Manchester City បាន៣ពិន្ទុពី West Brom ក្រោយឈ្នះ៣ទល់នឹង១ កាលពីយប់មិញនៅទឹកដី Etihad របស់ខ្លួន ។
៣គ្រាប់របស់ម្ចាស់ផ្ទះ Man City យប់មិញនេះរកបានដោយកីឡាករ៣នាក់ ដែលក្នុងនោះ គ្រាប់ទី១រកបានដោយ Gabriel Jesus នៅនាទី២៧ និងបាន២នាទីបន្ទាប់ De Bruyne រកបាន១គ្រាប់ទៀតជួយឲ្យ Man City នាំមុខ West Brom ២ទល់នឹង០ នៅតង់ទី១ ប៉ុន្តែ២គ្រាប់នេះមិនទាន់គ្រប់គ្រាន់សម្រាប់ Man City នៅឡើយទេ ពោលគឺចូលដល់តង់ទី២ នាទី៥៧ Yaya Toure រកបាន១គ្រាប់ទៀតឲ្យ Man City លុះដល់ចុងម៉ោង Hal Robson-kanu របស់ West Brom វាយបកបាន១គ្រាប់វិញនៅនាទី៨៧ ។
ចូលដល់នាទី៩០+៤ អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដូច្នេះលទ្ធផលកាត់សេចក្តី Man City ឈ្នះ ៣ទល់នឹង១ ។
៣គ្រាប់ផ្តួល West Brom យប់មិញនេះនាំឲ្យ Man City វិលទៅកាន់ចំណាត់ថ្នាក់លេខ៣ជំនួស Liverpool វិញម្តងក្នុងក្របខ័ណ្ឌ Premier League ។ ដូច្នេះ ក្នុងការប្រកួតចុងក្រោយប្រចាំរដូវកាល (២០១៦-២០១៧)នេះ Man City ត្រូវការត្រឹម១ពិន្ទុ ពីWatford ដើម្បីយកកៅអីឆ្លងចូលពូល UEFA Champions League និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ពីលើ Liverpool និង Arsenal ។
ចំណែកឯ១គូទៀតរវាង Arsenal និង Sunderland ក្នុងនោះ Arsenal បានយកឈ្នះ Sunderlan ២ទល់នឹង០ នៅទឹកដី Emirates Stadium ។ ២គ្រាប់របស់ Arsenal សុទ្ធតែជាការស៊ុតបញ្ចូលទីរបស់កីឡាករឆ្នើម Alexis Sanchez នៅនាទី៧២ និង ៨១ ។
នៅមួយប្រកួតចុងក្រោយ ថ្ងៃអាទិត្យនេះរវាង Man City , Arsenal និង Liverpool សុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីបានកៅអី Champions League ប៉ុន្តែ Arsenal ហាក់ចាញ់ប្រៀបគេ ពោលគឺបើ Man City និង Liverpool បាន៣ពិន្ទុ ពីដៃគូប្រកួតដូចគ្នាមែន នោះ Arsenal និងគ្មានឱកាសបានកៅអី Champions League ទេ ទោះបីជាឈ្នះក្នុងសប្តាហ៍នេះទៀតក៏ដោយ ៕
ប្រភព ៖ Dailymail