ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

​ដល់​វគ្គអ្នកក្រ​ស៊ូទ្រាំ ! សម័យ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ កម្មករ កម្មការិនី​ត្រឹម​ទទួល​បានតែ​ប៉ុណ្ណឹង​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​មិន​ដូច​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ និង​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងមក​ទេ គឺ​សម្រាប់​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឯកឧត្តម អ៊ិត សំហេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី​មិនបាន​កំណត់​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ និង​ស្នើ​ឲ្យ​និយោជក​រោងចក្រ សហគ្រាស​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​មុន​ថ្ងៃ​ទៅ​បោះឆ្នោត ឬ​អនុញ្ញាត​ឲ្យ​ខ្ចីប្រាក់​មួយ​ភាគ (​បុរេប្រទាន​) ជូន​ដល់ក​ម្មករ កម្មការិនី​បម្រើ​ការងារ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន​នានា​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ​ឡើយ (​ជាពិសេស​កម្មករ កម្មការិនី​ទៅ​បោះឆ្នោត​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ​) ។​

​នា​សម័យ​បោះឆ្នោត​ជា​ហូរហែ​កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់បាន​សម្រេច​កំណត់​កាលបរិច្ឆេទ​ឲ្យ​កម្មករ កម្មការិនី​ឈប់សម្រាក​ពី​ការងារ​រហូតដល់​ទៅ​០៣​ថ្ងៃ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​បាន​ទៅ​ចូលរួម​បោះឆ្នោត គឺ​មុន​ថ្ងៃ​បោះឆ្នោត​ចំនួន​០១​ថ្ងៃ ចំ​ថ្ងៃ​បោះឆ្នោត​០១​ថ្ងៃ និង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ចំនួន​០១​ថ្ងៃ ចំពោះ​កម្មករ កម្មការិនី​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​បោះឆ្នោត​នៅតាម​បណ្តា​ខេត្ត​នានា ឬ​ពី​បណ្តា​ខេត្ត​ទៅ​បណ្តា​ខេត្ត​ណាមួយ​ផ្សេងទៀត ។​

​ដោយឡែក សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ គឺ​ក្រៅពី​យោងតាម​សេចក្តីអំពាវនាវ​លេខ​៧៤៩​គជប ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានត្រឹមតែ​ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​១៣៤ កប​/​សជណ​.​ខ​ល ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧​ស្នើ​ជា​ប្រយោល​ដល់​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់ក​ម្មករ និយោជិត​បាន​ទៅ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ស្របតាម​ស្មារតី​អំពាវនាវ​របស់​គ​.​ជ​.​ប ប៉ុណ្ណោះ ។ មានន័យថា បាន​ត្រឹម​ចេញ​សេចក្តីអំពាវនាវ និង​សេចក្តីជូនដំណឹង​ជា​ប្រយោល​តៗ​គ្នា​ពី​គ​.​ជ​.​ប មកដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​មិនបាន​កំណត់​ជាក់លាក់​អំពី​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ និង​ស្នើ​បើក​ផ្តល់ប្រាក់​ឈ្នួល ឬ​បុរេប្រទាន​ប្រាក់​ឈ្នួល​ក្នុងន័យ​បង្កលក្ខណៈ​ងាយស្រួល​ដល់ក​ម្មករ កម្មការិនី​ដូចដែល​បានធ្វើ​អស់​ជាច្រើន​សម័យ​បោះឆ្នោត​រួចមកហើយ​ទាល់តែសោះ ។​

​សរុបសេចក្តី​មក សម្រាប់​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ គឺ​បងប្អូន​កម្មករ កម្មការិនី​សូមមេត្តា «​ស៊ូទ្រាំ​ទៅ​» ពីព្រោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​ឯកឧត្តម អ៊ិត សំហេង ជា​រដ្ឋមន្ត្រី អាចជួយ​បងប្អូន​បានត្រឹមតែ​ចេញ «​សេចក្តីជូនដំណឹង​» ប៉ុន​បាតដៃ​ប៉ុណ្ណឹង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.