រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតមូលនិធិមួយឈ្មោះថា «មូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ» ដែលប្រើប្រាស់ចំណូលចំនួន១៥ភាគរយនៃចំណូលដុលប្រចាំឆ្នាំរបស់គ្រឹះស្ថានអង្គរ ដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយអនុក្រឹត្យលេខ៥៥អនក្រ.បក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ខណៈការចំណាយមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរនេះឋិតក្រោមការគ្រប់គ្រង និងបញ្ជាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលតាមរយៈបរិបទចំណាយនៃថវិការដ្ឋ ។
មានក្រសួង-ស្ថាប័នចំនួន៥ ដែលទទួលបានការប្រើប្រាស់ចំណាយមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរប្រចាំឆ្នាំតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖
១-អាជ្ញាធរអប្សរា (ទើបផ្ទេរចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យមកឋិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវិញ ដែលមានលោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី និងជាប្រធាន) ចំនួន៧៧ភាគរយ សម្រាប់ជាគុណប្រយោជន៍ក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ។ អាជ្ញាធរអប្សរា ត្រូវប្រើប្រាស់មូលធិនិនេះមួយចំនួនសម្រាប់ការអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ ។
២-សាលាខេត្តសៀមរាប (ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹម ប៊ុនសុង ជាអភិបាលនៃគណៈអភិបាល) ចំនួន១០ភាគរយ ដើម្បីធ្វើការអភិវឌ្ឍបន្ថែមសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅជុំវិញតំបន់អង្គរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។
៣-ក្រសួងទេសចរណ៍ (ឯកឧត្តម ថោង ខុន ជារដ្ឋមន្ត្រី) ចំនួន៥ភាគរយ ក្នុងគោលដៅបង្កើនផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីជំរុញសក្តានុពលទេសចរណ៍កម្ពុជា និងកំណើនសេដ្ឋកិច្ច ។
៤-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (លោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី) ចំនួន៥ភាគរយ ដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ទាំងរូបិយ ទាំងអរូបិយ ។
៥-អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ (ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការ) ចំនួន៣ភាគរយ ដើម្បីបែងចែកជូនដល់អង្គភាពនគរបាលទេសចរណ៍ដោយផ្អែកលើផែនការច្បាស់លាស់ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីជួយដល់អង្គភាពនគរបាលទេសចរណ៍តាមគោលដៅសំខាន់ៗក្នុងការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពនៃការថែរក្សាសុវត្ថិភាព និងសន្តិសុខជូនភ្ញៀវទេសចរ ដែលជាកត្តាមិនអាចខ្វះបានដើម្បីការពារ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ។
គួរបញ្ជាក់ជូនដែរថា ចំណូលដុលប្រចាំឆ្នាំរបស់គ្រឹះស្ថានអង្គរដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរនោះ មានចំនួនមិនតិចជាង៦០លានដុល្លារអាមេរិកឡើយ ។ ដូច្នេះ មូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរដែលប្រើប្រាស់ចំណូលចំនួន១៥ភាគរយនៃចំណូលដុលប្រចាំឆ្នាំរបស់គ្រឹះស្ថានអង្គរ គឺមានចំនួនប្រមាណ៩លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