ថ្ងៃ អាទិត្យ ទី ១៧ ខែ មករា ឆ្នាំ ២០២១

​ជិត​៣​ឆ្នាំ​មិនទាន់​ចេញ​លទ្ធផល ! យ៉ាងម៉េច​ហើយ​ករណី​ឧកញ៉ា ថោង សារ៉ាត់ ក្នុង​សំណុំរឿង​ឃាតកម្ម​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ខណៈ​ភរិយា​ឧកញ៉ា ថោង សារ៉ាត់ គាំទ្រ​ឲ្យ​បក្ស​កាន់អំណាច​ឈ្នះឆ្នោត ? 

​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សឹង​មិនគួរ​ឲ្យ​ជឿ នៅពេលដែល​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ឧកញ៉ា ថោង សារ៉ាត់ ហៅ «​ប៊ិន ទឹង​» នាយក​ក្រុមហ៊ុន Meanchey International Investment និង​ក្រុមហ៊ុន​បុរី​៩៩៩ ព្រមទាំង​ជា​ពាណិជ្ជករ​ម្នាក់​ឋិត​ក្នុង​ក្រុមការងារ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ដាក់​ការសង្ស័យ និង​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​ទៅលើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ នា​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២១៤​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កន្លងទៅ ។​

​មុនពេល​ឈានដល់​ការចាប់ខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ឧកញ៉ា ថោង សារ៉ាត់ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះ គឺ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​ឃាត់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ និង​ក្រុម​អង្គរក្ស​យកទៅ​សាកសួរ​នាំ​រួច​ម្តងមកហើយ​បន្ទាប់ពី​លោក​ឧកញ៉ា ថោង សារ៉ាត់ ចេញពី​កិច្ចប្រជុំ​ការងារ​គណបក្ស​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បឹងទំពុន ប៉ុន្តែ​ក៏បាន​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រឡប់មក​លំនៅឋាន​វិញ ដោយ​រក្សាទុក​តែ​ក្រុម​អង្គរក្ស​ប៉ុណ្ណោះ និង​ក៏បាន​ក្លាយជា​ឱកាស​ឲ្យ​លោក​ឧកញ៉ា ថោង សារ៉ាត់ រត់គេចខ្លួន​ពួន​អាត្មា​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​តរៀងមក ខណៈ​ប្រភព​ជាក់លាក់​រាយការណ៍​ឲ្យ​ដឹងថា លោក​ឧកញ៉ា ថោង សារ៉ាត់ គេចខ្លួន​ទៅ​ប្រទេស​វៀតណាម ។​

​លុះដល់​ថ្ងៃទី​០៥ ខែ​ឆ្នូ ឆ្នាំ​២០១៤ ទើប​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​សាធារណៈ​ស្វែងរក​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ ក្រោយមកទៀត នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៥ ពោលគឺ​បន្ទាប់ពី​រត់គេចខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​០៤​ខែ លោក​ឧកញ៉ា ថោង សារ៉ាត់ ក៏បាន​ចូលខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាប់​តាម​សម្រួល និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រនា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៥​រហូតទល់​សព្វថ្ងៃ ។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​ក្រៅពី​ក្រុម​អង្គរក្ស​របស់លោក​ឧក​ញ៉ា នៅមាន​មនុស្ស​ជាច្រើន​នាក់​ទៀត​រួមទាំង​ឪពុក​របស់លោក​ឧកញ៉ា ឈ្មោះ ថោង ចំរើន ហៅ «​មិន​» និង​ម្តាយ​របស់លោក​ឧកញ៉ា ឈ្មោះ កែវ សារី ហៅ «​ហាយ​» នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​អត្តលេខ​០៤៣១៧២ ឋានន្តរស័ក្តិ​វរសេនីយ៍ទោ និង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ផង ជាប់គុក​ជា​ហូរហែ​តៗ​គ្នា ជាអាទិ៍ ៖ លោក​ចៅក្រម អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ (​ឥឡូវ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ហើយ​) និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពេជ្រ ព្រហ្ម​មុន្នី ជា​មនុស្ស​ជំនិត និង​ជា​គ្រូមន្តអាគម​អូមអាម​របស់លោក​ចៅក្រម អាំង មាលតី ។​

​ក្រោយ​ការជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​០៤​ខែ​មក ជន​ត្រូវ​ចោទ​ឈ្មោះ ថោង សារ៉ាត់ ដែលជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) អត្តលេខ​០០១១៨៧ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ​ជា​ស្ថាពរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៨៨៥ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ។​

​ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០១/៤៣៦ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០១) និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​អត្តលេខ​០០១១៨៧ នោះ លោក​ឧកញ៉ា ថោង សារ៉ាត់ ក៏​ធ្លាប់​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង​) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (​មិន​ទទួល​ប្រាក់​បំណាច់​)​ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១១/៧១៩ ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១១ ។​

​ទោះបី​ជនជាប់ចោទ​ឈ្មោះ ថោង សារ៉ាត់ ទទួលបាន​ការបើក​សវនាកា​រ​រួចហើយ​ក៏ដោយ ក៏​រហូតមកទល់​បច្ចុប្បន្ន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនទាន់​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅលើ​លោក​ឧកញ៉ា ថោង សារ៉ាត់ ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ក្នុង​កម្រិតណា​នៅឡើយ ខណៈ​លោក​ឧកញ៉ា ថោង សារ៉ាត់ ធ្លាប់បាន​បដិសេធថា ខ្លួន​មិនមែនជា​ជន​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​ទៅលើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នោះទេ ។​

​ក្រឡេក​មក​មើល​លោកស្រី ទាវ ធីតា ត្រូវជា​ភរិយា​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ដែលមាន​ឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ និង​កំពុង​មានឈ្មោះ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ជា​នាយិកា​ក្រុមហ៊ុន Meanchey International Investment បន្តវេន​ពី​ស្វាមី​របស់ខ្លួន​នោះ បាន​ប្រមែប្រមូល​បុគ្គលិក​ក្រុមហ៊ុន​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្តេជ្ញា​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​បច្ចុប្បន្ន​បានឈ្នះ​ឆ្នោត​នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ ។​

​ដូច្នេះ មជ្ឈដ្ឋាន​អ្នកឃ្លាំមើល​ប្រព័ន្ធយុត្តិធម៌​សង្គម​នៅ​កម្ពុជា​នឹង​បន្ត​តាមដាន​មើលថា តើ​លោក​ឧកញ៉ា ថោង សារ៉ាត់ ស្វាមី​របស់លោក​ស្រី ទាវ ធីតា ពិតជា​មេខ្លោង​ឃាតក​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដ៏​កក្រើក​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដូច​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​តុលាការ​ចោទប្រកាន់​មែនដែរ​ឬទេ ? តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​ឧកញ៉ា ថោង សារ៉ាត់ បាន​ឬ​មិនបាន និង​តាមរបៀប​ណា ? ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.