ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​ចោរលួច​រួច​ទើប​ធ្វើ​របង ! អាជ្ញាធរ​ស្វែងរក​ចាប់ខ្លួន​មេ​អង្គការ AIF សមាគម ICA និង​ក្រុមហ៊ុន EBC ក្នុង​រឿង​ឆបោក​ពលរដ្ឋ​ជិត​១​ម៉ឺន​នាក់​អស់​លុយ​ជាង​៦០​លាន​ដុល្លារ 

​សមត្ថកិច្ច​ពាក់ព័ន្ធ​បានបង្ហាញ​នូវ​អត្តសញ្ញាណ​មេ​អង្គការ AIF មេ​សមាគម ICA និង​មេក្រុម​ហ៊ុន EBC និង​កំពុង​ស្វែងរក​ចាប់ខ្លួន​ពួកគេ​ក្នុង​សំណុំរឿង​ឆបោក​ប្រជាពលរដ្ឋ​ចំនួន​៧ ៤៣០​នាក់ នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​អស់​ទឹកប្រាក់​ជាង​៦០​លាន​ដុល្លារ​អាមេរិក​រយៈពេល​ជាច្រើន​ឆ្នាំ​ទើប​ដឹង ក្រោមរូបភាព​ប្រើ​ស្លាក​វិនិយោគ​រួមគ្នា​ប្រមូល​លុយ​ពី​ក្រុម​ប្រជាពលរដ្ឋ​ដោយ​សន្យា​ផ្តល់​ការប្រាក់​ខ្ពស់ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ឲ្យ​ដឹងថា តាម​ការប៉ាន់ស្មាន​ជាប​ឋ​ម​មាន​ប្រជាពលរដ្ឋ​ជាង​៥​ម៉ឺន​នាក់​បាន​ក្លាយជា​ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​របស់​អង្គការ AIF សមាគម ICA និង​ក្រុមហ៊ុន EBC ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិក ។ បច្ចុប្បន្ន ទឹកប្រាក់​ជាង​៦០​លាន​ដុល្លារ​អាមេរិក​ដែល​គេ​ដឹងថា អង្គការ AIF សមាគម ICA និង​ក្រុមហ៊ុន EBC បាន​ឆបោក​នោះ គឺ​តាមរយៈ​ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ប៉ុណ្ណោះ ដែល​ម្នាក់ៗ​ខាតបង់​ប្រាក់​ជា​មធ្យម​ប្រមាណ​៨ ០០០​ដុល្លារ​អាមេរិក ។​

​កាលពី​ខែឧសភា ឆ្នាំ​២០១៥​កន្លងទៅ គឺ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​លង់ខ្លួន​ចាញ់បោក​ខាតបង់​ទឹកប្រាក់​រួចទៅហើយ​នោះ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន​ថា អង្គការ AIF សមាគម ICA និង​ក្រុមហ៊ុន EBC ដែល​រកស៊ី​ខាង​ចងការ​ប្រាក់​ក្រោម​ស្លាក​វិនិយោគ​ផ្តល់​ការប្រាក់​ខ្ពស់ ពុំមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ត្រឹមត្រូវ​ទេ និង​អំពាវនាវ​ឲ្យ​សាធារណជន​មានការ​ប្រុងប្រយ័ត្ន (Sic!) ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការ​រិះគន់ថា ដំណើរការ​រកស៊ី​រប​ស់​អង្គការ AIF សមាគម ICA និង​ក្រុមហ៊ុន EBC មិនមែន​ប្រព្រឹត្ត​ទៅដោយ​លបៗ​លួចលាក់​ទេ គឺមាន​លក្ខណៈ​ជា​ចំហ​ធ្លុង ប៉ុន្តែ​ដោយសារ​អសមត្ថភាព​ផង ខ្វះ​មារយាទ​ផង និង​ជាប់​ក្នុង​ផលប្រយោជន៍​ផង ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​បណ្តែតបណ្តោយ​ឲ្យ​អង្គការ សមាគម និង​ក្រុមហ៊ុន​ទាំងនោះ មានឱកាស​ឆបោក​ប្រជាពលរដ្ឋ​ចំនួន​រាប់ម៉ឺន​នាក់​ជាច្រើន​ឆ្នាំ​អស់ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​ក្លាយជា​ជនរងគ្រោះ រួចហើយ​តាំង​ភ្ញាក់ខ្លួន​ចាត់ការ​តាមរបៀប «​ចោរលួច​រួច​ទើប​ធ្វើ​របង​» ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត (Resic!) ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.