កាលពីយប់មិញនេះ Real Madrid បានលុតម្ចាស់ផ្ទះ Celta vigo យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង១។លទ្ធផលដ៏ជាទីគាប់ចិត្តនេះ អាចបញ្ចាក់បានថា Real Madrid នៅសល់តែមួយជំហានទៀតទេ នឹងគ្រងតំណែងជើងឯក La Liga ប្រចាំរដូវកាល (២០១៦-២០១៧) នេះហើយ ។
ជំនួបយប់មិញនេះបើកឆាកទើបតែបាន១០នាទី Cristiano Ronaldo បានទាត់បំប៉ោងសំណាញទីរបស់ម្ចាស់ផ្ទះ Celta vigo បានសម្រេច ជាហេតុធ្វើឲ្យ Real Madrid នាំមុខ១គ្រាប់មុននៅដើមតង់ទី១ ។ លុះចូលដល់ដើមតង់ទី២ Ronaldo ដដែលរកបាន១គ្រាប់ទៀតឲ្យ Real Madrid នៅនាទី៤៨ ដែលជាបាល់ដាច់មួយស្មើជាមួយអ្នកចាំទីCelta ។
ចូលដល់នាទី៦២ កីឡាកររបស់ម្ចាស់ផ្ទះ Lago Aspas ត្រូវទទួលបានកាតក្រហមបណ្តេញចេញពីទីលានប្រកួត ធ្វើឲ្យ Celta Vigo សល់កីឡាករត្រឹមតែ១០នាក់ប៉ុណ្ណោះសម្រាប់តទល់នឹង Real Madrid ។ តែទោះជាយ៉ាងណាក៏ដោយនៅនាទី៦៩ កីឡាករ John Guidetti ជួយឲ្យ Celta Vigo វាយបកបាន១គ្រាប់វិញ ដោយស៊ុតបាល់មួយជើងពីចម្ងាយបំប៉ោងសំណាញ់ទី Real Madrid បានសម្រេច ។
លទ្ធផល ២ទល់នឹង១នេះ មិនទាន់បានបញ្ចប់នៅឡើយទេ ពោលគឺ Real Madrid បំប៉ោងសំណាញ់ទី Celta Vigo បាន២គ្រាប់ទៀត ដែលជាការស៊ុតបញ្ចូលទីដោយ Benzema នៅនាទី៧០ និងគ្រាប់ចុងក្រោយ ស៊ុតដោយ Tonni Kroos នៅចុងម៉ោងនាទី៨៨ ។ លទ្ធផល៤ទល់នឹង១នេះនៅបន្តរហូតដល់នាទី៩០+៣ ទើបអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង ។
ជ័យជម្នះដ៏សំខាន់នេះ ធ្វើឲ្យ Real Madrid គ្រងតំណែងកំពូលតារាង ជំនួស Barcelona វិញម្តង នៅសប្តាហទី៣៧ ដែលមាន៩០ពិន្ទុ ក្នុងដៃ ខណៈក្រុមចំណាត់ថ្នាក់ទី២ Barcelona មាន ៨៧ពិន្ទុ ។
គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌ La Liga មានតែ៣៨សប្តាហ៍ប៉ុណ្ណោះនឹងបញ្ចប់រដូវកាល(២០១៦-២០១៧)នេះ ខណៈក្រុមចំណាត់ថ្នាក់លេខ១ Real Madrid ប្រកួតបាន៣៧សប្តាហ៍មកហើយ ស្របពេល ក្រុមចំណាត់ថ្នាក់លេខ២ Barcelona ក៏បាន៣៧សប្តាហ៍ដូចគ្នា ។
ដូច្នេះមានន័យថា នៅសប្តាហ៍ក្រោយ Real Madrid យកតែ១ពិន្ទុ ពី Malaga ក៏អាចលើកពាន La Liga បានដែរ ព្រោះសប្តាហ៍ទី៣៧នេះ គេលើសក្រុមចំណាត់ថ្នាក់ទី២ ដល់ទៅ៣ពិន្ទុទៅហើយនោះ ។
ប៉ុន្តែ ប្រសិនបើ Real ចាញ់នៅសប្តាហ៍ទី៣៨ ហើយ Barcelona ឈ្នះ Eibar វិញនោះ មានន័យថា ពិន្ទុរបស់គេទាំង២គឺស្មើគ្នា នោះ Barcelona នឹងក្លាយជាជើងឯក La Liga ដោយធ្វើតាមរូបមន្ត Head-to-head ដែលជាច្បាប់របស់បាល់ទាត់ ៕
ប្រភព៖BBC