ថ្វីដ្បិត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អតីតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហៅបុរសខ្លាំងនៃកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ កន្លងទៅរួចហើយក្តី ប៉ុន្តែមុនរយៈពេល០២ថ្ងៃនៃមរណភាពនោះ ឯកឧត្តមរូបនេះទទួលបានការប្រោសព្រះរាជទានគោរមងារពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជា «សម្តេចវិបុលបញ្ញា សុខ អាន» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ខណៈព្រះរាជក្រឹត្យនេះត្រូវបានរកឃើញព័ស្តុតាងថា «មានភាពមិនប្រក្រតី» ចាត់ទុកជាគំរូមហាអាក្រក់ខាងបទដ្ឋានគតិយុត្តនៅកម្ពុជា ។
ព័ស្តុតាងបានបានបង្ហាញអំពីរូបភាពមិនប្រក្រតីនៃព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានគោរមងារឯកឧត្តម សុខ អាន ជា«សម្តេចវិបុលបញ្ញា សុខ អាន» ដូចខាងក្រោម ៖
១-ព្រះរាជក្រឹត្យនេះមានឡាយព្រះហស្តលេខាដោយផ្ទាល់ពីអង្គព្រះមហាក្សត្រ ខណៈព្រះមហាក្សត្រទ្រង់កំពុងគង់សម្រាកពិនិត្យព្រះសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិននៅឡើយ ហើយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលព្រះរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ។ ជាក់ស្តែង មុននិងក្រោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ចំនួន១លេខ គឺព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ និងព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៨ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧សុទ្ធតែមានចុះហត្ថលេខារបស់ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ទាំងអស់ ដោយចម្លែកប្លែកគេតែព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧មួយប៉ុណ្ណោះ ។
២-តាំងពីសម័យរាជកិច្ចនៃអតីតព្រះមហាក្សត្រមក (សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ) គឺទោះបីព្រះរាជក្រឹត្យត្រូវបានធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិនក្តី ធ្វើនៅព្រះរាជដំណាក់ឆាងស៊ូវុន ប្រទេសកូរ៉េខាងជើងក្តី ឬធ្វើនៅរាជធានីភ្នំពេញក្តី សុទ្ធតែមានការបញ្ជាក់អំពីទីកន្លែងនៃព្រះរាជក្រឹត្យដែលបានចេញទាំងអស់ ដោយចម្លែកប្លែកគេចំពោះព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មិនបានបញ្ជាក់អំពីទីកន្លែងនៃការចេញព្រះរាជក្រឹត្យឡើយ ។
៣-ព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មិនបានបោះពុម្ពចងក្រងនៅក្នុងសៀវភៅរាជកិច្ចទេ គិតត្រឹមសៀវភៅរាជកិច្ចចេញផ្សាយលេខ២៩ ឆ្នាំ២០១៧ ដែលបោះពុម្ពចងក្រងដល់ព្រះរាជក្រឹត្យលេខនស/រកត/០៤១៧/៣៣៧ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ខណៈព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ និងព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៨ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បានបោះពុម្ពចងក្រងនៅក្នុងសៀវភៅរាជកិច្ចរួចរាល់តាំងពីលេខ២៣ ឆ្នាំ២០១៧អស់ទៅហើយ ។
ចំណុចទី៤នៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១២ សរណន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីកាតព្វកិច្ចកសាងរាជកិច្ច បានចែងថា «ដើម្បីឲ្យបទដ្ឋានទាំងអស់មានតម្លៃគតិយុត្តដែលមានវិសាលភាពអនុវត្តទូទាំងប្រទេសនោះ គឺរាល់លិខិតបទដ្ឋានទាំងឡាយណាដែលត្រូវបានបោះពុម្ពចងក្រងជាសៀវភៅរាជកិច្ច ទើបចាត់ទុកជាលិខិតផ្លូវការរបស់រដ្ឋ ។» ។
ដូច្នេះ អនុលោមតាមចំណុចទី៤នៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១២សរណន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីកាតព្វកិច្ចកសាងរាជកិច្ចនោះ ការណ៍ដែលព្រះរាជក្រឹត្យលេខនស/រកត/០៣១៧/២៦៧ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន» ជូនឯកឧត្តម សុខ អាន មិនបានបោះពុម្ពចងក្រងជាសៀវភៅរាជកិច្ច ត្រូវចាត់ទុកជាលិខិតមិនផ្លូវការរបស់រដ្ឋទេ ពោលគឺជាគោរមងារ «សេះហោះ» ទាំងស្រុង ៕