យោងតាមសំណើរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា គឺ ព្រះពុទ្ធវង្ស ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាសមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ៣៧៦អនក្រ.តត ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ។
កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះចៅអធិការវត្តច័ន្ទបូរីវង្ស ត្រូវបានដំឡើងឋានៈជាអនុប្រធានទី១ សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) ត្រូវបានដំឡើងឋានៈជាអនុប្រធានទី២ និងសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ត្រូវបានតែងតាំងជាអនុប្រធានទី៣ថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១១៦៩អនក្រ.តត ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ។
គួរបញ្ជាក់ជូនថា ថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការកំពូលសម្រាប់ដោះស្រាយអធិករណ៍នៃពុទ្ធសាសនា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៥៧៦អនក្រ.តត ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ដោយមានសម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសន្សំកុសល ជាប្រធាន ។
ថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា មានសម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្ស ជាលេខាធិការ និងសម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង ជាសមាជិកផងដែរ ៕