ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

​ធ្លាយ​រឿង​មន្ត្រី​អាទិភាព​ផុត​កំពូល​ម្នាក់​ដែល​ជាង​១០​ឆ្នាំ ទើប​មាន​១​ក្នុង​ស្ថាប័ន​តុលាការ ! កម្មសិក្សា​នៅ​ខេត្ត​ប៉ៃលិន តែ​ទទួល​បានការ​តាំងស៊ប់​នៅ​ខេត្តកណ្តាល​

​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​បាន​បណ្តុះបណ្តាល​សិស្ស​ចៅក្រម​រហូត​ឈាន​ទទួល​បានការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​-​ព្រះរាជអាជ្ញា​តាម​ការសម្រេច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​៦​ជំនាន់​មកហើយ បន្ទាប់ពី​បានធ្វើ​កម្មសិក្សា​នៅតាម​សាលា​ជំនុំជម្រះ​ក្តី​នានា​រួចរាល់ ដោយ​អនុវត្តតាម​រូបមន្ត ឬ​គោលការណ៍​បើ​ចៅក្រម​-​ព្រះរាជអាជ្ញារង​ធ្វើ​កម្មសិក្សា​នៅ​សាលាជម្រះក្តី​ណា ត្រូវ​តាំងស៊ប់ និង​ចាត់​ឲ្យ​បម្រើ​ការងារ​នៅ​សាលាជម្រះក្តី​នោះ ប្រៀបប្រដូច​ទៅនឹង​សិស្ស​ប្រឡង​នៅ​មណ្ឌល​ណា ត្រូវ​ជាប់​នៅ​មណ្ឌល​នោះ​អ៊ីចឹង​ដែរ ប្រសិនបើ​សិស្ស​ប្រឡង​ជាប់ (​ចៅក្រម​-​ព្រះរាជអាជ្ញារង​កម្មសិក្សា​ដែល​បាន​បំពេញ​កម្មសិក្សា​ចប់​ដោយ​ជោគជ័យ​) ។​

​នាពេល​កន្លងទៅ​ថ្មីៗ​នេះដែរ ម​ជ្ឈ​ដ្ឋា​ន​នានា ជាពិសេស​ម​ជ្ឈ​ដ្ឋា​ន​អ្នកច្បាប់​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ព្រះរាជអាជ្ញារង​កម្មសិក្សា​ជំនា​ន់ទី​៦​ម្នាក់ គឺ​លោកស្រី ស៊ូ សុជាតា ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​បម្រើ​ការងារ​នៅ​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ប៉ុន្តែ​បែរជា​ក្រោយមក​ទទួលបាន​ការតាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា ឋានន្តរស័ក្តិ​អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៤ បម្រើ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ទៅវិញ​ឆ្កុយ ប្រៀបដូចជា​សិស្ស​ប្រឡង​នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន បែរជា​ទទួលបាន​លទ្ធ​ផល​ជាប់​នៅ​មណ្ឌល​ខេត្តកណ្តាល ខណៈ​រូបភាព​ដ៏​ចម្លែក​របៀបនេះ គឺ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ទើប​កើតមាន​១​ករណី​ប៉ុណ្ណោះ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា (Sic!) ។​

