នាពេលកន្លងមក មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះរាជអាជ្ញារងកម្មសិក្សាម្នាក់ គឺលោកស្រី ស៊ូ សុជាតា ជាព្រះរាជអាជ្ញារងកម្មសិក្សាបម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ប៉ុន្តែបែរជាទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញា ឋានន្តរស័ក្តិអនុព្រះរាជអាជ្ញាថ្នាក់លេខ៤ បម្រើការងារនៅអយ្យការអមសាលាដំបូងខេត្តកណ្តាល របៀបសិស្សប្រឡងនៅមណ្ឌលខេត្តប៉ៃលិន បែរជាទទួលបានលទ្ធផលជាប់នៅមណ្ឌលខេត្តកណ្តាលទៅវិញ ខណៈចៅក្រម-ព្រះរាជអាជ្ញារងកម្មសិក្សារួមជំនាន់ចំនួន៥៤នាក់ផ្សេងទៀត ទទួលបានការតាំងស៊ប់នៅបណ្តាលសាលាជម្រះក្តីនានាដែលខ្លួនទទួលបានការតែងតាំងឲ្យធ្វើកម្មសិក្សានៅទីនោះគ្រប់ៗគ្នា ប្រដូចទៅនឹងសិស្សប្រឡងនៅមណ្ឌលណា ត្រូវជាប់នៅមណ្ឌលនោះអ៊ីចឹងដែរ ប្រសិនបើសិស្សប្រឡងជាប់ (ចៅក្រម-ព្រះរាជអាជ្ញារងកម្មសិក្សាដែលបានបំពេញកម្មសិក្សាចប់ដោយជោគជ័យ) ។
លើសពីនេះ មជ្ឈដ្ឋានអ្នកច្បាប់ថែមទាំងបានសម្តែងនូវការងឿងឆ្ងល់ដែរថា តើមកពីកត្តា ឬមូលហេតុអ្វីពិតប្រាកដដែលនាំឲ្យលោកស្រី ស៊ូ សុជាតា ជាព្រះរាជអាជ្ញារងកម្មសិក្សានៅខេត្តប៉ៃលិន បែរជាទទួលបានការតាំងស៊ប់ជាព្រះរាជអាជ្ញារងនៅខេត្តកណ្តាលប្លែកពីគេឯងដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈជាង១០ឆ្នាំមកហើយទើបកើតមាន១ករណីក្នុងស្ថាប័នតុលាការកម្ពុជា (ចាប់តាំងពីមានការតាំងស៊ប់ចៅក្រម-ព្រះរាជអាជ្ញារងកម្មសិក្សាជំនាន់ទី១មក) បែបនេះទៅវិញ ?
ឥឡូវនេះ លេចចេញតម្រុយមូលហេតុដែលនាំឲ្យលោកស្រី ស៊ូ សុជាតា ជាព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បែរជាមានឱកាសទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញាជាព្រះរាជអាជ្ញារងនៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដ៏ចម្លែករបៀប «មួយប្រទេសមានតែមួយ» នោះហើយ គឺដោយសារលោកស្រី ស៊ូ សុជាតា ជាកូនស្រីរបស់ឯកឧត្តម ស៊ូ ភិរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដ៏មានឥទ្ធិពល និងត្រូវជាភរិយារបស់ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ ពោលគឺ លោកស្រី ស៊ូ សុជាតា មានឋានៈជា «ជំទាវ» ម្នាក់ផង ។
លោកស្រី ស៊ូ សុជាតា ជាសិស្សព្រះរាជអាជ្ញាជំនាន់ទី៦ ដែលបានប្រឡងជាប់បញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។ ចាប់តាំងពីត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនមក គឺលោកស្រី ស៊ូ សុជាតា មិនត្រូវបានផ្ទេរភារកិច្ចឲ្យទៅបម្រើការងារក្រោមរូបភាពជាព្រះរាជអាជ្ញារងកម្មសិក្សានៅសាលាជម្រះក្តីណាមួយផ្សេងទៀតឡើយ ។ ក្រោយមក យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផង និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាសម័យប្រជុំថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៧នោះ ស្រាប់តែលោកស្រី ស៊ូ សុជាតា ដែលជាព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ត្រូវបានព្រះករុណាព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តាំងស៊ប់ក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញា ឋានន្តរស័ក្តិអនុព្រះរាជអាជ្ញាថ្នាក់លេខ៤ នៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដ៏គួរឲ្យចម្លែក និងភ្ញាក់ផ្អើលទៅវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៥២ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ដូច្នេះ ការតាំងស៊ប់លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងកម្មសិក្សានៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញាជាព្រះរាជអាជ្ញារងនៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៥២ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នោះ គឺជារូបភាពដែលជាង១០ឆ្នាំកន្លងទៅទើបតែកើតមានមួយករណីប៉ុណ្ណោះ និងតាមរបៀប «មួយប្រទេសមានតែមួយ» ។ មានន័យថា លោកស្រីព្រះរាជអាជ្ញារងរូបនេះ គឺជាមន្ត្រីតុលាការជាប់លំដាប់អាទិភាពផុតកំពូលតែម្នាក់គត់ ។
គួររំលឹកជូនដែរថា ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងត្រូវជាស្វាមីរបស់លោកស្រី ស៊ូ សុជាតា ក៏ធ្លាប់បង្កើតនូវរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរូបភាពប្រើអំណាចរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអំណាចឯករាជ្យរបស់ស្ថាប័នតុលាការ «លូកកប់ក្លៀក» ប្រកបដោយការរិះគន់ព្រោងព្រាតរួចមកហើយ ដ្បិតកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ឯកឧត្តមចៅហ្វាយខេត្តតាកែវរូបនេះ បានសរសេរលិខិតផ្ទាល់ដៃកោះអញ្ជើញលោកចៅក្រម ប្លង់ ឆ្លាម (អតីតប្រធានសាលាដំបូងខេត្តតាកែវ) និងលោក ច្រឹង ខ្មៅ (អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ) ឲ្យចូលខ្លួនមកបំភ្លឺនៅចំពោះមុខចៅហ្វាយខេត្តនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង ស្តីពីការសម្រេចមិនឃុំខ្លួនជនសង្ស័យចំនួនពីរនាក់ ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (Sic!) ៕