ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

​ខូច​ឈ្មោះ «​ឧកញ៉ា​» ! ថៅកែ​សណ្ឋាគារ​រតនសម្បត្តិ​ដែលមាន​ងារ​ជា​ឧកញ៉ា ត្រូវបាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​គ្រឿងញៀន​ជាង​២​លាន​ដុល្លារ​

​នៅវេលា​ព្រឹក​នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ទៅលើ​ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ី ខាំ​ឡយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ថៅកែ​សណ្ឋាគារ​រតនសម្បត្តិ នៅ​ខេត្តរតនគិរី និង​មាន​ងារ​ជា​ឧកញ៉ា​ផង ព្រមទាំង​គូកន​ម្នាក់ទៀត​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដាក់ពន្ធនាគារ​ព្រៃ​ស​ហើយ ក្រោម​ការចោទប្រកាន់​ពីបទ​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

​តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​របស់​សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មេខ្លោង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ម្នាក់​ឈ្មោះ ស៊ី ខាំ​ឡយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ម្ចាស់​សណ្ឋាគារ​រតនសម្បត្តិ នៅ​ខេត្តរតនគិរី និង​មាន​ងារ​ជា​ឧកញ៉ា​ផង ព្រមទាំង​គូកន​ម្នាក់ទៀត​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​-​ឡាវ ជា​អ្នក​ទទួលបញ្ជា​ពី​មេខ្លោង​ក្រៅប្រទេស​នាំយក​គ្រឿងញៀន​មក​ស្តុក​ទុក និង​ប្រគល់​ឲ្យ​អ្នកទិញ ស៊ី ខាំ​ឡយ ជា​មេខ្លោង​ក្នុងប្រទេស​ត្រូវបាន​បង្ក្រាប ។​

​ថ្នាំញៀន​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ទុកជា​វត្ថុតាង​មាន​ចំនួន​ជាង​៥៦​គីឡូក្រាម រួមមាន​៖ ហេ​រ៉ូ​អ៊ី​ន​១៥​គីឡូក្រាម ,​មេ​តំ​ហ្វេ​តា​មីន (ICE) ១២​គីឡូក្រាម និង​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ជាង​២៩​គីឡូក្រាម ។ ថ្នាំញៀន​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា លោក​ឧកញ៉ា ស៊ី ខាំ​ឡយ បញ្ជា​ទិញ និង​នាំចូល​មកពី​ប្រទេស​ឡាវ​ឆ្លងកាត់​តាម​ខេត្តស្ទឹងត្រែង​យកមក​ស្តុក​ទុក​នៅ​រាជធានី​ភ្នំពេញ​មាន​២​ទីតាំង គឺ នៅ​ម្តុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ និង​នៅមុខ​វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​មន្ត្រី​ជំនាញ​បច្ចេកទេស​ខាង​គ្រឿងញៀន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ទំហំ​ថ្នាំញៀន​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ជាង​៥៦​គ្រាម​នោះ បើ​គិត​ជា​តម្លៃ​ទីផ្សារងងឹត​នៅ​កម្ពុជា​ប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​បាន​ឆ្លងកាត់​ទៅដល់​ប្រទេស​ទី​៣ គឺមាន​តម្លៃលើស​នេះ​ច្រើនដង​ណាស់ ។​

​លោក ស៊ី ខាំ​ឡយ ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​អ្នកធំ​ម្នាក់​មាន​ឋានៈ​ជា​ឯកឧត្តម​ផង​នោះ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១១/១០៩ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ ។ ឥឡូវនេះ ងារ​ជា​ឧកញ៉ា​របស់លោក ស៊ី ខាំ​ឡយ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​នោះ គឺ​បាន​ក្លាយជា «​ឧកញ៉ា​គ្រឿងញៀន​» ទៅហើយ ៕ 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.