សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថា បុរសជនជាតិយួនម្នាក់ឈ្មោះ ង្វៀង យ៉ាំងយីង អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះកម្ពុជា-វៀតណាមចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ បន្ទាប់ពីកូនប្រុសរបស់បុរសរូបនេះឈ្មោះ ង្វៀង វ៉ាងភុក អាយុ២១ឆ្នាំ រស់នៅភូមិធី ឃុំថុងប៊ិន ស្រុកតាំងហុង ខេត្តដុងថាប់ ប្រទេសវៀតណាម មុខរបររកស៊ីបើកបររថយន្តពីរាជធានីភ្នំពេញទៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀនដ៏ធំ ។
វត្ថុតាងល្មើសដែលសមត្ថកិច្ចចាប់បង្ក្រាបបានពីជនសង្ស័យឪពុក-កូន ជាជនជាតិយួននោះ រួមមាន ថ្នាំញៀនចំនួន១ ០០០គ្រាប់ និងម្សៅទម្ងន់៥គីឡូក្រាម ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនបានចរាចរណ៍គ្រឿងញៀនតាមរថយន្តតាក់ស៊ីពីរាជធានីភ្នំពេញទៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម ដើម្បីយកទៅលក់ឲ្យអ្នកជំនួញពីរនាក់ប្តី-ប្រពន្ធទៀត ឈ្មោះ ង្វៀង យ៉ាំងប៊ិន ភេទប្រុស អាយុ៦២ឆ្នាំ និងឈ្មោះ ដូ ធីឌៀប អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ង្វៀង យ៉ាំងប៊ិន រស់នៅប្រទេសវៀតណាម ក្នុងភូមិ-ឃុំជាមួយជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនដែលរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ។
ចំណុចគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺបុរសជនជាតិយួនឈ្មោះ ង្វៀង វ៉ាងភុក អាចចូលមករកស៊ីបើកបររថយន្តនៅប្រទេសកម្ពុជាយ៉ាងហ៊ឺហាហើយ ថែមទាំងថ្លើមធំហ៊ានជួញដូររកស៊ីគ្រឿងញៀនដ៏ធំទៀត ៕