ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

​បាញ់សម្លាប់​ទៀតហើយ ! មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ពេល​កំពុង​បើកបរ​រថយន្ត 

​បុរស​ម្នាក់​ពេល​កំពុង​បើកបរ​រថយន្ត​ចេញពី​ហូប​ការ​នៅ​កោះ​ពេជ្រ​ឆ្ពោះទៅ​លំនៅដ្ឋាន​វិញ​មកដល់​ត្រង់ចំណុច​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ខ្មាន់កាំភ្លើង​ចំនួន​២​នាក់​ជិះ​ទោចក្រយានយន្ត​មួយគ្រឿង​តាម​បាញ់សម្លាប់​ទម្លុះ​កញ្ចក់​រថយន្ត​ចំនួន​៣​គ្រាប់​យ៉ាង​សាហាវព្រៃផ្សៃ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត​កាលពី​រាត្រី​ម៉ោង​២១​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ឃាត​កម្មនេះ មានឈ្មោះ សឿង ផានិត អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​កាន់​មុខតំណែង​ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម​នៃ​អាជ្ញាធរ​បឹង​ទន្លេសាប ដែលមាន​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​ប្រធាន ។ 

​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុង​បើកបរ​រថយន្ត​តាម​ផ្លូវលំ​សំដៅទៅ​ផ្ទះ​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ពេលធ្វើ​ដំណើរ​មកដល់​ផ្លូវកែង​បត់​ចូល​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Smash មិន​ចាំ​ស្លាក​លេខ​មក​ឈប់​ក្បែរ​រថយន្ត រួច​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​បាញ់​ទម្លុះ​កញ្ចក់​សំដៅ​ទៅលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ នៅក្នុង​រថយន្ត ។ ក្រោយពី​ធ្វើ​សកម្មភាព​ដ៏​ព្រៃផ្សៃ​នេះ​រួច ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់ស្រមោល ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន​ជាបឋម​ថា អំពើ​ឃាត​កម្មនេះ មិនមែនជា​ករណី​ប្លន់​ទេ គឺ​អាចជា​ករណី​គំនុំ​ច្រើនជាង ប៉ុន្តែ​មិនទាន់​បានដឹងថា ផ្តើមចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​អង្កេត​តាមដាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ស្វែងរក​ជនដៃដល់​យ៉ាងសកម្ម​ហើយ ដើម្បី​ឈានទៅ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​តាម​ការកត់សម្គាល់​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា អាវុធ​បាន​ធ្លាក់​ទៅដល់​ក្នុង​ដៃ​មនុស្ស​ជាច្រើន​នាក់​ប្រើប្រាស់​មាន​ទាំង​ស្របច្បាប់ មាន​ទាំង​ខុសច្បាប់ ខណៈ​ការបាញ់សម្លាប់​មនុស្ស គឺ​ប្រៀបប្រដូច​បាន​ទៅនឹង​ការបាញ់​សត្វ​ចាប​អ៊ីចឹង ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.