តារាចម្រៀង ព្រាប សុវត្ថិ ដ៏ល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាស មិនត្រឹមតែមានក្របខ័ណ្ឌជានាយទាហាននៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ គឺជាតារាដ៏មានពន្លឺរះនៅក្នុងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែមានទ្រព្យសម្បត្តិមហាសាល និងមានកម្លាំងរឹងមាំប្រទាក់ក្រឡាពីលើដល់ក្រោម ។
នាថ្ងៃបិទបញ្ចប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ក្រៅពីសិល្បៈករ សិល្បការិនី និងតារាដទៃទៀត គឺតារាចម្រៀង ព្រាប សុវត្ថិ ក៏បានចូលរួមដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងស្វាហាប់់ ។
ដំណាលពេលគ្នានឹងស្ត្រីវ័យក្មេង ធី សុវណ្ណថា អតីតប្រធានអង្គការយុវជនកិច្ចការសង្គម (បច្ចុប្បន្នសុំចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា) តារាចម្រៀង មាស សុខសោភា និងតារាចម្រៀង ស៊ុន ស្រីពេជ្រ គឺតារាចម្រៀង ព្រាប សុវត្ថិ ទទួលបាននូវការបំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីរាជរដ្ឋាភិបាលកម្ពុជា ដោយអនុក្រឹត្យលេខ៨៦៨អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ៕