ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨

​ឧ​ត្ត​ម​សេនីយ៍​យោធា​២​នាក់ ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ «​ក​.​ជ​.​ភ​.​ខ​»

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គរុ​គណ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​បាន​ត្រាស់បង្គាប់​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​យោធា​ចំនួន​២​នាក់ ឲ្យ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បន្ថែម​លើ​មុខតំណែង​បច្ចុប្បន្ន គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០២៥១២ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អឿ សាវ៉ន នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០៩៤៧៥ នាយកសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៦៦៦ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ។​

​កាលពី​ចុងឆ្នាំ​២០១៣​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០២៥១២ ជា​នាយក​ខុទ្ទកាល័យ​អគ្គមេបញ្ជាការដ្ឋាន និងជានាយរងសេនាធិការចម្រុះនៃ​កងយោធពល​ខេមរភូមិន្ទ ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ជា​អគ្គមេបញ្ជាការ​នោះ ធ្លាប់បាន​ទទួលរង​នូវ​ការរិះគន់​ចោទប្រកាន់​ពី​សំណាក់​កូនទាហាន​ក្រោម​ឱវាទ​ថា ប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម ។ 

​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ សរសេរ​កាត់​ថា «​ក​.​ជ​.​ភ​.​ខ​» ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១១/៦០០ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១១ ដោយ​អះអាងថា ជា​យន្តការ​ជាតិ​ឋិត​នៅក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ការប្រើ​ភាសា និង​អក្សរ​ខ្មែរ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ ។ «​ក​.​ជ​.​ភ​.​ខ​» មាន​ភារកិច្ច ៖ -​រៀបចំ​គោលនយោបាយ​ជាតិ​នៃ​ភាសា និង​អក្សរ​ខ្មែរ ,-​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អភិរក្ស និង​អភិវឌ្ឍ​ភាសា និង​អក្សរ​ខ្មែរ ,-​ពិនិត្យ និង​សម្រេច​ឲ្យ​មានការ​ឯកភាព​នូវ​ពាក្យ និង​បច្ចេក​សព្ទ​ដែល​បាន​ប្រើ​ក្នុង​ភាសា​ខ្មែរ​រួចមកហើយ ,-​កំណត់​ការសរសេរ ការអាន និង​និយមន័យ​ឲ្យ​មានការ​ឯកភាព​ក្នុង​ភាសារ​ខ្មែរ ,-​បង្កើត​ពាក្យថ្មី និង​សម្រេច​អំពី​ការខ្ចី​ពាក្យ ,-​ត្រួតពិនិត្យ​ការប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ ,-​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការកំណត់​ការប្រើ​ភាសា និង​អក្សរ​ខ្មែរ ,-​ចងក្រង និង​ផ្សព្វផ្សាយ​ភាសា និង​អក្សរ​ខ្មែរ​តាម​មធ្យោបាយ​ផ្សេងៗ ដែលមាន​សិក្ខាសាលា​ផង ,-​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​មាន​វិធានការ​សមស្រប​ចំពោះ​ការប្រើ​ភាសា និង​អក្សរ​ខ្មែរ ដែល​បានកំណត់​រួចហើយ​ឲ្យ​មាន​ប្រសិទ្ធភាព ,-​រៀបចំ​សេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​ចាំបាច់​នានា​ពាក់ព័ន្ធ​នឹង​ការប្រើ​ភាសា និង​អក្សរ​ខ្មែរ ,-​ទទួល​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ។​

​បច្ចុប្បន្ន ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ «​ក​.​ជ​.​ភ​.​ខ​» មាន​ឯកឧត្តម​បណ្ឌិត ច័ន្ទ សំណព្វ ជា​ប្រធាន និង​ឯកឧត្តម ច័ន្ទ មេ​ត្ត​ពល ជា​អនុប្រធាន​ប្រចាំការ ព្រមទាំង​មាន​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ឧ​ត្ត​ម​ទីប្រឹក្សា ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.