប «​ខ្លាំង​ម្នាក់ឯង​» ។​

​សរុបសេចក្តី​មក យុវជន​ឈ្មោះ ផែ សុវណ្ណារិទ្ធ ជា​កូនទាហាន​ម្នាក់ (​ធ្លាប់បាន​ប្រកាសថា ក្របខ័ណ្ឌ​ជា​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់ខ្លួន​ត្រូវបាន​គេ​លុបចោល​វិញ​បាត់ទៅហើយ​) ហ៊ាន​ដុត​រូបថត​បុរស​ខ្លាំង​ជា មេទាហាន​ផ្កាយ​៥​ផុត​លេខ និង​ជា​នាយករដ្ឋមន្ត្រី ហើយ​ថែមទាំង​មិនមាន​រឿងរ៉ាវ​អពមង្គល​ដល់​ខ្លួន​ទៀត​នោះ គឺ​ពិតជា «​ខ្លាំង​លើ​ខ្លាំង​» មែន ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.