មន្ត្រីមូលដ្ឋានថ្នាក់ក្រោម ដូចជាចៅសង្កាត់ព្រែកថ្មី និងអភិបាលរងនៃគណៈអភិបាលខណ្ឌច្បារអំពៅបាននាំគ្នាសម្តែងនូវការភ្ញាក់ផ្អើលពេលឃើញសកម្មភាពរបស់លោកឧត្តមសេនីយ៍ឯក អោក សៀង ប្រើប្រាស់គ្រឿងចក្រវាយបំផ្លាញរបាំងថ្មការពារផ្លូវ និងស្ពានព្រែកសំរោងជាអំណោយរបស់ប្រទេសចិនឋិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតាមការអនុញ្ញាតពីឯកឧត្តមបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។
យោងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក អោក សៀង ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពយល់ព្រមឲ្យលោកឧត្តមសេនីយ៍រូបនេះវាយខឿនបេតុង ចាក់បំពេញដី និងក្រាលការ៉ូឡាតាមបណ្តោយផ្លូវសងខាងក្បាលស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅត្រើយខាងកើត តាមស្មារតីលិខិតលេខ១២០៩សក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ។
មន្ត្រីជំនាញខាងផ្លូវស្ពានថ្នល់មួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយរបៀបចំអកថា ទំនងជាវិស្វករផ្លូវថ្នល់ចិនសាងសង់របងថ្មការពារផ្លូវ និងស្ពានព្រែកសំរោងមានការខុសឆ្គងបច្ចេកទេស ទើបឯកឧត្តមបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនព្រមព្រៀងឲ្យលោកឧត្តមសេនីយ៍ឯក អោក សៀង វាយកម្ទេចរបាំងថ្មការពារផ្លូវ និងស្ពានមិត្តភាពកម្ពុជា-ចិន នោះចោលវិញតែម្តងទៅ តាមសណើរបស់លោកផ្កាយ៣ទាហាន អោក សៀង ។
លោក អោក សៀង នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៩៥២០ ជាអគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៣/៤០២ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ៕