បើយោងតាមលទ្ធផលបឋមមិនទាន់ផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមានលោក ខឹម វាសនា ជាប្រធាន ទំនងជាមិនទទួលបាននូវអាសនៈមេឃុំ ចៅសង្កាត់ណាមួយឡើយនៅក្នុងចំណោមឃុំ សង្កាត់សរុបចំនួន១ ៦៤៦ទូទាំងប្រទេសនោះ ប៉ុន្តែគណបក្សនយោបាយមួយនេះធ្លាប់បានទទួលរងនូវការព្រមានជាលាយលក្ខណ៍អក្សរមួយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទុកជា «អនុស្សាវរីយ៍» តាមស្មារតីលិខិតលេខ៨៥៤គជប ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ។
លិខិតព្រមានរបស់គ.ជ.ប ដែលបានជម្រាបមកលោក ខឹម វាសនា ជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះបានលើកឡើងថា «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសង្កេតឃើញថា នៅថ្ងៃហាមឃាតនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រើប្រាស់ប្រព័ន្ធអនឡាញ (Online) ធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សនយោបាយផ្សេងទៀត ។ សកម្មភាពនេះជាការរំលោភច្បាប់ទាំងស្រុង ព្រោះថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវបញ្ឈប់២៤ (ម្ភៃបួន)ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ។ អាស្រ័យហេតុនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយឃោសនាដែលផ្ទុយពីច្បាប់បោះឆ្នោត បើពុំដូច្នោះទេ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ ។» ។
គួរបញ្ជាក់ជូនដែរថា សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅតាមបណ្តាឃុំ សង្កាត់ចំនួន៨៤៤ ក្នុងរាជធានី-ខេត្តចំនួន២៤ (ចំនួនឃុំ សង្កាត់សរុប១ ៦៤៦ ក្នុងរាជធានី-ខេត្តចំនួន២៥) ប៉ុន្តែគណបក្ស LDP ទំនងជាមិនទទួលបាននូវអាសនៈមេឃុំ ចៅសង្កាត់ណាមួយឡើយ ៕