ប្រភពព័ត៌មានស្និទ្ធនឹងស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទទួលបន្ទុកផែនចរាចរណ៍ម្នាក់ គឺលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន អត្តលេខ០២៤៤៤ ,លោក ម៉ែន ចាន់រិទ្ធិ អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ,លោក យន់ គង់ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង និងលោក គី រីន នាយផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍នគរបាលស្រុកកណ្តាលស្ទឹង ត្រូវយុវជនឈ្មោះ ហ៊ឹម ប៊ុនហៃ អាយុ១៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) មានឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាប្រធាន ដោយប្តឹងចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ ។
ពាក្យបណ្តឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧របស់យុវជនឈ្មោះ ហ៊ឹម ប៊ុនហៃ បានរៀបរាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ខ្លួនបានបើកបររថយន្តមកដល់ចំណុចវិហារបិទមាស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យទោចក្រយានយន្តមួយគ្រឿងរងការខូចខាតបន្តិចបន្ទួច និងអ្នកបើកបរម៉ូតូរងរបួសស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ អ្នករងរបួសដែលជាអ្នកបើកបរម៉ូតូត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ដោយឪពុករបស់ខ្លួនក៏បានទៅមើលជនរងគ្រោះ និងចេញថ្លៃព្យាបាលចំនួន២៣ម៉ឺនរៀល ហើយជនរងគ្រោះចេញពីមន្ទីរពេទ្យត្រឡប់មកលំនៅឋានវិញនារសៀលថ្ងៃដដែល ដ្បិតរបួសមានសភាពស្រាល ។
យុវជនឈ្មោះ ហ៊ឹម ប៊ុនហៃ បានរៀបរាប់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនទៀតថា នៅពេលជនរងគ្រោះបានចូលខ្លួនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីដោះស្រាយជាមួយខ្លួននោះ ត្រូវលោក គី រីន នាយផ្នែកចរាចរណ៍បណ្តេញចេញដោយប៉ូលិសរូបនេះដើរតួចរចាជំនួសជនរងគ្រោះទាមទារប្រាក់ចំនួន២ ០០០ដុល្លារអាមេរិក ព្រមទាំងគំរាមថា បើមិនព្រមសងទេ នឹងបញ្ជូនសំណុំរឿងទៅថ្នាក់លើ និងត្រូវជាប់គុកហើយ ។ ការទាមទារនេះត្រូវបានខ្លួនបដិសេធ ទើបលោក គី រីន ឃាត់ខ្លួនអស់មួយយប់នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដោយអះអាងថា ជាបញ្ជារបស់មេ គឺលោកស្នងការរង លោកអធិការ និងលោកអធិការរង ហើយនឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃស្អែក ។
ក្រោយមក ជនរងគ្រោះបានមកចរចាផ្ទាល់ដោយទាមទារប្រាក់ចំនួន១លានរៀល ហើយឪពុករបស់ខ្លួនក៏យល់ព្រម នឹងសុំយកខ្លួនដែលជាកូនមកផ្ទះសម្បែងវិញ ស្រាប់តែលោក គី រីន ប្រាប់ថា មេៗមិនអនុញ្ញាតិឲ្យចេញទៅផ្ទះទេ ប៉ុន្តែបើចង់ចេញត្រូវបង់ប្រាក់ថ្លៃដោះស្រាយចំនួន១៥០ដុល្លារអាមេរិក ។ ដោយខ្លាចប៉ូលិសឃាត់ខ្លួនទុកតទៅទៀតនោះ ទើបឪពុករបស់ខ្លួនយល់ព្រមបង់ប្រាក់តាមការទាមទារបស់ប៉ូលិសតែម្តង ។
យុវជនឈ្មោះ ហ៊ឹម ប៊ុនហៃ បានចាត់ទុកអំពើរបស់ប៉ូលិសពាក់ព័ន្ធនឹងហេតុការណ៍នេះ គឺជាអំពើបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ និងសំណូមពរឲ្យស្ថាប័នតុលាការ និង ACU មានវិធានការផ្តន្ទាទោសទៅលើក្រុមប៉ូលិសប្រព្រឹត្តខុសច្បាប់ទាំងនោះតាមច្បាប់ជាធរមាន ។
សេចក្តីរាយការណ៍ពីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌដែលយុវជនឈ្មោះ ហ៊ឹម ប៊ុនហៃ ប្តឹងមេប៉ូលិសខេត្តកណ្តាលចំនួន៤នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់នោះ ត្រូវបានលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាលចាត់ឲ្យលោក សេង រិទ្ធី ឋានន្តរស័ក្តិអនុព្រះរាជអាជ្ញាថ្នាក់លេខ៤ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលទទួលបន្ទុកចាត់ការដោយផ្ទាល់ ៕