ក្រសួងយុត្តិធម៌ដែលមានឯកឧត្តម អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវតុលាការបានចេញសេចក្តីប្រកាសមួយលេខ១១៥ កយ.ប្រក/១៧ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បញ្ជាក់ឲ្យដឹងថា នឹងបើកឲ្យមានការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជីជំនាន់ទី៥នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការចំនួន១០០នាក់ ដោយធ្វើការប្រឡងប្រជែងជ្រើសរើសក្នុងចំណោមមន្ត្រីរាជការ និងសិស្ស និស្សិតទាំងពីរភេទ ។
ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៥ចំនួន១០០នាក់នេះ មានពីរដំណាក់កាល គឺដំណាក់កាលទី១ ៖ ការប្រឡងប្រជែងលើវិញ្ញាសាសរសេរចំនួន៣វិញ្ញាសារួមមាន ៖ នីតិរដ្ឋធម្មនុញ្ញ រយៈពេល០២ម៉ោង មានមេគុណ១ ,នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) រយៈពេល០២ម៉ោង មានមេគុណ២ និងនីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ) រយពេល០២ម៉ោង មានមេគុណ២ ។ ការប្រឡងប្រជែងវិញ្ញាសាសរសេរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ខណៈបើបេក្ខជនអវត្តមានក្នុងការប្រឡងប្រជែងចំពោះវិញ្ញាសាសរសេរណាមួយក្នុងចំណោមវិញ្ញាសាទាំង៣ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ។ ដំណាក់កាលទី២ ៖ ការប្រឡងប្រជែងលើវិញ្ញាសាផ្ទាល់មាត់ចំនួន២វិញ្ញាសារួមមាន ៖ វប្បធម៌ទូទៅ មានមេគុណ២ និងជំនាញស្តាប់ និងកត់ត្រា មានមេគុណ២ ។ កាលបរិច្ឆេទនៃការប្រឡងប្រជែងលើវិញ្ញាសាផ្ទាល់មាត់នេះ នឹងជូនដំណឹងនៅពេលក្រោយ ។
ចំពោះបែបបទ និងលក្ខខណ្ឌនៃការប្រឡងជ្រើសរើសមាន ៖ ក-បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរពីកំណើត ។ ខ-ត្រូវមានអាយុ៣០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជានិស្សិត និងមានអាយុ៣៥ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្ត្រីរាជការគិតមកដល់ថ្ងៃប្រឡង ។ គ-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ,វិញ្ញាបនបត្របញ្ជាក់បញ្ចប់ការសិក្សាឆ្នាំទី២ផ្នែកនីតិសាស្ត្រ ឬបរិញ្ញាបត្ររងនៅមហាវិទ្យាល័យដែលមានកម្មវិធីសិក្សាសមមូល ។ ឃ-ត្រូវមានលិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌បញ្ជាក់ថា មិនធ្លាប់មានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ (ចំពោះមន្ត្រីរាជការពុំចាំបាច់ឡើយ) ។ ង-ត្រូវមានលិខិតបញ្ជាក់សុខភាពចេញដោយពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ច-ត្រូវមានឈ្មោះក្នុងបញ្ជីដែលអនុញ្ញាតឲ្យចូលប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៥ ៕