ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

​ក្រសួង​ការងារ «​ស្ពឹក​ស្រពន់​» ឬ «​មិន​ខ្វល់​» នឹង​ការកំណត់​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ​របស់​កម្មករ ដើម្បី​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ​២០១៧ 

​ខុសប្លែក​ពី​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ និង​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងមក គឺ​សម្រាប់​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលមាន​ឯកឧត្តម អ៊ិត សំហេង ជា​រដ្ឋមន្ត្រី មិនទាន់​បានកំណត់​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ​របស់​កម្មករ កម្មការិនី​បម្រើ​ការងារ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ​ឆាប់ៗ​នៅឡើយ​ទេ ។

​យោងតាម​ឯកសារ​ជា​ព័ស្តុតាង​បាន​បង្ហាញថា នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤ ឆ្នាំ​២០០៨ សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ និង​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងមក គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់បាន​កំណត់​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ​របស់​កម្មករ កម្មការិនី​ដ៏​ជាក់លាក់ ដើម្បី​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជា​ហូរហែ យ៉ាងហោចណាស់​មាន​រយៈ​ពេល​ជាង​០១​ខែ​មុន​ការបោះឆ្នោត​ឯណោះ ។​

​មិន​ត្រឹមតែ​កំណត់​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ​ជាក់លាក់​របស់​កម្មករ កម្មការិនី​ប៉ុណ្ណោះ​ទេ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់​បានស្នើ​ឲ្យ​និយោជក​រោងចក្រ សហគ្រាស​ខិតខំ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ និយោជិត​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត ឬ​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត អាច​ខ្ចីប្រាក់​ឈ្នួល​មួយ​ភាគ​(​បុរេប្រទាន​) ជាមុន​ទៀតផង  ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ក​ម្មករ និយោជិត​បាន​ទៅ​ចូលរួម​បោះឆ្នោត​តាម​ពេលវេលា​កំណត់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​ជាពិសេស​សម្រាប់​កម្មក​រ កម្មការិនី​ទៅ​បោះឆ្នោត​នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ​) ។​

​ចម្លែក​តែ​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ គឺ​នៅសល់​រយៈពេល​មិន​ដល់​០៧​ថ្ងៃ​ផង​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​មកដល់ ប៉ុន្តែ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ឯកឧត្តម អ៊ិត សំហេង ជា​រដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​បានកំណត់​កាលបរិច្ឆេទ​ឈប់សម្រាក​ការងារ​របស់​កម្មករ កម្មការិនី ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​កម្មករ និយោជិត​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅឡើយ ទោះបី​មាន​សហជីព​មួយចំនួន​បានស្នើ​សុំ​រួចហើយ​ក៏ដោយ ពោល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ហាក់​បង្ហាញ​អំពី​ជំហរ «​ស្ពឹក​ស្រពន់​» ឬ «​មិន​ខ្វល់​» តែម្តង ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​បាន និង​កំពុង​ដាក់​ការមន្ទិលសង្ស័យ​យ៉ាងខ្លាំង ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ធ្លាប់​បានដាក់​លិខិតផ្លូវការ​មួយច្បាប់​គោរព​ជូន​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្នើសុំ​ឲ្យ​មាន​ការជួយ​អន្តរាគមន៍​ទៅ​និយោជក​រោងចក្រ សហគ្រាស​ផ្តល់ប្រាក់​បុរេប្រទាន​ដល់ក​ម្មករ និយោជិត តាម​បណ្តា​ខេត្ត​ឆ្ងាយៗ និង​កំណត់​ពេលវេលា​ឈប់សម្រាក​សមស្រប​ដោយ​រក្សា​ប្រាក់​បំណាច់​ផ្សេងៗ​សម្រាប់​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ប៉ុន្តែ​រហូតមកដល់​ត្រឹម​ម៉ោង​១៧​ល្ងាច នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧​នេះ ជា​លទ្ធផល​គឺ «​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.