ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​ឱកាស​ថ្មី​ឆ្ពោះទៅ​ឆ្នាំ​២០១៨ ! បក្សប្រឆាំង​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ជិត​៥០០ ខណៈ​បក្ស​កាន់អំណាច​របូត​ពី​ដៃ​អស់​ជាង​៤០០

​ឆ្លុះបញ្ចាំង​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងទៅ និង​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​ដែល​ទើប​បញ្ចប់​នា​ថ្ងៃ​ម្សិលមិញ​នោះ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា ការរួម​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បង្កើតបានជា​គណបក្សនយោបាយ​ប្រឆាំង​មួយ​ថ្មី​ឈ្មោះថា «​គណបក្ស​សង្គ្រោះ​ជាតិ​» ធ្វើ​ឲ្យ​សំឡេងឆ្នោត​គាំទ្រ​មានការ​កើនឡើង​ខ្លាំង ដោយ​ជាក់ស្តែង​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច និង​មានទ្រព្យ​សម្បត្តិ​មហាសាល​បាត់បង់​អាសនៈ​នៅក្នុង​រដ្ឋសភា​អស់​ចំនួន​២២​អាសនៈ និង​នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រុះ​របូត​ពី​ដៃ​នូវ​អាសនៈ​មេឃុំ ចៅសង្កាត់​ទូទាំងប្រទេស​អស់​ចំនួន​ប្រមាណ​៤២៩​បើ ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ។​

​នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​កន្លងទៅ នៅពេលដែល​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មិនទាន់​រួម​ច្របាច់​បញ្ចូល​គ្នា​នោះ គឺ​គណបក្ស​សម រង្ស៊ី​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ត្រឹម​ចំនួន​២២ និង​គណបក្ស​សិទ្ធិមនុស្ស​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​១៨ ពោល​សរុប​ចូលគ្នា​សម្រាប់​គណបក្សនយោបាយ​ទាំង​២​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៤០​ប៉ុណ្ណោះ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​រហូតដល់​ទៅ​ចំនួន​១ ៥៩២ នៅ​ទូទាំងប្រទេស ។​

​ឥឡូវនេះ លទ្ធផល​បឋម​មិនទាន់​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​នៅ​ទូទាំងប្រទេស​ចំនួន​១ ១៦៣ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ចំនួន​៤៨២ ។ មានន័យថា បើ​ប្រៀបធៀប​ទៅនឹង​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​របូត​ពី​ដៃ​នូវ​អាសនៈ​មេឃុំ ចៅសង្កាត់​អស់​ចំនួន​៤២៩ ខណៈ​គណបក្សប្រឆាំង​កើន​អាសនៈ​មេឃុំ ចៅសង្កាត់​រហូតដល់​ទៅ​ចំនួន​៤៤២ ស្មើនឹង​១២​ដង ។​

​ប្រការ​គួរ​ឲ្យ​កត់សម្គាល់​ថែមទៀត​នោះ ក្រៅពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម និង​ខេត្តសៀមរាប ដែល​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​នាំមុខ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) គឺ​បណ្តា​ខេត្ត​ចំនួន​១៩​ទៀត ទោះបី​តិចក្តី ឬ​ច្រើនក្តី គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ជា​ហូរហែ ដោយមាន​ខេត្ត​ខ្លះ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ក្នុង​ចំនួន​ប្រដំប្រសង ឬ​ប្រដេញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ជាអាទិ៍​៖ ខេត្ត​បាត់​បំបង ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.