គេហទំព័រ Timesofisrael របស់អ៊ីស្រាអែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ក្រុមហ៊ុន IAI របស់អ៊ីស្រាអែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Bharat Electronics Ltd. (BEL) របស់ឥណ្ឌាមានទំហំទឹកប្រាក់៦៣០លានដុល្លារអាមេរិកដែលក្នុងនោះ គឺអ៊ីស្រាអែលត្រូវលក់ប្រព័ន្ធខែលការពារមីស៊ីលដែនអាកាសធុន LR-SAM ឬហៅថា BARAK8 ទៅឲ្យកងកម្លាំងទាហានជើងទឹកឥណ្ឌា ដើម្បីបំពាក់ដល់នាវាចម្បាំងរបស់ឥណ្ឌាចំនួន៤គ្រឿង ។
លោក Joseph Weiss អគ្គនាយកក្រុមហ៊ុន IAI របស់អ៊ីស្រាអែលបានថ្លែងឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើម ហើយនឹងមានកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត នឹងត្រូវធ្វើឡើងរវាងប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌា ។
កាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ អ៊ីស្រាអែល និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិក ដោយអ៊ីស្រាអែលនឹងត្រូវផ្តល់ប្រព័ន្ធខែលការពារមីស៊ីលធុន LR-SAM ឬហៅថា BARAK8 បំពាក់ឲ្យកងកម្លាំងទាហានជើងទឹកឥណ្ឌាសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិ ។
ប្រព័ន្ធមីស៊ីលធុន LR-SAM ឬហៅថា BARAK8 ជាប្រភេទមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដែលសហការផលិតដោយក្រុមហ៊ុន IAI របស់អ៊ីស្រាអែល និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិឥណ្ឌា (DRDO) ។ មីស៊ីលប្រភេទនេះ មានប្រវែង៤,៥ម៉ែត្រ និងទម្ងន់២៧៥គីឡូក្រាមក្នុង១គ្រាប់ អាចបាញ់បានរយៈចម្ងាយប្រមាណ១០០គីឡូម៉ែត្រ និងមានល្បឿនជាង២ពាន់គីឡូម៉ែត្រក្នុង១ម៉ោង ។
ពិតជាគួរឲ្យចាប់អារម្មណ៍មួយដែរ ដែលអ៊ីស្រាអែលជាប្រទេសតូចមួយគាំទ្រដោយសហរដ្ឋអាមេរិកមានផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រក្រឡា និងប្រជាជនជាង៨លាននាក់សោះ អាចមានលទ្ធភាពផលិត និងលក់ប្រព័ន្ធមីស៊ីលវាយលុក និងខែលការពារមីស៊ីលទៅឲ្យឥណ្ឌា ដែលជាប្រទេសដ៏ធំមានផ្ទៃដីទំហំជាង៣លានគីឡូម៉ែត្រក្រឡា និងប្រជាជនជាង១ពាន់លាននាក់ ក្នុងតម្លៃទឹកប្រាក់ច្រើនពាន់លានដុល្លារអាមេរិក ។
នារយៈពេលចុងក្រោយនេះ ឥណ្ឌាបានជាប់ឈ្មោះជាប្រទេសបញ្ជាទិញសព្វាវុធនាំមុខគេលំដាប់ទី១នៅតំបន់អាស៊ី សម្រាប់យកមកប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់ខ្លួន ដ្បិតឥណ្ឌាមានទំនាស់ជាមួយប្រទេសចិនផង និងប្រទេសប៉ាគីស្ថានផង ដោយការបញ្ជាទិញអាវុធនិងសម្ភារៈយោធានោះមកពីបណ្តាប្រទេសជាច្រើនរួមមាន ៖ សហរដ្ឋអាមេរិក បារាំង រុស្ស៊ី ជប៉ុន និងអ៊ីស្រាអែល ៕