ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

​ផល​ដ៏​សែន​អាក្រក់​នៃ​គ្រឿងញៀន ! កូនប្រុស​តារា​កំប្លែង​នាយ ហុងដា ដែលជា​ឃាតក​សម្លាប់​ម្តាយចុង គឺ​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​៣​ឆ្នាំ​មកហើយ​

​យុវជន​ឈ្មោះ ខា សុ​ខេន ហៅ​និ​ត អាយុ​១៨​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់​តារា​កំប្លែង​នាយ ហុងដា ជាមួយ​នាង រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប អតីត​ជា​ប្រពន្ធដើម ដែល​រួម​ដៃ​ជាមួយ​សង្សារ​របស់ខ្លួន​ឈ្មោះ នេ​ត រស្មី​កន្និកា អាយុ​១៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ហាង រស្មី​បឹងកក់ ដែល​ជាប់​សង្ស័យ​ជា​ឃាតក​សម្លាប់​ស្ត្រី​ឈ្មោះ ស៊ឹម ច​ន្ធី អាយុ​១៩​ឆ្នាំ ជា​ប្រពន្ធក្រោយ​របស់​នាយ ហុងដា និង​ត្រូវជា​ម្តាយចុង​របស់ខ្លួន​កាលពី​រាត្រី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ និង​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ព្រឹក​នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៧​ត្រង់ចំណុច​ខុន​ដូ​មួយកន្លែង​ឋិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ 

​នៅ​ចំពោះមុខ​សមត្ថកិច្ច យុវជន​ដៃដល់​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​តែម្នាក់ឯង​ក្នុងការ​សម្លាប់​ម្តាយចុង​ឈ្មោះ ស៊ឹម ច​ន្ធី ប្រាកដ​មែន ។ ក្រោយ​ពេលធ្វើ​សកម្មភាព​សម្លាប់​រួចរាល់ សង្សា​របស់ខ្លួន​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ​ឃើញ​ហេតុការណ៍​នេះ ក៏បាន​ជួយ​យក​ភួយ​មក​រុំ​សាកសព​អូស​យកទៅ​ទុក​នៅក្នុង​បន្ទប់ទឹក និង​ដោះយក​កងដៃ​ចំនួន​២១​កង ចិញ្ចៀន​ចំនួន​១​វង់ ទូរស័ព្ទដៃ​ម៉ាក Nokia ចំនួន​១​គ្រឿង ព្រមទាំង​ទោចក្រយានយន្ត​ចំនួន​១​គ្រឿង ចាក​ចេញពី​ទីតាំង​ខុន​ដូ​ជា​កន្លែងកើតហេតុ​តែម្តង ។ 

​យុវជន​ដៃដល់ ខា សុ​ខេន បាន​សារភាព​រៀបរាប់​ទៀតថា ខ្លួន​បានមក​រស់នៅ​ខុន​ដូ​ជាមួយ​ឪពុក និង​ម្តាយចុង ប្រហែល​០៤-០៥ ខែ​មកហើយ ពីព្រោះ​ម្តាយបង្កើត​របស់ខ្លួន​ត្រូវជា​ប្រពន្ធ​មុន​របស់​ឪពុក​មាន​ប្តី​ថ្មី​ហើយ ។ ពេល​មក​រស់នៅ​ជាមួយ​ឪពុក និង​ម្តាយចុង ខ្លួន​បាន​នាំ​សង្សារ​ឈ្មោះ នេ​ត រស្មី​កន្និកា​មក​នៅ​ជាមួយ​ដែរ ហើយ​ខ្លួន​មាន​គម្រោង​សម្លាប់​ម្តាយចុង​នេះ​តាំងពី​ថ្ងៃមុន​មកម្ល៉េះ ដោយ​ខ្លួន​មាន​គំនុំ​ខឹង​នឹង​ម្តាយចុង​តែង​ជេរ​ស្តីបន្ទោស​ខ្លួន​ញឹកញាប់​ផង និង​ចង់​ប្លន់​យក​គ្រឿងអលង្ការ​ផង ព្រោះ​ខ្លួន​ធ្លាប់​ឮ​ម្តាយចុង​និយាយថា អលង្ការ​របស់​ម្តាយចុង​ពាក់​ជាប់​នឹង​ខ្លួន​មានតម្លៃ​ជាង​១​ពាន់​ដុល្លារ​អាមេរិក​ផង ។ 

​កូនប្រុស​ចិត្ត​អប្រិយ​របស់​នាយ ហុងដា បាន​សារភាព​ឲ្យ​ដឹង​ដែរ​ថា ក្រោយពេល​សម្លាប់​ម្តាយចុង​រួចហើយ ខ្លួន និង​សង្សារ​បាន​ទៅ​សម្រាក​នៅផ្ទះ​ម្តាយ​សង្សារ​រយៈពេល​១​យប់ នៅ​ខណ្ឌឫស្សីកែវ និង​លុះ​ព្រឹក​ឡើង​ទើប​នាំ​សង្សារ​មក​ដេក​ស្នាក់នៅ​ជក់​ថ្នាំញៀន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ (​ខាងក្រោយ​វិហារ​ចាម​) ខណៈ​គ្រឿងអលង្ការ​ដែល​ខ្លួន​ប្លន់​បាន​ពី​ម្តាយចុង​នោះ គឺ​យកទៅដាក់​បញ្ចាំ​បាន​៤​ម៉ឺន​រៀល ព្រោះ​អ្នក​បញ្ចាំ​ប្រាប់ថា ជា​របស់​កាឡៃ និង​ម៉ូតូ​បញ្ចាំ​បាន​១០០​ដុល្លារ​អាមេរិក រួច​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​អស់​ទៅ ។ 

​យុវជន​ដៃ​ឆើត ខា សុ​ខេន ហៅ​និ​ត បាន​សារភាព​ក្នុងន័យ​បញ្ជាក់បន្ថែម​ឲ្យ​ដឹង​ទៀតថា ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​អំឡុង​ឆ្នាំ​២០១៤​មក ពោលគឺ​តាំងពី​ខ្លួន​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ភោជនីយដ្ឋាន ហង្ស​នាគ ព្រែកលៀប  ដែល​ដំបូង​ឡើយ ប្រើប្រាស់​តាមរយៈ​ក្រុមក្មេងស្ទាវ​ម្តុំ​វត្ត​កៀន​ឃ្លាំង ដោយ​ក្រុមក្មេងស្ទាវ​ទាំងនោះ​ប្រាប់ថា ជក់​ថ្នាំញៀន​ហើយ​ធ្វើ​ឲ្យ​មាន​កម្លាំង មិនសូវ​ឃ្លានបាយ ក្លាហាន និង​ធ្វើ​ឲ្យ​សប្បាយ ។ នៅ​ថ្ងៃ​ដែល​ខ្លួន​សម្លាប់​ម្តាយចុង​នោះ ខ្លួន​កំពុង​ស្រវឹង​គ្រឿងញៀន​នៅឡើយ ព្រោះ​ខ្លួន​ទើប​មកពី​ជក់​ថ្នាំញៀន​ជាមួយ​ឈ្មោះ ង៉ែត ចំនួន​០២​ថ្ងៃ​ជាប់ៗ​គ្នា​រួចមកហើយ ។ 

​នេះ គឺជា​លទ្ធផល​ដ៏​សែន​អាក្រក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​ទ្រង់ទ្រាយ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.