ប្រិយមិត្តអ្នកអានទាំងឡាយប្រហែលជាអាចនៅចងចាំបាននូវរឿងអាស្រូវគួរឲ្យហួសចិត្តមួយដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា មានកម្រិតវប្បធម៌ដល់ថ្នាក់បណ្ឌិតម្នាក់ផង និងក្នុងនាមជាគណៈប្រតិភូក្រសួងអប់រំ យុវជននិងកីឡាទៅចូលរួមសិក្ខាសាលានៅសាធារណរដ្ឋកូរ៉េ(ប្រទេសកូរ៉េខាងត្បូង) ទាំងមូលផង បែរជាធ្វើសកម្មភាពបំបាក់មុខមាត់ប្រទេសលើឆាកអន្តរជាតិតាមការប្រព្រឹត្តអំពើថោកទាបលូកដៃអោបចង្កេះ និងប៉ុនប៉ងថើប (បៀតបៀនរាងកាយ) នារីបកប្រែជនជាតិកូរ៉េ ហើយត្រូវសមត្ថកិច្ចប្រទេសកូរ៉េខាងត្បូងចាប់ឃាត់ខ្លួនដាក់មន្ទីរឃុំឃាំង និងកសាងសំណុំរឿងទៅស្ថាប័នតុលាការ និងទទួលរងការសងសំណងជំងឺចិត្តដល់នារីរងគ្រោះ ព្រមទាំងសេវាផ្លូវច្បាប់ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ ។
មន្ត្រីជាន់ខ្ពស់ដែលបង្ករឿងអាស្រូវ «ឃើញស្រីទ្រាំមិនបាន» នោះ គឺលោកបណ្ឌិត គ្រី ស៊ាងឡុង អតីតជាប្រធាននាយកដ្ឋានតម្រង់ទិញវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ។ បណ្ឌិតរូបនេះ ត្រូវបានរដ្ឋអាជ្ញាតុលាការកូរ៉េខាងត្បូងដោះលែងឲ្យមានសេរីភាពវិញ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានបង់ប្រាក់ពិន័យ និងសងសំណងជំងឺចិត្តដល់នារីរងគ្រោះរួចមក ហើយក៏បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញពាំនាំទាំងក្តីអាម៉ាស់សម្រាប់បុគ្គលខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់ប្រទេសជាតិ នារាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមជើងហោះហើរលេខ KE689 ។
ក្រៅពីទទួលរងនូវភាពអាម៉ាស់គ្រប់យ៉ាងនោះ លោកបណ្ឌិត គ្រី ស៊ាងឡុង ក៏ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់ទណ្ឌកម្មខាងវិន័យផ្នែករដ្ឋបាល និងត្រូវបានរាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ដោយអនុក្រឹត្យលេខ៧៧២អនក្រ.តត ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបានកាន់តំណែងត្រឹមប្រមាណ១ឆ្នាំប៉ុណ្ណោះ (លោក គ្រី ស៊ាងឡុង ធ្លាប់ទទួលបានការតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៥៦៩អនក្រ.តត ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥) ។
ដោយសារលោកបណ្ឌិត គ្រី ស៊ាងឡុង នៅមានភ័ព្វសំណាងមិនត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងគ្រាន់ត្រឹមតែដកហូតមុខតំណែងនោះ ទើបលោកបណ្ឌិតរូបនេះ ដែលឋិតក្នុងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ២ នៅក្រសួងអប់រំ យុវជន និងកីឡា ទទួលបានការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ២ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ១ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៣៤៣អនក្រ.តត ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។
ថ្វីដ្បិត អនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលសម្រេចដំឡើងឋានន្តរស័ក្តិ និងថ្នាក់ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ២ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ១ ជូនលោក គ្រី ស៊ាងឡុង ទើបនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ប៉ុន្តែការដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះ ត្រូវបានដាក់ថា ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ពោលគឺមុនពេលលោកបណ្ឌិត គ្រី ស៊ាងឡុង ជួបប្រទះរឿងអាស្រូវស្រីញីមកម្ល៉េះ (Sic!) ។
ពាក់ព័ន្ធនឹងរឿងអាស្រូវ «ឃើញស្រីទ្រាំមិនបាន» របស់លោកបណ្ឌិត គ្រី ស៊ាងឡុង នោះ បានធ្វើឲ្យអ្នកលេងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដ៏សកម្មម្នាក់ឈ្មោះ «Chham Chhany» ទទួលរងនូវប្រតិកម្មខ្លាំងៗរហូតទាមទារឲ្យមានវិធានការផ្លូវច្បាប់ពីសំណាក់ខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយសារ Account Facebook ឈ្មោះ «Chham Chhany» បាន Post នូវអត្ថបទមួយចង់សំដៅថា លោក គ្រី ស៊ាងឡុង ជាប្រុសកំណាន់របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ៕