បន្ទាប់ស្ត្រីឈ្មួញឈើជនជាតិយួនឈ្មោះ «យាយព្រឿង» និងមានឈ្មោះជាភាសាខ្មែរថា «ហេង សំនៀង» ដ៏ល្បីល្បាញដុះស្លែប្រចាំខេត្តស្ទឹងត្រែងត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ «មួយខ្យល់» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយត្រូវបានដោះលែងវិញពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនោះ គឺនៅមានស្ត្រីឈ្មួញឈើជនជាតិយួនល្បីឈ្មោះម្នាក់ទៀតឈ្មោះ ង្វៀង ធីម៉ាយ ហៅ «យាយម៉ាយ» ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដូចគ្នា ប៉ុន្តែអាជ្ញាធរកម្ពុជាហាក់ស្ទាក់ស្ទើរក្នុងការចាប់ខ្លួនឈ្មួញឈើជនជាតិយួនរូបនេះយកមកផ្តន្ទាទោសនៅឡើយ ។
ដោយមានសេចក្តីរាយការណ៍ជាក់លាក់ពីបណ្តាញអ្នកសារព័ត៌មានច្រើនលើកច្រើនសានោះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗ សមត្ថកិច្ចបានបង្ខំចិត្តចុះបង្ក្រាបទីតាំងស្តុក និងច្រៀកឈើគ្រញូងរបស់ «យាយម៉ាយ» ក្នុងព្រៃភូមិសាស្ត្រ ភូមិក្បាលទន្សោង ឃុំផ្អាវ ជាប់ព្រំប្រទល់នឹងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈទីតាំងប្រព្រឹទ្ធបទល្មើសព្រៃឈើរបស់ «យាយម៉ាយ» នេះនាពេលកន្លងមក មិនមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានទៅជិតទេ កុំថាឡើយដល់ចុះបង្ក្រាបនោះ (Sic!) .
បេសកកម្មទាំងបង្ខំចិត្តរបស់សមត្ថកិច្ចក្នុងការចុះបង្ក្រាបទីតាំងស្តុក និងអាជីវកម្មច្រៀកឈើគ្រញូងរបស់ «យាយម៉ាយ» នោះ រឹបអូសបានវត្ថុតាងល្មើសជាច្រើន រួមមាន ឈើគ្រញូងច្រៀករួចរាប់សិបដុំ និងឧបករណ៍ សម្ភារៈច្រៀកឈើជាច្រើនគ្រឿងទៀត រីឯ «យាយម៉ាយ» ជាម្ចាស់ឈើ មេការ កម្មករ និងមនុស្សពាក់ព័ន្ធបានរត់គេចខ្លួនបាត់ស្រមោល ព្រមទាំងមានការជញ្ជូនជន្លៀសឈើចេញអស់ជាមុនយ៉ាងច្រើនផង របៀបដូច «ខ្មោចក្នុងឲ្យដៃជាមុន» ។
ទោះបីស្ត្រីឈ្មួញឈើជនជាតិយួនឈ្មោះ «យាយម៉ាយ» ធ្លាប់បញ្ជាឲ្យបក្ខពួកប្រើអំពើហិង្សាលើសមត្ថកិច្ច និងអ្នកសារព័ត៌មាន ព្រមទាំងបង្ក្រាបបានបទល្មើសជាក់ស្តែងហើយក៏ដោយ ក៏រហូតមកដល់ពេលនេះអាជ្ញាធរខ្មែរហាក់ស្ទាក់ស្ទើរក្នុងការចាប់ខ្លួនស្ត្រីឈ្មួញឈើជនជាតិយួននេះនៅឡើយ ។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ សមត្ថកិច្ចបានចុះស្រាវជ្រាវរកឃើញគំនរឈើប្រណីតយ៉ាងច្រើនដែលគេលួចលាក់ទុកនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយឈើល្មើសទាំងនោះ ត្រូវបានសមត្ថកិច្ចប្រមូលដឹកជញ្ជូនយកមករក្សាទុកជាវត្ថុតាងបទល្មើសនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។ ស្រាប់តែនៅព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦បែរជាលេចចេញវត្តមានឈ្មួញឈើជនជាតិយួនឈ្មោះ «យាយព្រឿង» រួមជាមួយកម្មករ៧នាក់ និងរថយន្តចំនួន២គ្រឿងធ្វើសកម្មភាពរំដោះយកឈើវត្ថុតាង និងឡោមព័ទ្ធកងកម្លាំងយាមកាមឈើទៀតផង ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មួញឈើដុះស្លែ និងថ្លើមធំនេះក្នុងបទល្មើសជាក់ស្តែងបញ្ជូនមកតុលាការតែម្តង ។ បន្ទាប់ពីបើកការស៊ើបសួររួចរាល់ នៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ (ផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តស្ទឹងត្រែងមកសាលាដំបូងរាជធានីភ្នំពេញ) សម្រេចឃុំខ្លួន «យាយព្រឿង» ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ចំនួន៣បទល្មើសគឺ ៖ ១-បទប្រមូលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ,២- បទប៉ុនប៉ងលួច និង ៣-បទប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៦ ។ ប៉ុន្តែ នៅទីបំផុត ក្រោយការឃុំខ្លួនដាក់ពន្ធនាគារបានត្រឹមតែ «មួយខ្យល់» ឈ្មួញឈើជនជាតិយួនឈ្មោះ «យាយព្រឿង» ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញទល់សព្វថ្ងៃ ៕