ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​ធ្ងន់​ក ! បក្សប្រឆាំង «​វាយ​បែក​បន្ទាយ​» បក្ស​កាន់អំណាច​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​កំពង់ចាម 

​លទ្ធផល​បឋម​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ ថ្វី​ដ្បិត​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច និង​មាន​លុយកាក់​មហាសាល​ទទួលបាន​ចំនួន​អាសនៈ​មេឃុំ ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលជា​គណបក្សនយោបាយ​ប្រឆាំង​កើតចេញពី​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស និង​មិនសូវមាន​លុយកាក់​ក៏ដោយ ក៏​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន «​វាយ​បែក​បន្ទាយ​» គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តកំពង់ចាម ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់ នាំមុខ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ហ៊ឺហា ។​

​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​១០៥​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​អាសនៈ​ចៅសង្កាត់​ចំនួន​៥៤ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៥១ (​អាណត្តិ​ទី​៣ ដែលមាន​សង្កាត់​ចំនួន​៩៦ គឺ​អាសនៈ​ចៅសង្កាត់​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​) ។​

​ខេត្តកំពង់ចាម ដែលជា​ស្រុកកំណើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​១០៩​ឃុំ សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៧៦ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៣៣ (​អាណត្តិ​ទី​៣​ដែលមាន​ឃុំ សង្កាត់​ចំនួន​១៧៣ គឺ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​១៦១ គណបក្ស​សម រង្ស៊ី មាន​ចំនួន​០៥ និង​គណបក្ស​សិទ្ធិមនុស្ស​មាន​ចំនួន​០៧) ។ 

​ខេត្តសៀមរាប ដែលជា​ទឹកដី​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ មាន​១០០​ឃុំ សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៥៦ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៤៤ ក្នុងនោះ​ក្រុង​សៀមរាប​មាន​ចំនួន​១២​សង្កាត់ តែ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​ចៅសង្កាត់​រហូតដល់​ទៅ​ចំនួន​១១​បាត់ទៅហើយ (​អាណត្តិ​ទី​៣ ដែលមាន​ឃុំ សង្កាត់​ចំនួន​១០០ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៩៨ និង​គណបក្ស​សម រង្ស៊ី ចំនួន​០២) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.