​ព័ស្តុតាង​បានបង្ហាញ​ថា លោកស្រី ស៊ូ សុជាតា ជា​សិស្ស​ព្រះរាជអាជ្ញា​ជំនា​ន់ទី​៦ ដែល​បាន​ប្រឡង​ជាប់​បញ្ចប់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវ​តុលាការ និង​ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​បម្រើ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៣៦ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ។ ចាប់តាំងពី​ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​មក គឺ​លោកស្រី ស៊ូ សុជាតា មិនត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើ​ការងារ​ក្រោមរូបភាព​ជា ព្រះរាជអាជ្ញារង​កម្មសិក្សា​នៅ​សាលាជម្រះក្តី​ណាមួយ​ផ្សេង​ទៀតឡើយ ។ ក្រោយមក យោងតាម​សេចក្តីក្រាប់បង្គំទូលថ្វាយ​របស់​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នា​សម័យប្រជុំ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នោះ ស្រាប់តែ​លោកស្រី ស៊ូ សុជាតា ដែលជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់បង្គាប់​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា ឋានន្តរស័ក្តិ​អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៤​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅវិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៥២ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​ឯកសារ​ជា​ព័ស្តុតាង​ផ្សេងទៀត​បានបង្ហាញ​ថា ក្នុងចំណោម​សិស្ស​ចៅក្រម​-​ព្រះរាជអាជ្ញា​ជំនា​ន់ទី​២​នៃ​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ចំនួន​៥៥​នាក់ ដែល​ត្រូវបានតែងតាំង​ជា​ចៅក្រម​-​ព្រះរាជអាជ្ញារង​កម្មសិក្សា​បម្រើ​ការងារ​នៅតាម​បណ្តា​សាលាជម្រះក្តី​នានា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧០៨/៨៥៩ ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០០៨ គឺមាន​ព្រះរាជអាជ្ញារង​កម្មសិក្សា​ចំនួន​២​នាក់ នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជាអាទិ៍ លោក សាយ ណូ​រ៉ា (​តាកែវ​) និង​លោក គឹម សំលេង (​បន្ទាយមានជ័យ​) បែរជា​ទទួល​បានការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង និង​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១០/៨៣២ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១០ បន្ទាប់ពី​លោក សាយ ណូ​រ៉ា និង​លោក គឹម សំលេង ត្រូវបាន​ដាក់​ឲ្យ​បន្ត​កម្មសិក្សា​រយៈពេល​០៦​ខែ​ទៀត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១០/១២៧ ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១០ និង​បន្ទាប់ពី​លោក សាយ ណូ​រ៉ា ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង និង​លោក គឹម សំលេង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១​    ​០/១២៨ ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១០​រួចមក ។ ដូច្នេះ ការណ៍​ដែល​លោក សាយ ណូ​រ៉ា ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ទទួលបាន​ការតាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង (​បច្ចុប្បន្ន ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ឋានន្តរស័ក្តិ​វរ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៣) និង​លោក គឹម សំលេង ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ទទួលបាន​ការតាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត (​បច្ចុប្បន្ន ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ឋានន្តរស័ក្តិ​អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២) គឺជា​ប្រការ​ត្រឹមត្រូវ និង​សម​ហេតុ​សម​ផល​បំផុត ។​

​ម​ជ្ឈ​ដ្ឋា​ន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ករណី​លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង​កម្មសិក្សា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បែរជា​ទទួល​បានការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល របៀប​សិស្ស​ប្រឡង​នៅ​ខេត្ត​ប៉ៃលិន មក​ទទួលលទ្ធផល​ជាប់​នៅ​ខេត្តកណ្តាល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ជាង​១០​ឆ្នាំ​កន្លងទៅ​ទើប​កើតមាន​១​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​នោះ គឺ​លោកស្រី​ព្រះរាជអាជ្ញារង​រូបនេះ ជា​មន្ត្រី​ជាប់​លំដាប់​អាទិភាព​ផុត​កំពូល​តែ​ម្នាក់​គត់ ។ 

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត នឹង​បន្ត​តាមដាន​ស្រាវជ្រាវ​តទៅទៀត​ដើម្បី​ឲ្យ​ដឹងថា តើ​មកពី​កត្តា​អ្វី​ពិតប្រាកដ​ដែល​នាំ​ឲ្យ​លោកស្រី ស៊ូ សុជាតា ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​នៅ​ខេត្ត​ប៉ៃលិន បែរជា​មក​ទទួលបាន​ការតាំង​ស៊ប់​ជា​ព្រះរាជអាជ្ញារង​នៅ​ខេត្តកណ្តាល​ប្លែក​ពី​គេ​ឯង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច្នេះ​ទៅវិញ ? ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.