ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

កូនចៅ​បំបាក់មុខ​មេ​ការពារជាតិ ! ទំនង​ស្មានតែ​ជា​សមរភូមិ Tundra ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ចងកំហឹង​ជាមួយ Today និង​ក្បាល​ព្រួញ​ស៊ីម៉ងត៍​ខណ្ឌ​ទ្រូងផ្លូវ 

​​ករណី​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដែល​រំលោភបំពាន​លើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ និង​ប្រៀប​ដូច​បំបាក់​មុខមាត់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ពេញទំហឹង​នោះ គឺ​មិនទាន់​អស់​នៅឡើយ​ទេ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​ក្នុងចំណោម​ព័ស្តុតាង​ជាច្រើន​បានបង្ហាញ​រួចហើយ គឺ​កាលពី​វេលា​ម៉ោង​០០​និង​១៧​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ នៅតាម​បណ្តោយ​មហាវិថី​កងយោធពល​ខេមរភូមិន្ទ (​លេខ​២៧១) ឋិត​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក Tundra ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បើកបរ​កៀរ​ទៅលើ​ទោចក្រយានយន្ត​មួយគ្រឿង​ម៉ាក Today បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​រងរបួស​ស្រាល រួច​ម្ចាស់​រថយន្ត​ប៉ង​បើក​រត់គេច ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​បុក​ទៅលើ​ក្បាល​ព្រួញ​ស៊ីម៉ងត៍​ខណ្ឌ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​ង​អស់​ចំនួន​៤​ផ្ទាំង និង​រថយន្ត​ក៏​រង​ការខូចខាត​យ៉ាងដំណំ​ទៅមុខ​លែងរួច ។​

​យោងតាម​សម្តី​រៀបរាប់​របស់​បុរស​ម្នាក់​ជា​ជនរងគ្រោះ និង​ត្រូវជា​អ្នកបើកបរ​ទោចក្រយានយន្ត​ម៉ាក Today នោះបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក Tundra ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.2-8168 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​កងយោធពល​ខេមរភូមិន្ទ (​លេខ​២៧១) ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​រួច​ព្យាយាម​បត់​រថយន្ត​ក៏​ជ្រុល​ទៅ​កៀរ​នឹង​ម៉ូតូ​របស់ខ្លួន​ដែល​ធ្វើដំណើរ​ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ដួល​រងរបួស​ស្រាល ។ ក្រោយពេល​កើតហេតុ អ្នកបើកប​រថយន្ត​ប៉ង​បើក​រត់គេច ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ព្រួញ​ស៊ីម៉ងត៍​ខណ្ឌ​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​៤​ផ្ទាំង បណ្តាល​ឲ្យ​រថយន្ត​ក៏​រង​ការខូចខាត និង​ទៅមុខ​លែងរួច​តែម្តង ។ 

​បច្ចុប្បន្ន រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ប​ញ្ចូ​ន​យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​ឲ្យ​ស្របទៅតាម​នីតិវិធី​នៃ​ច្បាប់ ។ 

​មាត្រា​៥,​មាត្រា​៦ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣​ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ មាន​ម្ចាស់​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ និង​ការងារ​ការពារជាតិ (​ជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​ទ័ព ឬ​ដឹកជញ្ជូន​កងទ័ព​) និង​ត្រូវ​លាប​ពណ៌​ត្រេអ៊ី ឬ​ជា​ពណ៌​អ្វី​ផ្សេង​ដែលជា​ពណ៌​ពិសេស​សម្រាប់​កងទ័ព តាម​ការ​កំណត់ដោយ​ប្រកាស​របស់​ក្រសួងការពារជាតិ ។ 

​យោងតាម​ប្រការ​៤​នៃ​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩ ប្រក ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០០៩ ស្តីពី​ការចេញ​ប័ណ្ណ ស្លាក​លេខ​ចរាចរណ៍ និង​សញ្ញា​សំគាល់​ស្ថាប័ន កងឯកភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ គឺ​រថយន្ត​បង្ក​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.2-8168 ជា​រថយន្ត​ប្រើប្រាស់​នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ មាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន ជា​អគ្គមេបញ្ជាការ ។​

​ដូច្នេះ អនុលោម​តាម​មាត្រា​៥,​មាត្រា​៦ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣​ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 02.2-8168 ដែល​គ្មាន​លាប​ពណ៌​ត្រេអ៊ី ឬ​ប៉ា​រ៉ា ហើយ​មិន​ប្រើប្រាស់​នៅ​សមរភូមិ បែរជា​មក​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទៀត​នោះ ជាការ​រំលោភបំពាន​ទៅលើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​យ៉ាងធ្ងន់ធ្ងរ និង​ក៏មាន​ន័យ​ស្មើនឹង​ការ​បំបាក់មុខ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​យ៉ាង​ចាស់ដៃ​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.