ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងបាញ់ធ្វើតេស្តសាកល្បងនូវអាវុធមីស៊ីលឆ្លងទ្វីប ( Intercontinental Ballistic Missile-ICMB ) របស់ខ្លួនសាជាថ្មីទៀត នៅដើមសប្តាហ៍ក្រោយ ខណៈសហរដ្ឋអាមេរិក មិនទាន់បានបញ្ជាក់អំពីប្រភេទមីស៊ីល ICBM របស់ខ្លួន ដែលត្រូវបាញ់ធ្វើតេស្តសាកល្បងនោះនៅឡើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មីស៊ីលបាញ់ឆ្លងទ្វីប ( ICBM ) របស់សហរដ្ឋអាមេរិក ដែលគ្រោងបាញ់តេស្តសាកល្បងនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧សប្តាហ៍ក្រោយ ដោយបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg នៃរដ្ឋ California សំដៅទៅគោលដៅកំណត់ក្នុងលំហមហាសមុទ្រប៉ាស៊ីហ្វិក ។
ទោះយ៉ាងណា សេចក្តីរាយការណ៍នោះ មិនបានបញ្ជាក់អំពីប្រភេទមីស៊ីល ICBM ដែលសហរដ្ឋអាមេរិកគ្រោងបាញ់ធ្វើតេស្តសាកល្បងនៅឡើយទេ ខណៈមជ្ឈដ្ឋាននានាបានកត់សម្គាល់ឃើញថា បន្ទាប់ពីទទួលរងការគំរាមកំហែងដោយអាវុធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ម្តងហើយម្តងទៀត គឺសហរដ្ឋអាមេរិកតែងធ្វើការបាញ់តេស្តសាកល្បងនូវអាវុធមីស៊ីលគ្រប់ប្រភេទរបស់ខ្លួនច្រើនលើកច្រើនសាផងដែរ ក្រោមរូបភាពអះអាងថា « ត្រៀមទប់ទល់ នឹងការអភិវឌ្ឍអាវុធមីស៊ីល របស់កូរ៉េខាងជើង » ។
ព្រោះតែរឿងរ៉ាវសព្វាវុធ របស់ប្រទេសកូរ៉េខាងជើង នេះដែរ សហរដ្ឋអាមេរិក ក៏កំពុងមានវិធានការដាក់ពង្រាយនូវប្រព័ន្ធខែលការពារមីស៊ីលចំនួន៨បន្ថែមទៀត នៅទីតាំងបាញ់មីស៊ីល Fort Greely នៃរដ្ឋ Alaska ព្រមទាំងរៀបចំកែប្រែឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធរ៉ាដា ( X-band Radar ) ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងអាវុធមីស៊ីលវាយលុក របស់ប្រទេសកូរ៉េខាងជើង ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
បច្ចុប្បន្ន សហរដ្ឋអាមេរិក មានមីស៊ីលបាញ់ឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន២ប្រភេទ ដ៏មានអានុភាព គឺ Trident II ឬហៅថា Trident D5 ( UGM-133 ) និង Minuteman III ( LGM-30 ) ។
មីស៊ីលធុន Trident II ឬហៅថា Trident D5 ( UGM-133 ) ជាមីស៊ីលជំនាន់ទី៦ របស់សហរដ្ឋអាមេរិក ផលិតដោយក្រុមហ៊ុន Lockheed Martin Space Systems ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក ( SLBM ) ។ វាមានប្រវែងជាង១៣ម៉ែត្រ ទម្ងន់៥៩តោន ក្នុង១គ្រាប់ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានជាង១០គ្រាប់ អាចបាញ់បានក្នុងរយៈចម្ងាយជាង១២ ០០០គីឡូម៉ែត្រ ជាមួយនឹងល្បឿនជិត ៣០ ០០០គីឡូម៉ែត្រ ក្នុង១ម៉ោង និងមានតម្លៃរហូតដល់ជាង ៣៧លានដុល្លារអាមេរិក ក្នុង១គ្រាប់ ។ មីស៊ីលប្រភេទនេះ បានធ្វើតេស្តសាកល្បងទទួលបានជោគជ័យ ចំនួន១៦១លើក មកហើយ ចាប់តាំងពីអំឡុងឆ្នាំ១៩៨៩ ដែលការបាញ់តេស្តសាកល្បងលើកទី១៦១ បានប្រព្រឹត្តទៅកាលពីចុងឆ្នាំ២០១៦ កន្លងទៅថ្មីៗ ។
មីស៊ីលធុន Minuteman III ( LGM-30 ) ជាប្រភេទមីស៊ីល ដែលធ្វើទំនើបកម្ម ពីមីស៊ីលធុន Minuteman II និងបានដំឡើងកម្រិត Version ថ្មីនាឆ្នាំ២០១៧ ផលិតដោយក្រុមហ៊ុន Boeing ហើយបានបាញ់ធ្វើតេស្តសាកល្បងប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ។ មីស៊ីលដែលអាចបាញ់ចេញពីផ្ទៃដីប្រភេទនេះមានប្រវែង១៨,២ម៉ែត្រ ទម្ងន់ជាង៣៥តោន អាចបាញ់បានរយៈចម្ងាយជាង ១៣ ០០០គីឡូម៉ែត្រ ជាមួយនឹងល្បឿនជិត ៣០ ០០០គីឡូម៉ែត្រ ក្នុង១ម៉ោង ៕